ស្វាយរៀងៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទជាជនជាតិវៀតណាមមានខ្លួនចំនួន៥នាក់ នៅពន្ធនាគារខេត្ត និងស្វែងរកចាប់ខ្លួនជនត្រូវចោទដែលរត់គេចខ្លួន៥នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនជាង៤គីឡូក្រាម និងអាវុធ៥ដើម។ នេះបើយោងតាមសេចក្តីប្រកាសរបស់តុលាការខេត្ត នាថ្ងៃទី២០ ខែកុម្ភៈនេះ។

កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន និងកាន់កាប់រក្សាទុកអាវុធដោយខុសច្បាប់កាលពីថ្ងៃទី១៣ និង១៤ ខែកុម្ភៈ។ ជាលទ្ធផលបានឃាត់ខ្លួនបុរសជាជនសង្ស័យជាជនជាតិវៀតណាមចំនួន៥នាក់។

ក្នុងនោះមានឈ្មោះ ហ្វាម ឌឹកគឿង អាយុ ២៨ ឆ្នាំ, ឈ្មោះកាប ឌឹកអាញ់ អាយុ ៣៨ ឆ្នាំ, ឈ្មោះង្វៀង វ៉ាន់ទូ អាយុ ២១ ឆ្នាំ, ឈ្មោះង្វៀង វ៉ាន់មិអាយុ ៣៣ ឆ្នាំ និងឈ្មោះច្រឹង ដឹកម៉ាន់ អាយុ ២៥ ឆ្នាំ។

វត្ថុតាងដែលចាប់យក និងដកហូតបានមានដូចជាថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ១៦៩៣,៣៧ក្រាម, ថ្នាំញៀនប្រភេទ អ៊ិស្តាស៊ី ទម្ងន់ ២៣៤៣,៩៥ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៦៣៥,១៦ក្រាម ដែលសរុបសារធាតុញៀនទម្ងន់ ៤៦២៨,៨៩ក្រាម (ជាង៤kg)។

ក្រៅពីនោះមានអាវុធខ្លី៥ ដើម បង់៥ ដែលមានគ្រាប់៥៤ គ្រាប់, រថយន្ត១ គ្រឿង, ម៉ូតូ២ គ្រឿង, ប្រាក់ដុល្លា ១ ០០០ដុល្លារ, ប្រាក់ដុង ៤ ០០០ ០០០ដុង រួមទាំងឧបករណ៍ សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។

ក្រុមជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ កាលពីថ្ងៃទី១៨ ខែកុម្ភៈ។

តុលាការបានឱ្យដឹងថា សំណុំរឿង ដែលពាក់ព័ន្ធនឹងករណី កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត និង ជួញដូរគ្រឿងញៀននេះមានជនជាប់ពាក់ព័ន្ឋចំនួន១០នាក់។

ក្នុងនោះមានខ្លួនជាជន ជាតិវៀតណាមចំនួន ៥នាក់ត្រូវឃាត់ខ្លួនបាន។ ដោយឡែក​ ៥នាក់ផ្សេងទៀតបានរត់គេចខ្លួនបាត់ ដែលរួមមាន ជនជាតិវៀតណាម ៣នាក់ និងជនជាតិចិន២នាក់។

តំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទៈ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅក្នុង ផ្ទះសំណាក់សុខប៊ួយ, ក្នុងកាស៊ីណូហ្គាឌិនកាឡាក់ស៊ី, ក្នុងផ្ទះជួលផ្លូវព្រៃ យាយ, ផ្ទះជួល ផ្លូវវត្តតាឡុក និង នៅក្នុងកាស៊ីណូម៉ុកបាយ ស្ថិត នៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីអំឡុងចុងឆ្នាំ២០២៤ រហូតដល់ថ្ងៃទី ១៣ និងថ្ងៃទី១៤ ខែកុម្ភៈនេះ។

ពួកគេត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យតាមាត្រា តាមមាត្រា ៤០ កថាខណ្ឌទី១,ទី៣, ទី៥, ទី៦ និង កថាខណ្ឌទី៧ និង មាត្រា ៤៥ កថាខណ្ឌទី១ និង មាត្រា ៤៨ កថាខណ្ឌទី១,ទី៣ និង កថាខណ្ឌទី៦ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង មាត្រា ៨ និង មាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវ។

តុលាការបានបញ្ជាក់ថា បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទជាជនជាតិវៀតណាមមានខ្លួនទាំង៥នាក់ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ នៅពន្ធនាគារខេត្តស្វាយរៀង។

ដោយឡែកជនត្រូវចោទដែលរត់គេចខ្លួនចំនួន៥នាក់ មានជន ជាតិវៀតណាមចំនួន៣នាក់ និងជនជាតិចិនចំនួន២នាក់ទៀត ចៅក្រមស៊ើបសួរនឹងស្វែងរកចាប់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្ត៕