រដ្ឋាភិបាល​អូស្ត្រាលី​បញ្ជាក់​ពី​ការ​ប្តេជ្ញា​​ដើម្បី​បង្កើន​កិច្ច​សន្ទនា​ជា​យុទ្ធសាស្ត្រ​និង​គាំទ្រ​កម្ពុជា​ឲ្យ​សម្រេច​បាន​នូវ​កំណើន​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព បរិយាបន្ន ​និង​ភាព​ធន់។ ការ​គាំទ្រ​នេះ​រួម​មាន​ទាំង​ការ​រៀបចំ​សិក្ខា​សាលា​​ស្ដី​ពី​ជំនាញ​ពិពិធកម្ម​សេដ្ឋកិច្ច​ផង​ដែរ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​រួប​នៅ​ថ្ងៃទី២០ ខែកុម្ភៈ​នេះ កម្ពុជា​និង​អូស្រ្តាលី​រៀបចំសិក្ខា​សាលា ​ក្រោម​ប្រធានបទ «មាគ៌ា​ឆ្ពោះ​ទៅ​ការ​បង្កើន​ពិពិធកម្ម​សេដ្ឋកិច្ចកម្ពុជា៖ បទពិសោធន៍អន្តរជាតិ»​ ចូល​រួម​ដោយ លោកសាស្រ្តាចារ្យ​ Ricardo Hausmann នាយកស្ថាប័នស្រាវជ្រាវ Growth Lab ​នៃ​សាកលវិទ្យាល័យ​ដ៏​ល្បី​របស់​សហរដ្ឋ​អាមេរិក​គឺ​សាកល​វិទ្យាល័យ​ Harvard។

យោងតាមទស្សនទានរបស់លោកសាស្រ្តាចារ្យ Hausmann អំពីការវិភាគលើកំណើន (Growth Diagnostics)សេដ្ឋកិច្ចដែលមានពិពិធភាព​(Economic Complexity ) និងលំហផលិតផល (Product Space) ការសម្រេចបានកំណើនសេដ្ឋកិច្ចអាស្រ័យលើផលិត​ផលចម្រុះទំនើប​ដែល​ប្រទេស​មួយអាចផលិត និងនាំចេញបាន។

សិក្ខាសាលានេះប្រព្រឹត្តទៅដោយត​មាន​វត្តមាន​របស់​លោក​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និង​អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក​ វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី​ប្រចាំការ ទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី​ និង​លោក​ ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលី​ប្រចាំ​កម្ពុជា។

លោក​ ស៊ុន ចាន់ថុល បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​នេះ​ថា៖ «រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​អនុវត្តវិធានការគោលដៅដើម្បីទាក់ទាញ​ការវិនិយោគផ្ទា​ល់ពីបរទេសដែលមានគុណភាពខ្ពស់ ក៏ដូចជាពង្រីកសមត្ថភាពឧស្សាហកម្មក្នុងប្រទេស និងបង្កើន​ប្រសិទ្ធភាពនៃ​សមាហរណកម្ម​ខ្សែ​ច្រវាក់​តម្លៃ​សកល (Global Value Chain)។ រាជរដ្ឋាភិបាល​មានការ​សម្រេច​ចិត្ត​ខ្ពស់​ក្នុង​ការ​បង្កើត​បរិការណ៍​សេដ្ឋកិច្ច​មួយ​ ដែលជំរុញភាពច្នៃប្រឌិត គាំទ្រផ្នែកសហគ្រិនភាព និងជំរុញភាពធន់នៃសេដ្ឋកិច្ចរយៈពេលវែង»។

លោក ដេរីក យីប លើកឡើងថា៖ «អូស្រ្តាលីមានសេចក្តីរីករាយដែលបានសហការ​​ជាមួយកម្ពុជា ​ក្នុងការរៀបចំយុទ្ធ​សាស្រ្ត​​កំណើន​ថ្មីមួយ សម្រាប់​កម្ពុជា​ក្រោយ​ពេល​ចាកចេញ​ពីប្រទេស​ដែលមានការអភិវឌ្ឍតិចតួច។ សិក្ខាសាលា​នេះ​គឺជាផ្នែកមួយ​ដ៏​សំខាន់​នៃ​កិច្ចសហការ​របស់​យើងជាមួយ​ក្រសួង​ពាក់ព័ន្ធរបស់កម្ពុជា​ដើម្បី​សម្រេចបានគោលដៅ​អភិវឌ្ឍអនាគតជាចម្បង​របស់កម្ពុជា»។

លោក​បន្ត​ថា៖ «អូស្ត្រាលីប្តេជ្ញាគាំទ្រកម្ពុជា ក្នុងការសម្រេចបាននូវកំណើនប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព»។

សិក្ខាសាលាជាន់ខ្ពស់នេះរៀបចំឡើងដោយ​កម្មវិធីភាពជាដៃគូកម្ពុជាអូស្ត្រាលីសម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចប្រកបដោយ​ភាពធន់ (CAPRED)។

លោកសាស្រ្តាចារ្យ  Ricardo Hausmann គឺជាស្ថាបនិក និងជានាយកស្ថាប័នស្រាវជ្រាវGrowth Labនៃ​សាកលវិទ្យាល័យHarvard និង​ជាសាស្រ្តាចារ្យRafik Hariri​បង្រៀន​លើការ​អនុវត្តសេដ្ឋកិច្ច​នយោបាយ​អន្តរជាតិ​នៅសាកលវិទ្យាល័យHarvard Kennedy ។ លោក​ជាអ្នកផ្ដួចផ្ដើម​បង្កើត​វិធីសាស្រ្ត​ដើម្បី​ធ្វើការ​វិនិច្ឆ័យ​លើកំណើន​សេដ្ឋ-កិច្ច (Growth Diagnostic) និងសេដ្ឋកិច្ច​ដែលមាន​ពិពិធភាព(Economic Complexity ) រួមទាំង​យុទ្វសាស្រ្តសេដ្ឋកិច្ច​ដទៃទៀត​ ដូចជាDark Matter, Original Sin, និង Self-discovery៕