ភ្នំពេញ៖ ដើម្បី​ឆ្លើយតប​ទៅនឹង​ការព្រួយបារម្ភ​របស់​សាធារណជន​ចំពោះ​គុណភាព​ខ្យល់ និង​ការសង្ស័យ​ចំពោះ​ទិន្នន័យ​ផ្លូវការ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បាន​សន្យាថា​នឹង​ពង្រឹង​តម្លាភាព និង​ការអនុវត្ត​ការងារ​ក្នុងការ​ត្រួតពិនិត្យ​បរិស្ថាន​។

​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​ស្ថានីយ​តាមដាន​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ថ្មី (AQMS) កាលពី​ថ្ងៃ​អង្គារ លោក​បានទទួល​ស្គា​ល់ពី​ការ​បារម្ភរបស់​ប្រជាជន​ ហើយ​បានបញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​ផ្តល់នូវ​ទិន្នន័យ​បំពុល​ខ្យល់​ត្រឹមត្រូវ និង​ទាន់ពេលវេលា​។​

​លោក សុផល្លែត បានលើកឡើងពី​មន្ទិលសង្ស័យ​ជុំវិញទិន្នន័យ​​នៃ​ការបំពុល​បរិយាកាស ដោយ​សង្កត់ធ្ងន់ថា​ព័ត៌មាន​មិន​ពិត​បាន​បង្កឱ្យមាន​ការ​ភ័យខ្លាច​​​។​

លោក​បាន​ថ្លែងថា​៖ «​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ យើង​បាន​ជួបប្រទះ​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​គុណភាព​ខ្យល់​។ ប្រជាជន​មិន​ទទួលបាន​ព័ត៌មាន​ពិត​អំពី​កម្រិត​នៃ​ការបំពុល​នោះទេ ហើយ​ដែល​ធ្វើឱ្យ​មានការ​ព្រួយ​បារ​ម្ភ​ជា​សាធារណៈ ជាពិសេស​ជាមួយនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ពេលខ្លះ​និយាយ​ហួសហេតុ​ការពិត​»​។​

​លោក​បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ទទួលស្គាល់​ការព្រួយបារម្ភ​របស់​ប្រជាជន​កម្ពុជា​ជុំវិញ​ការបំពុល​បរិយាកាស ហើយ​ប្តេជ្ញា​ផ្តល់​ទិន្នន័យ​ដែល​អាច​ទុកចិត្តបាន​។​

លោក​បាន​បន្ថែមថា៖ «​ប្រជាជន​ព្រួយបារម្ភ​អំពី​សុខភាព​របស់​ពួកគាត់​ អំពី​ការបំពុល ​​នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​កំពុង​អនុវត្ត​ប្រព័ន្ធ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​នេះ។ ដូច្នេះ​សាធារណជន​អាច​ទទួលបាន​ព័ត៌មាន​ពិត​តាមបែប​វិទ្យាសាស្ត្រ»។​

​ស្ថានីយតាមដាន​​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ដែល​បាន​ដំឡើង​ថ្មី ​ក្រោម​មូលនិធិ​សហប្រតិបត្តិការ​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ (AKCF) ត្រូវបានបង្កើត​ឡើង​ដើម្បី​ផ្តល់​ទិន្នន័យ​ពេលវេលា​ជាក់ស្តែង​អំពី​កម្រិត​បំពុល​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​លោក សុផល្លែត បាន​និយាយថា ស្ថានីយតាមដាន​​ត្រួតពិនិត្យ​គុណភាព​ខ្យល់​​​នេះ មិនមែន​គ្រាន់តែ​ជា​គ្រឿង​បរិក្ខារ​ប៉ុណ្ណោះ​ទេ​។​

​ពួកវា​ក៏​ជា​ឧបករណ៍​ដ៏​មាន​អានុភាព​​ក្នុងការ​​អនុវត្ត​យុទ្ធសាស្ត្រ​សន្តិសុខ​បរិស្ថាន​ប្រកបដោយ​ប្រសិទ្ធភាព វាយតម្លៃ​យ៉ាង​ត្រឹមត្រូវ​អំពី​ស្ថានភាព​គុណភាព​ខ្យល់​បច្ចុប្បន្ន កំណត់​អត្តសញ្ញាណ​ចំណុចក្តៅ និង​ប្រភព​នៃ​ការបំពុល និង​តាមដាន​ប្រសិទ្ធភាព​នៃ​គំនិត​ផ្តួចផ្តើម​ខ្យល់​ស្អាត​​។​

