ឧត្ដរមានជ័យ៖ អភិបាលខេត្ដ​ឧត្ដរមានជ័យ លោក មាន ចាន់យ៉ាដា បាន​ឱ្យដឹងនៅថ្ងៃទី​១៨ ខែ​កុម្ភៈ​ថា ស្ថានភាព​នៅ​ប្រាសាទ​តាមាន់​មាន​សភាព​ធម្មតា​ និង​បាន​លើក​ទឹកចិត្ដ​ឱ្យ​ប្រជាពលរដ្ឋ​បន្ដ​ទៅ​ទស្សនា​ប្រាសាទ​ដូនតា​ខ្មែរ​។ 

បាន​ឱ្យដឹងថា៖ «នៅតំបន់ប្រាសាទតាមាន់មានសភាពការណ៍ប្រក្រតីជាធម្មតា។ សូមអញ្ជើញបងប្អូនមកទស្សនាជាក់ស្តែងប្រាសាទបុរាណកេរ្តិ៍តំណែលដូនតាយើង»។

លោក ចាន់យ៉ាដា បាន​និយាយ​នៅក្នុង​វីដេអូ​ឃ្លីប​ជាង​មួយ​នាទី​ថា លោក​​​​បាន​ដឹក​នាំ​ប្រតិភូ​ក្រុម​ការងារ​រដ្ឋបាល​ខេត្ដ​ឡើងមក​លើ​តួ​ប្រាសាទ​តាមាន់​របស់​កម្ពុជា​​ និង​បាន​បញ្ជាក់ថា នៅ​​វេលា​​ម៉ោង ៣:១០​រសៀល ស្ថានភាព​នៅលើ​ប្រសាទ​តាមាន់​មានភាព​ប្រក្រតី។

​ប្រាសាទ​តា​មាន់ធំ មាន​ទីតាំង​ស្ដិ​ត​នៅលើ​ភ្នំ​ដងរែក ភូមិ​តា​មាន់​ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលមាន​ចង្ងាយ​៤៨​គីឡូម៉ែត្រ​ពី​ទី​រួម​ក្រុង​សំរោង​។

លោក​អភិបាល​ខេត្ដ​បាន​ថ្លែង​ទៅកាន់​នាយ​ទាហាន​ថៃ​ថា៖ «​យើងមាន​អី យើង​ជជែក​គ្នា​ដើម្បី​សេចក្ដី​សុខ​ប្រទេស​យើង​ទាំងពីរ​។ គ្មាន​នរណា​មក​រំលោភ​បំពាន​លើ​ទឹកដី​នៃ​ប្រទេស​អ្នក​ណា​ទេ។ អ្វីៗ​ទុក​ឱ្យ​គណកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ធ្វើ​ការ​»។

ហេតុការណ៍​ក្ដៅស្លឹកត្រចៀក​ដាក់គ្នា​នេះ គឺភាគី​ទាហាន​ថៃ​ធ្វើការ​ហាម​ការ​ច្រៀង​ចម្រៀង​គោរព​ទង់​ជាតិ​របស់​ប្រជាពលរដ្ឋ​ខ្មែឬ​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ​នៅលើ​ប្រាង្គ​ប្រាសាទ​តាមាន់​។

យោង​តាម The Nation របស់​ថៃ បាន​ផ្សាយ​ថា កងយោធពល​ខេមរភូមិន្ទ​ទី​២ ​របស់​ថៃ នៅថ្ងៃ​អង្គារ​បាន​ផ្ញើ​លិខិត​តវ៉ា​មួយ​ច្បាប់​មក​កាន់​យោធភូមិភាគទី៤របស់កម្ពុជា ចំពោះ​អត្ដចរឹតមិន​សមរម្យ​របស់​នាយទាហាន​ និង​ប្រជាជន​កម្ពុជា​ នៅ​ប្រាសាទ​តាមាន់​ធំ ដោយ​បាន​អះអាងថា វាជា​ប្រាសាទ​បុរាណ​ខ្មែរ​ស្ថិត​ក្នុង​ទឹក​ដី​នៃ​ខេត្ដ​សុរិន​របស់​ថៃ។

លោកអភិបាលខេត្ដ​ជជែកជាមួយ​ទាហានថៃនៅប្រាសាទតាមាន់ថ្ងៃទី១៨ ខែកុម្ភៈ។ រូបថត សហការី​

សារព័ត៌មាន​ថៃ​ដដែលបាន​បន្ដថា កងយោធពល​ខេមរភូមិន្ទ​ទី​២ បានទទូច​​ឱ្យ​អាជ្ញាធរ​កម្ពុជា ណែនាំ​ភ្ញៀវ​ទេសចរ​​ដែល​មក​ប្រាសាទតាមាន់ធំ គោរព​ច្បាប់ និង​ជៀសវាង​នូវ​ទង្វើ​មិន​សមរម្យ​ណាមួយ ក្នុង​គោលបំណង​រក្សា​ទំនាក់​ទំនងជា​វិជ្ជមាន​រវាង​ប្រទេស​ថៃ និង​កម្ពុជា​។​

យោងតាម​ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បាន​ឱ្យដឹងថា ថ្ងៃទី​១៨ ខែ កុម្ភៈ ឆ្នាំ២០២៥ កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​៧០២-៩០៥ សហការ​ជាមួយ​កម្លាំងយោធា​ល្បាត​ត្រួតពិនិត្យ​បង្គោល​សីមា តាម​បណ្តោយ​ព្រំដែន កម្ពុជា​-​ថៃ ដើម្បី​ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់​ឬ​បទល្មើស​ផ្សេងៗ ជាពិសេស តាមដាន​ក្ដាប់​ការប្រែប្រួល​សភាពការណ៍​តាម​ព្រំដែន៕​