
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកសប្ដាហ៍គាំពារសង្គម២០២៥ នៅថ្ងៃទី២០ ខែកុម្ភៈ។ STPM
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងពីចំណុចវិជ្ជមាននៃប្រព័ន្ធគាំពារសង្គមដែលបានចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្វះខាតឲ្យមានជីវភាពឬធូរធារជាងមុន។ លោកថា ការកាត់បន្ថយភាពក្រីក្រពីអត្រាមួយខ្ពស់មកទាប ធ្វើឲ្យអ្នកធ្លាប់ក្រពីមុនមួយចំនួនបានក្លាយជាអ្នកមានជីវភាពមធ្យម។
លោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងកម្មវិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងការប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការក្របខណ្ឌគោលនយោបាយគាំពារសង្គមឆ្នាំ២០២៤-២០៣៥ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ។ លោកថា ការដំណើរការប្រព័ន្ធគាំពារសង្គម មិនមែនដើម្បីឲ្យពលរដ្ឋនៅក្រីក្ររហូត ហើយពឹងផ្អែកទៅលើរដ្ឋាភិបាលនោះដូចមានការចោទប្រកាន់នោះទេ គឺជួយពលរដ្ឋនៅពេលលំបាក ដើម្បីឲ្យពួកគាត់រឹងដៃរឹងជើង។
លោកបន្តថា ក្រៅពីការទទួលបានការព្យាបាលដោយមិនអស់ប្រាក់ អ្នកទទួលផលពីប្រព័ន្ធគាំពារសង្គមនេះក៏ទទួលបានការបណ្ដុះបណ្ដាលផងដែរ ដើម្បីឲ្យសមាជិកគ្រួសាររបស់ពួកគាត់មានការងារធ្វើ។
«នេះជាអ្វីដែលជាផ្លែផ្កាក្នុងការកាត់បន្ថយភាពក្រីក្រ ដែល[ឆ្លើយនឹងសំណួរ] ថា តើអ្នកក្របាត់ទៅណា ដែលពីមុនក្រោយសង្គ្រាម ក្រោយនយោបាយឈ្នះ ឈ្នះ យើងមានប្រហែល ៤០ភាគរយ ឬ ជាង ៣០ភាគរយ។ ដល់ក្រោយមកយើងចុះមកក្រោម ១០ ភាគរយ។ អាចមានកើនខ្លះក្រោយកូវីដ»។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី។
លោកបន្តថា៖ «តើគាត់បាត់ទៅណា? មិនមែនគាត់រត់ទៅណា ឬយើងឈប់រាប់គាត់ជាប្រជាពលរដ្ឋនោះទេ ប៉ុន្តែជាការប្រែក្លាយពីស្ថានភាពដែលលំបាកខ្វះមុខខ្វះក្រោយ ទៅជាស្ថានភាពមានចំណូលមធ្យម អ្នកខ្លះអាចឈានទៅដល់មានជីវភាពធូរធារ។ នេះហើយគឺជាផលនៃការជួយ»។
លោកពន្យល់អំពីការកែប្រែជីវភាពនេះ ដោយលើកជាឧទាហរណ៍នៃគ្រួសារមួយនៅខេត្តឧត្តរមានជ័យ ដែលពីមុនគឺជាគ្រួសារក្រីក្រ ហើយទទួលបានប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក ស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារនេះបានប្រែប្រួលដោយមានប្រាក់ទិញអាត្រាក់ទ័រ និងគោយន្តពីរទៀត។
លោកថា ការវិវត្តបែបនេះធ្វើឲ្យអ្នកដែលមិនបានដឹងរឿង បែរទៅជាចោទរដ្ឋាភិបាលថា ផ្ដល់ប័ណ្ណក្រីក្រឲ្យទៅអ្នកមាន។ ហេតុដូច្នេះហើយ រដ្ឋាភិបាលបានរៀបចំប្រព័ន្ធដើម្បីវាយតម្លៃលើស្ថានភាពអ្នកកាន់ប័ណ្ណក្រីក្រ។
លោកក៏លើកទឹកចិត្តដល់ពលរដ្ឋដែលប្រើប្រាស់ប័ណ្ណសមធម៌ ឬ ប័ណ្ណ ប.ស.ស. ឲ្យរាយការណ៍ជូនលោកករណីមានគ្រូពេទ្យណាម្នាក់មិនយកចិត្តទុកដាក់ព្យាបាលជំងឺដែលប្រើប័ណ្ណនេះ។ គ្រូពេទ្យត្រូវអនុវត្តទៅតាមក្រមសីលធម៌ ដោយចាត់ទុកអ្នកជំងឺជាមនុស្សដែលត្រូវការការព្យាបាលដូចគ្នា។
លោកថា៖ «តម្លៃនៃកម្មវិធីគាំពារសង្គម មិនមែនស្ថិតនៅលើថវិកាដែលយើងចាយនោះទេ តម្លៃពិតប្រាកដគឺប្រជាពលរដ្ឋដែលទទួលផលជាអ្នកផ្ដល់ឲ្យ។ អីចឹង ការគិតគូអំពីគុណភាពសេវា ជាកិច្ចការចាំបាច់។ គុណភាពសេវាបានន័យថា លទ្ធផលនៃការព្យាបាល ថ្នាំ ទាំងឧបករណ៍ ទាំងកន្លែងបានល្អ»។
លោក ហ៊ុន ម៉ាណែត លើកឡើងដែរ ថាការចំណាយរបស់រដ្ឋលើការគាំពារនេះ ធ្វើឲ្យការចំណាយថវិការដ្ឋប៉ោង ស្របពេលដែលចំណូលរដ្ឋថយដោយសារតែរដ្ឋបានផ្ដល់ការអនុគ្រោះជាច្រើនដល់វិស័យឯកជន។ យ៉ាងណាក៏ដោយ ការថយចំណូលរដ្ឋនេះមិនមែនមានន័យថា រដ្ឋខ្វះថវិកានោះទេ៕