លោក​បាន​បញ្ជាក់ថា​៖ «​​ខ្ញុំ​មិន​ចង់​លាក់អី​​ទេ​ពីព្រោះ​ការ​លាក់​បាំង​​មិន​ត្រឹមត្រូវ​ទេ​។ សាធារណជន​មាន​សិទ្ធិ​ដឹង​​។ ​ដើម្បី​អាច​បម្រើ​ពួកគាត់​​បាន​កាន់តែ​ល្អ យើង​ត្រូវ​ប្រាប់​ពួកគេ​ថា​មាន​អ្វី​កើតឡើង​»​។​

លោក អ៊ាង សុផល្លែត បានស្នើ​ឱ្យ​ធ្វើការ​ផ្សាយ​ផ្ទាល់​លើ​កម្មវិធី​ទូរស័ព្ទ (App) របស់កម្ពុជា និង​អាស៊ាន​​ឧបករណ៍តាមដាន​គុណភាពខ្យល់ (AQMS) សម្រាប់​ប្រជាជន​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​មូល​អាច​មើល​ឱ្យ​ដឹង​ទាំងអស់ កុំឱ្យ​មាន​ការ​យល់​ច្រលំពីគ្នា​ទៅវិញ​ទៅមក​ រួមទាំងការ​បង្ហាញ​ពី​ទិស​ដៅ​បក់​របស់​ខ្យល់​ដើម្បី​ងាយស្រួល​ក្នុងការ​ការពារ​ខ្លួន​ និងវិធានការ​សុខភាព​។

លោករដ្ឋមន្ដ្រីបាន​បន្ដថា​៖ «​ខ្ញុំ​បាន​ស្នើ​ដល់​ភាគី​កូរ៉េ​នូវ​រូបភាព​ផ្សាយ​បន្ដផ្ទាល់​ពី​ផ្កាយរណប​ ហើយ​យើង​រំពឹង​នឹង​បាន​ទទួល​នូវ​រយៈ​ពេល​ប៉ុន្មាន​ខ្មែរ​ខាង​មុខ​នេះ។ ដូច្នេះ​ យើង​អាច​មាន​រូបភាព​ពី​ផ្កាយរណប ទិស​ខ្យល់ និងទំហំ​គុណភាព​ខ្យល​ពុល ដែល​អាច​ឱ្យ​ប្រជាជន​ដឹង​ច្បាស់​តែម្ដង​»។

លោក សុផល្លែត បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា គោលដៅ​គឺ​ផ្តល់ព័ត៌មាន​ពិត លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ និង​លើកទឹកចិត្ត​ឱ្យមាន​វិធានការ​ការពារ​ខ្លួន​។ ក្រសួង​ចាត់វិធានការ​ដើម្បី​ធានាថា ​គុណភាព​ខ្យល់​នៅ​កម្ពុជា​នៅតែ​ល្អ ឬ​ប្រសើរឡើង​។​

​លោក​​រដ្ឋមន្ត្រី​បាន​ពន្យល់ថា យុទ្ធសាស្ត្រ​ផ្តោតលើ​ការដោះស្រាយ​លក្ខខណ្ឌ​ដោយ​យុត្តិធម៌​ជាមុនសិន ដោយ​ធានាថា​ ព័ត៌មាន​ត្រឹមត្រូវ​ត្រូវបាន​ផ្តល់ជូន​សាធារណៈជន​។​

​លោក​បញ្ជាក់ថា សាធារណជន​មាន​សិទ្ធិ​ដឹង​ពី​គុណភាព​គ្រប់យ៉ាង ហើយ​តួនាទី​របស់​ក្រសួង​គឺ​បម្រើ​សាធារណជន​។ លោក​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ការចែករំលែក​ព័ត៌មាន និង​ការចូលរួម​របស់​សាធារណជន​ក្នុង​សកម្មភាព​។​

​គោលដៅ​គឺ​ដើម្បី​ផ្តល់នូវ​ទិន្នន័យ​ត្រឹមត្រូវ បង្កើន​ការយល់ដឹង និង​បើក​សកម្មភាព​សម្របសម្រួល ខណៈពេលដែល​កំណត់​អត្តសញ្ញាណ និង​ផ្តល់​អាទិភាព​ដល់​ប្រភព​បំពុល ដូចជា​ភ្លើង និង​រោងចក្រ​សម្រាប់​សកម្មភាព​បន្ថែមទៀត​។​

លោកបាន​ស្នើ​ប្រជាជន​ទាញយក​ App គុណភាព​ខ្យល់​របស់​កម្ពុជា ដែល​បាន​ផ្សាយ​បន្ដ​ផ្ទាល់​ពី​ស្ថានីយ​ទាំង​ជាង ៦០​របស់​កម្ពុជា ដោយ​មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ ហើយ​ប្រជាជន​មាន​ការ​ប្រុង​ប្រយ័ត្ន​ នៅពេល​មើល​ឃើញ​តំបន់​មាន​ប្រែពណ៌​ខ្យល់​កខ្វក់​៕