លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា​ ការ​ដាក់​រូប​វិមាន​ឈ្នះ ឈ្នះ នៅ​ក្រប​សៀវភៅ​ជំនួយ​ប្រវត្តិសាស្ត្រ​ថ្នាក់​ទី៦ មិន​មែន​មាន​ន័យ​ថា​ឲ្យ​កម្ពុជា​ដឹង​គុណ​ប្រទេស​ជិត​ខាង​នោះ​ទេ ហើយ​ក៏​មិន​មាន​ការ​កែប្រែ​ប្រវត្តិសាស្ត្រ​នោះ​ដែរ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​អាស៊ី​ អឺរ៉ុប នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ​នេះ លោក​បញ្ជាក់​ថា ខ្លឹមសារ​នៅ​ក្នុង​សៀវភៅ​នេះ​មិន​មាន​ការ​កែប្រែ​ប្រវត្តិសាស្ត្រ ហើយ​រូប​វិមាន​ឈ្នះ ឈ្នះ ដែល​មាន​ទ្រង់ទ្រាយ​ប្រហាក់​ប្រហែល​នឹង​វិមាន​នៅ​ប្រទេស​ផ្សេងៗ​រួម​ទាំង​នៅ​វៀតណាម ក៏​មិន​មែន​ដើម្បី​បង្ហាញ​ពី​ការ​ដឹង​គុណ​វៀតណាម​នោះ​ទេ។

កាល​ពី​ពេល​ថ្មីៗ​នេះ សាធារណជន​ជា​ច្រើន​បាន​បញ្ចេញ​មតិ​យោបល់​មិន​យល់​ស្រប​ទៅ​នឹង​ការ​ដាក់​រូប​វិមាន​ឈ្នះ ឈ្នះ ជំនួស​ឲ្យ​សម្បត្តិ​វប្បធម៌​ខ្មែរ​ផ្សេងៗ នៅ​លើ​ក្រប​មុខ​សៀវភៅ​ប្រវត្តិសាស្ត្រ​ថ្នាក់​ទី៦ ដែល​មាន​ចំណង​ជើង​ថា «ខ្មែរ និង ដំណើរ​ឆ្ពោះ​ទៅ​កាន់​វិបុលភាព»។

លោក​ថា អ្នក​ដែល​បញ្ចេញ​មតិ​យោបល់​នៅ​លើ​បណ្ដាញ​សង្គម ភាគ​ច្រើន​មិន​បាន​កាន់​ អាន​សៀវភៅ​នេះ​ទេ ហើយ​បញ្ហា​ពីរ​ដែល​ត្រូវ​បាន​ចោទ​ឡើង​នៅ​ក្នុង​​គឺ​ការ​សង្ស័យ​ទៅ​លើ​​ខ្លឹមសារ​ និង​រូប​វិមាន​ឈ្នះ ឈ្នះ​នៅ​លើ​ក្រប​នេះ។​

លោក​ថ្លែង​ដូច្នេះ​ថា៖ «ឲ្យ​តែ​មាន​រូប​វិមាន​ឈ្នះ ឈ្នះ នាំ​គ្នា​គិត​ថា អាហ្នឹង​ជា​ស្តូប​វៀតណាម។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​គិត​ថា ឃើញ​ទេ​យក​សៀវភៅ​នេះ​ទៅ​ដឹង​គុណ​វៀតណាម ព្រោះ​សូម្បី​តែ​គម្រប​សៀវភៅ​ក៏​ដាក់​ស្តូប​វៀតណាម​ផង​ដែរ»។

លោក​ថា ការ​យល់​ច្រឡំ​លើ​រឿង​នេះ អាច​ធ្វើ​ឲ្យ​ខ្មែរ​ឈ្លោះ​គ្នា​រឿង​ប្រវត្តិសាស្ត្រ​ ខណៈ​ដែល​ប្រទេស​ជិត​ខាង​គេ​មិន​បាន​ដឹង​អ្វី​ផង។ លោក​ស្នើ​ឲ្យ​ក្រសួង​អប់រំ​បង្ហោះ​សៀវភៅ​នេះ​តាម​ឌីជីថល។

លោក​ថា៖ «បើ​មាន​ជា​ឌីជីថល បង្ហោះ​ជា​ឌីជីថល​ទៅ ឲ្យ​គាត់​មើល​តែ​ម្ដង ថា​តើ​ដូច​គេ​និយាយ​អត់ ដើម្បី​ឲ្យ​គាត់​មើល​ខ្លឹម​សារ តើ​ខ្លឹមសារ​មាន​ជំពាក់​ជំពិន​អី​ជាមួយ​នឹង​ការ​តម្រូវ​ឲ្យ​កម្ពុជា​ដឹង​គុណ​អ្នក​ណា»។

លោក​រៀបរាប់​ថា សៀវភៅ​នេះ​និយាយ​អំពី​ការ​រំដោះ​ប្រទេស​ពី​អាណានិគម​និយម​បារាំង របប​ប្រល័យ​ពូជសាសន៍ និង​ការ​កសាង​ប្រទេស​ក្រោយ​សង្គ្រាម។

លោក​ថ្លែង​ថា៖ «អ្នក​ដែល​ចោទ​ថា​យើង​សរសេរ​សៀវភៅ​នេះ​ដើម្បី​ដឹង​គុណ​វៀតណាម គឺ​អត់​មាន​ទេ។ ក្នុង​សៀវភៅ​នេះ​មិន​មាន​និយាយ​ច្រើន​ពី​វៀតណាម ក្រៅ​ពី​ទំព័រ​ ៤១ មួយ​បន្ទាត់ ទំព័រ ៤២។ តែ​មួយ​បន្ទាត់​ទេ ដែល​និយាយ​អំពី​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា សហការ​ជាមួយ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម ដើម្បី​វាយ​រំលំ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត ជាមួយ​នឹង​ការ​ស្ដារ​ឡើង​វិញ​ក្រោយ​ពី​ពេល​នោះ ដែល​ជា​តថភាព​ជាក់​ស្ដែង ហើយ​ក្រៅ​ពី​នោះ​និយាយ​ពី​ខ្មែរ​ទាំង​អស់ រួម​មាន​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​ជំនាន់​សម្ដេច​តា ក្រោយ​មក​ខ្មែរ​រួម​គ្នា​រក​សន្តិភាព បូក​ជាមួយ​ទិដ្ឋភាព​ឈឺចាប់​មួយ​ចំនួន​ដែល​យើង​ឆ្លង​កាត់​ដើម្បី​កុំ​ឲ្យ​ឈឺចាប់​ឡើង​វិញ។ ដូច្នេះ​ និយាយ​ពី​ខ្មែរ​ទាំង​អស់»។

លោក ហ៊ុន ម៉ាណែត ប្រាប់​ឲ្យ​ក្រសួង​អប់រំ​បង្ហោះ​សៀវភៅ​នេះ​នៅ​លើ​អនឡាញ ឲ្យ​បាន​ឆាប់​ដើម្បី​ឲ្យ​សាធារណជន​បាន​អាន​និង​ដឹង​ពី​ខ្លឹមសារ​នៅ​ខាង​ក្នុង៕