ក្រចេះ: ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវរដ្ឋបាលខេត្តក្រចេះបញ្ចប់តួនាទី កាលពីថ្ងៃទី១៩ ខែកុម្ភៈនេះ ក្រោយពីរកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធនឹងការបើកដៃឱ្យមានបទល្មើសនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សនេះ។

ការសម្រេចនេះ ធ្វើឡើងតាមរយៈសំណើរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បន្ទាប់ពីរកឃើញថា បុគ្គលទាំង ៣រូបនេះ មានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ តាមរយៈការបើកដៃឱ្យអ្នកនេ​សាទ ប្រើប្រាស់ឧបករណ៍ឆក់ នៅក្នុងតំបន់អភិរក្សសត្វផ្សោត ជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ នេះបើយោងតាមក្រសួងកសិកម្ម នៅថ្ងៃទី២០ ខែកុម្ភៈនេះ។

លិខិតបញ្ចប់តួនាទី ដែលចុះហត្ថលេខាដោយ អភិបាលខេត្តក្រចេះ លោក វ៉ា ថតបានឱ្យដឹងថា ឆ្នាំទន្លេទាំង៣នាក់ ដែលត្រូវបានបញ្ចប់តួនាទី ភារកិច្ចនោះមានលោក សេង កុសល ជាអនុប្រធានប៉ុស្តិ៍ឆ្នាំទន្លេ អភិរក្សសត្វផ្សោតកោះផ្តៅ, លោក កាន វណ្ណៈ ជាសមាជិកប៉ុស្តិ៍ឆ្នាំទន្លេ អភិរក្សសត្វផ្សោតជ្រោយបន្ទាយ និងលោក មួង កែវឡាយ ជាសមាជិកប៉ុស្តិ៍ឆ្នាំទន្លេ អភិរក្សសត្វផ្សោតជ្រោយបន្ទាយ។

ការបញ្ចប់តួនាទីនេះ ត្រូវបានធ្វើឡើង ក្រោយពីមានការព្រមាន ក៏ដូចជាក្រើនរំលឹក នៅចំពោះមុខឆ្មាំទន្លេទាំងឡាយ របស់អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម កញ្ញាអ៊ឹម រចនា​ កាលពីសប្ដាហ៍មុន នៅតំបន់អភិរក្សសត្វផ្សោតកាំពី។

កញ្ញាបានសង្កត់ធ្ងន់ថា ការឃុបឃិតណាមួយរវាងឆ្មាំទន្លេ ជាមួយអ្នកនេសាទប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេស ឧបករណ៍ឆក់ មងក្រឡាធំ និងសន្ទូចរនងជាដើម គឺជារឿងដែលមិនអាចទទួលយកបានជាដាច់ខាត។ និងថា បុគ្គលប្រព្រឹត្តល្មើស នឹងត្រូវដកចេញពីសមាសភាពឆ្មាំទន្លេអភិរក្សសត្វផ្សោតភ្លាម ដោយមិនទុកយូរឡើយ។

កញ្ញាបានពន្យល់ថា៖« ការសម្រេចដកឆ្មាំទន្លេនៅតំបន់កាំពីចំនួន៣រូបនាពេលនេះ ត្រូវបាន ធ្វើឡើង ដោយមានភស្តុតាងច្បាស់លាស់ ទាំងតាមរយៈការស៊ើបអង្កេតរបស់មន្ដ្រីជំនាញនៃក្រសួងផង និងតាមរយៈសម្ដីផ្ទាល់របស់ជនសង្ស័យ ក្នុងបទល្មើសប្រើប្រាស់ឧបករណ៍ឆក់ ដែលបានបង្ក្រាបនាពេលថ្មីៗនេះផង»។

កញ្ញា អ៊ឹម រចនា បានលើកឡើងថា ការអភិរក្សធនធានជលផល គឺជាការងារ ដែលក្រសួងផ្ដល់អាទិភាព មិនចាញ់ការងារដទៃទៀតឡើយ ជាពិសេសការអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិ។

កញ្ញាបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ លោករដ្ឋមន្ដ្រី ឌិត ទីណា ចំពោះសុខទុក្ខរបស់ឆ្មាំទន្លេដែលចុះល្បាត ២៤ម៉ោង លើ២៤ម៉ោង ជារៀងរាល់ថ្ងៃ និងបន្តជំរុញការងារបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជាប់ជាប្រចាំ ដើម្បីនិរន្ដរភាពធនធានជលផលនៅកម្ពុជា។

តាមរយៈការយកចិត្តទុកដាក់នេះ កញ្ញាបានបន្តលើកទឹកចិត្តដល់ឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ បន្តការងាររបស់ខ្លួន ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់។

គិតត្រឹមដើមឆ្នាំ២០២៥នេះ មានកូនផ្សោតកើតថ្មីចំនួន៣ក្បាល ដែលធ្វើឱ្យចំនួនសត្វផ្សោតក្បាលត្រឡោក មានវត្តមាននៅកម្ពុជា មាន​ចំនួន​កើន​ដល់១០៧ក្បាល។

ឆ្មាំទន្លេជាង៤០រូប បាននឹងកំពុងតែបំពេញភារកិច្ចអភិរក្សសត្វផ្សោតទន្លេមេគង្គទាំងនោះ ដែលជារតនសម្បត្តិរបស់ជាតិ តាមរយៈការល្បាតចល័ត ២៤ម៉ោងលើ២៤ម៉ោង ជារៀងរាល់ថ្ងៃ៕