
សត្វត្មាត កំពុងតែស៊ីសាកសពសត្វនៅ ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង។ រូបថត ក្រសួងបរិស្ថាន
ស្ទឹងត្រែងៈ គណៈប្រតិភូ នៃសមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី (SAVE)បានធ្វើដំណើរទស្សនកិច្ចស្វែងយល់ពីអាហារដ្ឋានសត្វត្មាត ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ហើយបានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារ និងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ។
លោកស្រី Jemima Parry-Jones ប្រធាន SAVE បានថ្លែងក្នុងឱកាសនោះថា វត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារ និងអភិរក្សបានយ៉ាងគាប់ប្រសើរ ខណៈប្រភេទសត្វស្លាបមួយនេះ មានវត្តមានមួយចំនួនតិចតួចប៉ុណ្ណោះនៅលើពិភពលោក។
លោកស្រី Jemima Parry-Jones និងក្រុមអ្នកជំនាញបរិស្ថានជាតិ និងអន្តរជាតិ មកពី កម្ពុជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន មីយ៉ាន់ម៉ា ដែលនៅមានវត្តមានសត្វត្មាតរស់នៅ ព្រមទាំងអង្គការដៃគូ និងដៃគូអភិវឌ្ឍន៍ប្រទេសអង់គ្លេស សរុបប្រមាណ៣០នាក់ បានធ្វើដំណើរទស្សនកិច្ចនេះ នៅថ្ងៃទី២០ កុម្ភៈ ដើម្បីសិក្សាដកបទពិសោធន៍ពីកម្ពុជាក្នុងការអភិរក្សសត្វត្មាតបានល្អប្រសើរ នៅដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង។
នេះជាដំណើរទស្សនកិច្ចស្វែងយល់ពីវត្តមានសត្វត្មាតនៅកម្ពុជា បន្ទាប់ពីក្រុមអ្នកជំនាញទាំងអស់នោះ បានជួបគ្នានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី១៤ ដែលធ្វើនៅក្នុងរាជធានីភ្នំពេញ ពីថ្ងៃទី១៧ ដល់១៨ ខែកុម្ភៈនេះ ដើម្បីផ្លាស់ប្តូរគំនិតយោល់ឱ្យគ្នាទៅវិញទៅមក ក្នុងការធានាវត្តមាន ក៏ដូចជាបង្កើនចំនួនសត្វត្មាតឡើងវិញ។
ក្រសួងបរិស្ថានបានលើកឡើងថា ក្រុមអ្នកជំនាញបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងនោះបានការពារជម្រកជីវៈចម្រុះ ដូចជាប្រភេទសត្វត្មាត រស់នៅប្រកបដោយភាពសុខសាន្ត នៅតាមតំបន់ការពារធម្មជាតិ។
លោកស្រី Thiri Dawei Aung តំណាងអង្គការអភិរក្សសត្វព្រៃរបស់ប្រទេសមីយ៉ាន់ម៉ា VWG បានថ្លែងថា ការផ្ដល់ចំណីជាសត្វគោ ឬក្របីងាប់បន្ថែម ដល់សត្វត្មាតប្រចាំសប្តាហ៍ជាទៀងទាត់ គឺជាការប្រសើរបំផុត ខណៈការអភិរក្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនទាន់ធ្វើបានដូចនៅកម្ពុជានេះឡើយ។
លោកអៀង សំណាង ប្រធានផ្នែកតាមដាន និងអង្កេតជីវៈចម្រុះប្រចាំក្រុមហ៊ុន Rising Phoenix Co.Ltd ដែលជាក្រុមហ៊ុនទទួលការខុសត្រូវសម្រាប់ការចូលរួមអភិរក្ស និងផ្តល់ចំណីបន្ថែមដល់សត្វត្មាត ដែលហៅថា "អាហារដ្ឋានត្មាត" ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង បានបញ្ជាក់ថា ក្នុងមួយសប្តាហ៍ គឺត្រូវកាប់សត្វគោ ឬក្របីចំនួន១ក្បាល សម្រាប់សត្វត្មាតនៅក្នុងតំបន់ការពារធម្មជាតិមួយនេះ។ ការដាក់ចំណីនេះ ត្រូវធ្វើជាទៀងទាត់រៀងរាល់ថ្ងៃព្រហស្បតិ៍ ដើម្បីរង់ចាំដល់ថ្ងៃសុក្រ ឬថ្ងៃសៅរ៍ ដើម្បីឱ្យត្មាតចុះមកស៊ី ពោលគឺ ដើម្បីឲ្យសត្វគោ ឬសត្វក្របី ដែលត្រូវបានសម្លាប់នោះ ហើមស្អុយសិនទើបអាត្មាតចុះមកស៊ី។
នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង មានត្មាតចន្លោះពី៨០ក្បាល ទៅ១០០ក្បាល ដែលជាប្រភេទត្មាតភ្លើង ត្មាតផេះ និងត្មាតត្នោត ដែលមានចំនួនច្រើនជាងគេ។
បច្ចុប្បន្ន ទីជម្រក និងកន្លែងប្រភពចំណីសម្រាប់សត្វត្មាតនៅកម្ពុជាមានដូចជា៖ ដែនជម្រកសត្វព្រៃសៀមប៉ាង, ដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ, ដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ, ដែនជម្រកសត្វលំផាត់ក្នុងខេត្តរតនគិរី។
នាយកអង្គការជិវិតធម្មជាតិនៅកម្ពុជា លោក ប៊ូ វរសក្ស បានថ្លែងថា សុវត្ថិភាពរបស់វត្តមានសត្វត្មាតនៅកម្ពុជា ឈានទៅរកភាពល្អប្រសើរ តាមរយៈការពារតំបន់ផ្តល់ជម្រក ប្រភពចំណី និងចំណេះដឹងរបស់ប្រជាសហគមន៍រស់នៅក្បែរតំបន់ការពារធម្មជាតិ ដូចជាការមិនប្រើថ្នាំបំពុលទៅលើសត្វ ដំណាំកសិកម្ម ការមិនដាក់អន្ទាក់ចាប់សត្វព្រៃ ជាដើម។
លោកស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឲ្យដឹងថា មន្ទីរបរិស្ថានដែលមានឧទ្យានុរក្សបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច អង្គការដៃគូ ចុះល្បាត និងអនុវត្តច្បាប់ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង។
លោកបញ្ជាក់ថា៖«ជាលទ្ធផលកត់សម្គាល់ឃើញថា បទល្មើសទៅលើធនធានធម្មជាតិ ក៏ដូចជាសត្វព្រៃមានការថយចុះយ៉ាងច្រើន។ ការថយចុះនៃបទល្មើសនេះនដោយសារកត្តាពង្រឹងច្បាប់និងការបង្កើនការចុះល្បាត ការចុះផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋ»។
ត្មាតត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)។
ការធ្វើជំរឿនសត្វត្មាតកាលពីឆ្នាំ ២០២៣ កន្លងមក បានរកឃើញសត្វត្មាតចំនួន ១៣១ ក្បាលនៅកម្ពុជា។ ក្នុងនោះរួមមានត្មាតភ្លើងចំនួន ១២ក្បាល ត្មាតផេះ ៧៧ក្បាល និង ត្មាតត្នោតចំនួន ៤២ក្បាល ខណៈដែលប្រទេសជិតខាងកម្ពុជា ដូចជាវៀតណាម និង ថៃ សត្វត្មាត បានផុតពូជអស់ទៅហើយ។
សត្វត្មាត ត្រូវបានចាត់ទុកជាតួអង្គដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាបរិស្ថាន ដោយសារវាបានស៊ីសាកសពសត្វ ជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងពីសត្វងាប់។
ពួកវាជា ភ្នាក់ងារសម្អាតបរិស្ថាន និងនាំចំណូលសេដ្ឋកិច្ចជាតិ និងសហគមន៍ តាមរយៈភ្ញៀវទេសចរបង់កម្រៃចូលទស្សនានៅក្នុងតំបន់ធម្មជាតិ ដែលត្រូវបានការពារ។
ប៉ុន្តែ ពួកវា ត្រូវបានរាយការណ៍ថា ប្រឈមមុខនឹងការគំរាមកំហែងសំខាន់ៗជាច្រើនដូចជា ការបាត់បង់ទីជម្រក ការពុល ថ្នាំពេទ្យសត្វ កង្វះអាហារ។
ជាមួយគ្នានេះ បញ្ហាសេនេទិចចង្អៀត ក្នុងចំណោមសត្វត្មាត ដែលអាចបន្តពូជបាន ត្រូវបានលើកឡើងផងដែរ ទាក់ទងនឹងការខ្សោយក្នុងការប្រឆាំងនឹងជំងឺ និងបង្កឱ្យធ្លាក់ចុះនូវសត្ថភាពបង្កកំណើតរបស់ត្មាត៕