
លោក ហេង រតនា ជួបជាមួយលោកស្រី Bridgette L. Walke ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាកាលពីពេលថ្មីៗនេះ។ ហេង រតនា
អគ្គនាយកអង្គភាពស៊ីម៉ាក់ បានឲ្យដឹងថា សហរដ្ឋអាមេរិកលើកលែងការផ្ដាច់ជំនួយដែលផ្ដល់ឲ្យអង្គការដៃគូក្នុងវិស័យដោះមីននៅកម្ពុជា។ ការលើកលែងនេះផ្ដល់ក្ដីសង្ឃឹមដល់កម្លាំងដោះមីន ២១០នាក់ដែលរងផលប៉ះពាល់ពីការផ្ដាច់ជំនួយរបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។
លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ បានបង្ហោះសារនៅលើហ្វេសប៊ុកនៅល្ងាចថ្ងៃទី២០ ខែកុម្ភៈនេះថា៖ «ខ្ញុំសូមជម្រាបជូនដំណឹងថានៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះអង្គភាពស៊ីម៉ាក់ បានទទួលព័ត៌មានពីអង្គការដែលទទួលជំនួយពីសហរដ្ឋអាមេរិកដែលជាអង្គការដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់នោះ បានបញ្ជាក់ថា បានទទួលការលើកលែង (waver) ពីរដ្ឋាភិបាលអាមេរិកឱ្យបើកនិងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញតាមកិច្ចសន្យាដែលមានស្រាប់»។
កាលពីសប្ដាហ៍មុន អង្គការដៃគូដែលផ្ដល់ជំនួយដល់ស៊ីម៉ាក់សម្រាប់កិច្ចការបោសសម្អាតមីន បានស្នើឲ្យស៊ីម៉ាក់រំសាយកម្លាំងសម្រាប់គម្រោងទទួលបានជំនួយពីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១ ខែមីនាខាងមុខ។
កាលពីចុងខែមករា លោក ហេង រតនា បានបញ្ជាក់ថា ការផ្អាកជំនួយរបស់សហរដ្ឋអាមេរិក ប៉ះពាល់ដល់ប្រតិបត្តិការដោះមីននៅខេត្តកំពង់ចាម ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង។
ចំពោះការប្រកាសរក្សាជំនួយនេះ លោក ហេង រតនា ថ្លែងអំណរគុណដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានជួយគាំទ្រអំពាវនាវដល់រដ្ឋាភិបាលអាមេរិក។ លោកក៏អរគុណអង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា និងមន្ត្រីគម្រោងនៃក្រសួងការបរទេសអាមេរិក ដែលបានខ្នះខ្នែងជួយជ្រមជ្រែងស្នើសុំទៅរដ្ឋាភិបាលឱ្យលើកលែងចំពោះគម្រោងសកម្មភាពមីននៅប្រទេសកម្ពុជា។
លោកថ្លែងអំណរគុណ «ជាពិសេសអរគុណរដ្ឋាភិបាលអាមេរិកដែលបានផ្តល់អាទិភាពក្នុងការផ្តល់ជំនួយឡើងវិញ សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ»៕