ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា ដោយយោងទៅលើលិខិតរបស់ក្រសួងបរិស្ថាន បានសម្រេចអនុវត្តស្តង់ដារប្រេងឥន្ធនៈប្រភេទ៥ (EURO 5) ដើម្បីជួយដល់ការ​លើកកម្ពស់គុណភាពខ្យល់ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចុះថ្ងៃទី៣១ ខែមករាកន្លងមក ដែលទើបនឹងផ្សព្វផ្សាយជាសា​ធារណបានឱ្យដឹងថា រាជរដ្ឋាភិបាលបានឯកភាព អនុវត្តស្តង់ដារប្រភេទ៥ ឬប្រេងឥន្ធនៈដែលមាន កម្រិតសារធាតុស្ពាន់ធ័រតូចជាង១០ភាគលាន (<10ppm) នៅឆ្នាំ២០២៥នេះ។

ចំពោះប្រេង ម៉ាស៊ូតនឹងអនុវត្តស្តង់ដារ EURO 5 ចាប់ពីថ្ងៃទី ខែមករា ឆ្នាំ២០២៥តទៅ ហើយប្រេងសាំង រាជរដ្ឋាភិបាល បានកំណត់រយៈពេលអន្តរកាល ៦ខែ ក្នុងការបញ្រ្ជាបប្រេងសាំងស្តង់ដារ EURO 5 ក្នុងទីផ្សារកម្ពុជា និងឈាន ទៅជំនួសប្រេងសាំងស្តង់ដារប្រភេទ EURO 4ទាំងស្រុងចាប់ពីដើមឆមាសទី២ នៃឆ្នាំ២០២៥។

ក្រសួងបរិស្ថានបានលើកឡើងនាថ្ងៃពុធ ទី ១៩ ខែកុម្ភៈនេះថា៖«ការប្រើប្រាស់ប្រេងឥន្ធនៈមានស្តង់ដារប្រភេទ៥ (EURO 5) នឹងជួយដល់ការលើកកម្ពស់គុណភាព ខ្យល់ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ក៏ដូចជាបរិស្ថាន»។

ក្រសួងបានពន្យល់ថា ការប្រើប្រាស់ប្រេងឥន្ធនៈមានស្តង់ដារប្រភេទ៥ ជួយធ្វើឱ្យគុណភាពខ្យល់ប្រសើរឡើង។ ក្នុងនោះ វាជួយកាត់បន្ថយការបញ្ចេញសារធាតុបំពុលគ្រោះថ្នាក់ ដោយសារប្រេងឥន្ធនៈស្តង់ដារ EURO 5 មានផ្ទុកស្ពាន់ធ័រ និងសារធាតុបំពុលផ្សេងៗក្នុងកម្រិតទាប ធ្វើឱ្យមានការបញ្ចេញសារធាតុបំពុល  ដូចជា ឧស្ម័នស្ពាន់ធ័រឌីអុកស៊ីត (SO2) ភាគល្អិតនិចល (PM) ឧស្ម័នអាសូតអុកស៊ីត (NOx) និងឧស្ម័នកាបូនម៉ូណូអុកស៊ីត តិចតួចនៅពេលមានចំហេះនៅក្នុងម៉ាស៊ីនយានយន្ត។ នេះរួមចំណែកដល់ការធ្វើឱ្យគុណភាពខ្យល់ ប្រសើរឡើង។

ក្រៅពីនោះ វាជួយកាត់បន្ថយការករកើតផ្សែងអ័ព្ទ និងភ្លៀងអាស៊ីត តាមរយៈការកាត់បន្ថយការបញ្ចញសារធាតុបំពុលខ្យល់សំខាន់ៗ ដែលអាចមានប្រតិកម្មជាមួយពន្លឺព្រះអាទិត្យបង្កើតជាផ្សែងអ័ព្ទ។

លើសពីនេះ ការកាត់បន្ថយការបញ្ចេញឧស្ម័នស្ពាន់ធ័រឌីអុកស៊ីត និងឧស្ម័នអាសូតអុកស៊ីត នឹងជួយកាត់បន្ថយភ្លៀងអាស៊ីត ដែលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងហេដ្ឋារចនាសម្ព័ន្ធ។

ក្រសួងបានបន្តថា ការប្រើប្រាស់ប្រេងឥន្ធនៈមានស្តង់ដារប្រភេទ៥ ក៏ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុផងដែរ។ វាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយការប្រើប្រាស់ប្រេងឥន្ធនៈ ដែលមានគុណភាពកាត់តែខ្ពស់នឹងជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដូចជា ឧស្ម័នកាបូនឌីអុកស៊ីត និងកាបូនខ្មៅ (Black Carbon)។

លើសពីនេះ តាមរយៈប្រសិទ្ធភាពចំហេះរបស់ប្រេងឥន្ធនៈដែល មានស្តង់ដារខ្ពស់ ក៏នឹងជួយសន្សំសំចៃបរិមាណប្រេងដែលត្រូវប្រើប្រាស់ ធៀបនឹងប្រេងឥន្ធនៈ ដែលមានស្តង់ដារទាប។

ទោះបីយ៉ាងណាក៏ដោយ ការប្រើប្រាស់ប្រេងឥន្ធនៈមានស្តង់ដារ EURO 5  នឹងមិនគ្រប់គ្រាន់ក្នុងការកែលម្អគុណភាពខ្យល់ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុពីវិស័យដឹកជញ្ជូនបាននៅឡើយ។

ដូចនេះ ការប្រើប្រាស់ប្រេងឥន្ធនៈ EURO5 ជាមួយនឹងយានយន្តដែល មានស្តង់ដារបញ្ចេញឧស្ម័នក្នុងកម្រិតប្រហាក់ប្រហែល នឹងជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុល ដែលនឹងជួយលើកកម្ពស់គុណភាពខ្យល់ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុកាន់តែមានប្រសិទ្ធភាព។

ការសម្រេចអនុវត្តការប្រើប្រាស់ ការប្រើប្រាស់ប្រេងឥន្ធនៈមានស្តង់ដារប្រភេទ៥នេះ ធ្វើឡើងស្របពេលដែលកម្ពុជា កំពុងតែជួបប្រទះនូវបញ្ហាប្រែប្រួលគុណភាខ្យល់មួយចំនួននៅក្នុងរដូវប្រាំងនេះ។

ជាពិសេសគឺនៅក្នុងខេត្តពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តកោះកុងជាដើម។ ខេត្តទាំងនោះមានការប្រែប្រួលគុណភាពខ្យល់ខ្លាំង ដែលថ្ងៃខ្លះមានសន្ទស្សន៍គុណភាពខ្យល់ ធ្លាក់ដល់កម្រិតពណ៌ក្រហម ឬទឹកក្រូចផងដែរ។

សម្រាប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៣០.៩៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងបរិស្ថាន។

ទោះយ៉ាងណា ខេត្តព្រះវិហារ  ពោធិ៍សាត់ និងខេត្តសៀមរាប មានពណ៌លឿង ដែលមានការបំពុល«កម្រិតស្រាល»៕