ភ្នំពេញៈ មន្រ្តីនគរបាល២រូបត្រូវទទួលរងវិន័យ ដោយសារតែ«ល្មើសបទវិន័យនគរបាលជាតិកម្ពុជា» ក្រោយពីមានការប៉ះទង្គិចគ្នាជាមួយនឹងលោកសុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពជា ក្នុងពេលត្រួតពិនិត្យជាតិអាល់កុលនៅក្នុងខណ្ឌសែនសុខនាពេលថ្មីៗនេះ។

លិខិតបង្គាប់ការ របស់អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញចុះថ្ងៃទី១៨ ខែកុម្ភៈ ដែលទើបតែផ្សព្វផ្សាយជាសាធារណៈបានបង្គាប់ឱ្យមន្ត្រីនគរបាលចំនួន២នាក់ ទៅបង្ហាញខ្លួននៅការិយាល័យបុគ្គលិក ចំណុះ ផែនការងារធនធានមនុស្ស រៀងរាល់ម៉ោងធ្វើការ រហូតមានបទបញ្ជាជាថ្មី។

មន្រ្តីទាំង២នាក់នោះ គឺមានលោក វរសេនីយ៍ទោ ហៀង ធឿន ជាអធិការរង ចំណុះអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ និងលោក លោកអនុសេនីយ៍ឯក មាស ភារម្យ ជាមន្ត្រីកងអន្តរាគមន៍ពិសេស ចំណុះការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២០ ខែកុម្ភៈនេះ ក៏បានឱ្យដឹងផងដែរថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង រួមទាំងត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមគោលដៅ ឱ្យបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ គឺដើម្បីថែរក្សាការពារទ្រព្យសម្បត្តិ អាយុជីវិត និងសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ គឺជាកាតព្វកិច្ចរបស់សមត្ថកិច្ច។

លោកឧត្តមសេនីយ៍ឯកបានណែនាំឱ្យមន្ត្រីអ្នកចុះអនុវត្តច្បាប់បំពេញភារកិច្ចឱ្យចំទិសដៅ និងនីតិវិធី ប្រ​កបដោយក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សាកសមជាកម្លាំងនគរបាលជាតិ ដោយត្រូវអនុវត្តច្បាប់ប្រកាន់យកវិធានការជំនាញ និងវិធានការច្បាប់ ដោយភាពម៉ត់ចត់បំផុត។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖«ការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចំពោះមន្ត្រីមួយចំនួនតូចណាដែលរកឃើញថា អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិ ជាដាច់ខាតដោយមិនលើកលែងនោះទេ»។

ដោយឡែកចំពោះករណីចុះត្រួតពិនិត្យជាតិអាល់កុលនៅក្នុងខណ្ឌសែនសុខ ដែលមានបាតុភាព ខាងការិយាល័យបុគ្គលិក ផែនការងារធនធានមនុស្ស កំពុងធ្វើការស៊ើបអង្គេតលើមន្ត្រីជាបុគ្គលម្នាក់ៗ ជិតចប់នីតិវិធីនោះហើយ។

ចំពោះមន្ត្រីណាបំពេញការងារបានល្អ គោរពវិន័យ សេចក្ដីថ្លៃថ្នូរ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវសាកសមជានគរបាលជាតិ ត្រូវតែគាំទ្រការពារ លើកសរសើរ និងជូនរង្វាន់លើកទឹកចិត្ត។

លោកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្នើសុំប្រជាពលរដ្ឋទូទៅ សូមចូលរួមគាំទ្រគោរព និងការអនុវត្តច្បាប់ ជាមួយសមត្ថកិច្ចឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាសុវត្ថិភាព ទ្រព្យសម្បត្តិ និងអាយុជីវិត៕