ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ទម្លាយ​ករណី​ល្មើស​ច្បាប់​របស់​ប្រធាន​តុលាការ​ខេត្ត​តាកែវ អ្នក​ស្រី ពេជ ម៉ារ៉ែន ដែល​បាន​ដោះ​លែង​មុន​ពេល​កំណត់​សម្រាប់​ទណ្ឌិត​ជាប់​ទោស​ ១១ឆ្នាំ ករណី​ច្របាច់​ក​សម្លាប់​គូស្នេហ៍​នៅ​​ក្នុង​បន្ទប់​ជួល។

ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​​ទម្លាយ​ករណី​នេះ​ក្រោយ​ពេល​អ្នកស្រី ពេជ ម៉ារ៉ែន បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​វិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដែល​បាន​សម្រេច​ផ្ទេរ​អ្នកស្រី​ចេញ​ពី​ប្រធាន​តុលាការ​ខេត្ត​តាកែវ ទៅ​ធ្វើ​ជា​អនុប្រធាន​នៃ​តុលាការ​ខេត្ត​ផ្សេង កាល​ពី​ថ្ងៃ​ទី១៩ ខែកុម្ភៈ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី២០ ខែ​កុម្ភៈ លោកស្រី ពេជ ម៉ារ៉ែន បាន​ត្អូញត្អែរ​នៅ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី១៩​ កុម្ភៈ​ ដោយ​សរសេរ​ថា «ខ្លួន​មាន​កំហុស​បន្តិច​បន្តួច​ បែរ​ជា​ត្រូវ​ជាប់​ទោស​អូស​ដំណើរ​ដោយ​គ្មាន​ការ​លើក​លែង ដោយ​គ្មាន​ការ​សន្ដោស​ និង​គ្មាន​ការ​ទុក​ឱកាស​ឲ្យ​ខ្លួន​ជា​ដើម ទោះ​បី​ខ្លួន​ខិត​ខំ​កែ​លម្អ​ហើយ​ក៏​ដោយ» ដែល​ការ​ត្អូញត្អែរ​នេះ​ទំនង​ជា​សំដៅ​ទៅ​លើ​ការសម្រេច​របស់​ក្រុម​ប្រឹក្សា​វិន័យ។

ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ពន្យល់​ថា លោក​ស្រី ពេជ ម៉ារ៉ែន បាន​ដោះ​លែង​ទណ្ឌិត​ដែល​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ «ឃាតកម្ម» ដែល​ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​កំណត់ ១១​ឆ្នាំ។

ការ​ដោះ​លែង​នេះ​ធ្វើ​ឡើង​នៅ​ពេល​ទណ្ឌិត​រូប​នេះ​អនុវត្ត​ទោស​បាន​តែ​ជាង ៥ ឆ្នាំ​ប៉ុណ្ណោះ ហើយ​នៅ​សល់ ៧​ឆ្នាំ ៤ ខែ​ទៀត ពោល​គឺ​មិន​ទាន់​គ្រប់​លក្ខខណ្ឌ​ ២ភាគ៣ សម្រាប់​ការ​ដោះលែង​មុន​កាល​កំណត់ ដែល​អាច​ស្នើ​ទៅ​គណៈកម្មការ​ជាតិ។

ការ​ដោះ​លែង​មុន​កាល​កំណត់​សម្រាប់​ជន​ល្មើស​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​បែប​នេះ គឺ​ផ្ទុយ​ពី​មាត្រា​ ៥១៣ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និង​គោល​ការណ៍​នៃ​ការ​ដោះ​លែង​ដោយ​មាន​លក្ខខណ្ឌ​ដែល​គណៈកម្មការ​ជាតិ​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ​របស់​ក្រសួងយុត្តិធម៌​បាន​កំណត់។ នេះ​ជា​កំហុស​ធ្ងន់ធ្ងរ​ក្នុង​ការ​អនុវត្ត​វិជ្ជាជីវៈ​ជា​ចៅក្រម។ នេះ​បើ​តាម​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដដែល។

ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ដោះ​លែង​ដោយ​ចៅក្រម​អាច​ធ្វើ​ឡើង​បាន​សម្រាប់​តែ​ជន​ជាប់​ឃុំ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ខណៈ​ដែល​ការ​ដោះ​លែង​ទណ្ឌិត​ដែល​កំពុង​អនុវត្ត​ទោស​ណា​ម្នាក់​ អាច​ធ្វើ​បាន​ដោយ​រាជ​រដ្ឋាភិបាល តាម​រយៈ​សំណើ​សុំ​លើក​លែង​ទោស​ថ្វាយ​ទៅ​ព្រះ​មហាក្សត្រ។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «ក្រុមប្រឹក្សាវិន័យ​បន្ត​ប្រកាន់​ខ្ជាប់​នូវ​ គោលជំហរ​ម៉ឺង​ម៉ាត់​ក្នុង​ការ​រឹត​បន្តឹង​វិន័យ​ចំពោះ​ចៅក្រម និង​ព្រះរាជអាជ្ញា​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់ និង​ខុស​ក្រមសីលធម៌​វិជ្ជាជីវៈ ដើម្បី​ធានា​លើក​កម្ពស់​ទំនុកចិត្ត​ក្នុងការ​អនុវត្តច្បាប់​របស់​តុលាការ ដែល​ជាការ​រួម​ចំណែក យ៉ាង​សំខាន់​ក្នុង​ការធានា​ដល់​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ដែល​ជាបំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ និង​សង្គមជាតិ»។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​នានា ជន​ល្មើស​ដែល​ត្រូវ​បាន​អ្នកស្រី ពេជ ម៉ារ៉ែន ដោះ​លែង មាន​ឈ្មោះ សុខ ចន្ទលីដា។

ជនល្មើស​រូប​នេះ​ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​ ១១ ឆ្នាំ​ពាក់​ព័ន្ធ​ការ​នឹង​អំពើ​ឃាតកម្ម សម្លាប់​គូស្នេហ៍​ដែល​ជា​នារី​បម្រើ​សេវា​ស្រាបៀរ​នៅ​ផ្ទះ​សំណាក់​មួយ​កន្លែង​នៅ​ក្រុង​ដូនកែវ ខេត្ត​តាកែវ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៩។

ទណ្ឌិត​រូប​នេះ​ត្រូវ​បាន​ដោះ​លែង​តាម​រយៈ​ការ​សម្រេច​របស់​អ្នកស្រី ពេជ ម៉ារ៉ែន កាល​ពី​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០២៤។

អ្នក​ជំនាញ​ផ្នែក​ច្បាប់​មួយ​រូប បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មិន​មាន​នីតិវិធី​ណា​មួយ​ចែង​អំពី​ការ​ចាប់​ជន​ល្មើស​មក​អនុវត្ត​ទោស​បន្ត​ទៀត​ទេ​ នៅ​ពេល​ដែល​ការ​សម្រេច​របស់​តុលាការ​បាន​ចូល​ជា​ធរមាន​រួច​ហើយ ដូច​ករណី​ជនល្មើស សុខ ចន្ទលីដា ជាដើម។ ផ្ទុយ​ទៅ​វិញ​ អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ គឺ​អ្នក​ដែល​សម្រេច​ដោះ​លែង ដូច​ក្នុង​ករណី​អ្នកស្រី ពេជ ម៉ារ៉ែន នេះ។

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​ស្រី ពេជ ម៉ារ៉ែន ទទួល​បាន​ការ​កោត​សរសើរ​ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី​ កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ សម្រាប់​ការ​ពន្លឿន​ការ​ដោះស្រាយ​រឿង​ក្ដី​នៅ​តាម​តុលាការ​ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​សំណុំរឿង និង​កាត់​បន្ថយ​ការ​ចង្អៀត​ណែន​នៅ​ពន្ធនាគារ៕