កំពង់ស្ពឺៈ រោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុន KRR Processing Food Co., Ltd ត្រូវបានពិន័យអន្តរការណ៍ ឱ្យផ្តល់សំណង និងស្តារបរិស្ថានឡើងវិញ នៅស្ទឹងសែនជ័យ ដែលក្រុមហ៊ុនបានបង្ហូរសំណល់កខ្វក់រាវចូល។

ចំណាត់ការផ្លូវច្បាប់ជាធរមាននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពី តំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី១៩ ខែកុម្ភៈនេះបានរកឃើញ​ថារោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុន KRR Processing Food Co., Ltd. បានបង្ហូរសំណល់រាវចូលទៅក្នុងប្រភពទឹកសាធារណៈ គឺស្ទឹងសែនជ័យ ដែលភ្ជាប់ទៅស្ទឹងស្រែខ្លុង ស្ថិតនៅ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោយពីបានចុះពិនិត្យជាមួយក្រុមការងារ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃទី២០ ខែកុម្ភៈនេះថា នៅក្រៅទីតាំងរោងចក្រ ក្រុមការងារបានពិនិត្យឃើញថា នៅក្នុងប្រឡាយដីស្ថិតនៅចំហៀងខាងកើត និងខាងក្រោយអគាររោងចក្រ ឃើញមានស្នាមទឹកសំណល់រាវ ហូរចូលទៅក្នុងស្ទឹងសែនជ័យ ចាប់ពីចំណុចក្រោយទីតាំងរោងចក្រ រហូតដល់ចំណុចស្ពានសែនជ័យ ដែលមានចំងាយចម្ងាយពីរោងចក្រប្រមាណ ៣០០ម។

បន្ទាប់មក ក្រុមការងារបានយកសំណាកទឹក នៅតាមដងស្ទឹងសែនជ័យចំនួន៣ ទីតាំង មកធ្វើការវិភាគនៅមន្ទីរពិសោធន៍។

លោកបញ្ជាក់ថា៖«តំណាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានឱ្យដឹង ដូចគ្នាថា ក្រុមហ៊ុនមានការបង្ហូរសំណល់រាវ ចេញពីរោងចក្រស្វាយចូលស្ទឹង បង្កឱ្យមានក្លិនស្អុយ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ»។

ក្រុមការងារ បានសម្រេចចាត់វិធានការអនុវត្ត ទៅតាមច្បាប់ជាធរមាន ចំពោះរោងចក្រ។ ក្នុងនោះក្រុមហ៊ុន ត្រូវពិន័យអន្តរការណ៍ ចំពោះការប្រព្រឹត្តល្មើសរបស់រោងចក្រ, ត្រូវផ្តល់សំណង និងការស្តារបរិស្ថានឡើងវិញ នៅក្នុងព្រែក ដែលរងការប៉ះពាល់ ដោយអនុលោមមាត្រ៧២៣ និង៧២៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

ក្រៅពីនោះ ក៏តម្រូវឱ្យក្រុមហ៊ុនបិទភ្ជិតប្រឡាយ បង្ហូរសំណល់រាវ ដែលបានរកឃើញថា មានពណ៌ស​ស្រអាប់ និងមានក្លិនឆួលចូលទៅក្នុងស្ទឹងនៅក្រោយរោងចក្រ ហើយបានតម្រូវឱ្យរោងចក្ររៀបចំរបាយការណ៍រាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម។

រោងចក្រ ក៏ត្រូវបានតម្រូវធ្វើការកែសម្រួលអាងប្រព្រឹត្តិកម្មឡើងវិញ ឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសបរិស្ថាន និងត្រូវរៀបចំឲ្យមានស្រះស្តុកបន្ថែមទៀត សម្រាប់ធ្វើការសំណល់រាវក្រោយការសម្អាតរួច និងដើម្បីជៀសវាងការហូរចូលទៅស្ទឹងបន្តទៀត។

ក្រសួងបានលើកឡើងថា យោងលើភស្តុតាង នឹងផលប៉ះពាល់ខាងលើ ករណីការបំពុលបរិស្ថាននេះ បង្កឡើងដោយការបញ្ចេញ សំណល់រាវរបស់ក្រុមហ៊ុន បង្កឱ្យមានផលប៉ះពាល់ ដល់គុណភាពទឹកសាធារណៈ ជីវៈចម្រុះក្នុងទឹក និងការរស់នៅរបស់ប្រជាពលរដ្ឋ។

សកម្មភាពរបស់ក្រុមហ៊ុននេះ គឺល្មើសទៅនឹងមាត្រា១៥៦, ២៨៧, ២៨៩ និង២៩០ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងមាត្រា៤ មាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យ ស្តីពីការត្រួតពិនិត្យការបំពុលទឹក។

កាលពីខែសីហា ឆ្នាំ២០២៤កន្លងមក ក្រសួង​បរិស្ថាន​ក៏បាន​ផាក​ពិន័យ​ក្រុមហ៊ុន​វិនិយោគ​ទុន​ដំណាំ​ដូងប្រេង​កម្ពុជា​របស់​លោកម៉ុង ឫទ្ធី ប្រមា​ណ​ជា ​១​ម៉ឺនដុល្លារ ដោយសារ​តែ​ការបញ្ចេញសំណល់រាវពីខ្សែច្រវាក់ផលិតកម្ម ចូលទៅក្នុងស្ទឹងព្រែកកំពង់សីលា ដែលបង្កការបំពុលទឹក និង​ត្រីងាប់។

ក្រសួងក៏បាន​​ឱ្យ​ក្រុមហ៊ុន​កែលម្អ​ប្រព័ន្ធគ្រប់​គ្រង​កាក​សំណល់ឱ្យបានត្រឹមត្រូវ ត្រឹមដើមឆ្នាំ២០២៥ខាងមុខ៕