
លោកនាយករដ្ឋមន្ដ្រីលើកទឹកចិត្តឱ្យលោកស្រី Rebecca Hunter ដែលជាតំណាងក្រុមហ៊ុន បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ រូបថត AI
ភ្នំពេញ៖ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី និងជំនិតប្រធានាធិបតីអាមេរិក លោក Elon Musk សិក្សាពីលទ្ធភាពនាំយកអ៊ីនធឺណិតផ្កាយរណបល្បឿនលឿន Starlink មកកាន់ប្រទេសកម្ពុជា។
យោងតាមបណ្ដាញសង្គមរបស់លោកនាយរដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink បានជួបជាមួយលោកនាយករដ្ឋមន្ដ្រីអំពីបញ្ហានេះ។
លោកស្រីបានបញ្ជាក់ថា កម្ពុជាគឺជាគោលដៅអាទិភាពខ្ពស់សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៥។
បណ្ដាញសង្គមរបស់លោកនាយករដ្ឋមន្ដ្រី បានផ្សាយថា៖ «សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន»។
លោកក៏បានលើកទឹកចិត្តឱ្យលោកស្រី ដែលជាតំណាងក្រុមហ៊ុន បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

លោកនាយរដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ជួបជាមួយលោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink។ រូបថត STPM
លោកស្រី Rebecca Hunter បានបង្ហោះនៅលើ LinkedIn ថា៖ «បន្តពង្រីក Starlink! ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការនាំយកអ៊ីនធឺណិតល្បឿលឿន Starlink ទៅកាន់តំបន់ដាច់ស្រយាលបំផុតមួយចំនួនក្នុងពិភពលោក។ សូមចូលរួមជាមួយខ្ញុំក្នុងការអបអរសាទរសេវាកម្មនៅក្នុងទីផ្សារថ្មីរបស់យើងដែលមិនគួរត្រូវបានបំភ្លេចចោល ហើយក៏ត្រូវការការប្រើប្រាស់អ៊ីនធឺណិតគុណភាពខ្ពស់ផងដែរ»។
គួរបញ្ជាក់ថា សហគ្រិន ចាន់ តារា បានក្លាយជាអ្នកដំបូងគេដែលនាំយកប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿនរបស់ Starlink ជាលក្ខណៈឯកជនទៅកាន់តំបន់ដាច់ស្រយាលក្នុងគោលបំណងបង្កើតកសិកម្មវៃឆ្លាត។
លោក តារា បានឱ្យដឹងថា៖ «អ៊ីនធឺណិតល្បឿនលឿននឹងផ្តល់អត្ថប្រយោជន៍ដល់កសិករតាមរយៈការបើកការចូលប្រើឧបករណ៍ IOT ទាំងមូលប្រព័ន្ធបញ្ជាដ្រូន និងកិច្ចការកសិកម្មជួយសម្រួលដំណើរការជាច្រើនក៏ដូចជាកាត់បន្ថយនីតិវិធីធ្លាប់ត្រូវការពីមុន»។
លោកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «គោលបំណងរបស់ខ្ញុំ គឺបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់បច្ចេកវិទ្យា និងការច្នៃប្រឌិតកសិកម្មដែលសហគ្រិន និងនិស្សិតអាចទទួលបានបច្ចេកវិទ្យាចុងក្រោយបំផុត និងការគាំទ្រដើម្បីបើកដំណើរការអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ»៕