ភ្នំពេញៈ អាកាសចរណ៍ស៊ីវិលកម្ពុជា បានរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់​ទ្រាយ​ធំ ក្នុងការគ្រប់គ្រងគ្រោះអា​សន្ន នៃការធ្លាក់យន្តហោះ (AIRPEX) នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់ពីម៉ោង ៧ នាទីព្រឹក និងដល់ម៉ោង១២ថ្ងៃត្រង់ នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈនេះ។

ការធ្វើលំហាត់សមយុទ្ធនេះ ក៏រួមមានទាំងការដុតប្រេង និងកង់ឡានចាស់ៗ ដើម្បីបង្កើតបានជាអណ្តាតភ្លើង និង ផ្សែងខ្មួលខ្មាញ់ ដែលជាសិប្បនិម្មិតនៃការធ្លាក់យន្តហោះ ហើយដែលត្រូវជួយ​សង្គ្រោះជនរងគ្រោះបន្ទាន់។ វាក៏ជាប្រធានបទ ក្នុងការធ្វើលំហាត់សមយុទ្ធនេះផងដែរ។

ក្រសួងព័ត៌មានបញ្ជាក់ថា៖«លំហាត់សមយុទ្ធនេះ រៀបចំឡើង ដើម្បីជាបទពិសោធន៍ និងចំណេះដឹងដល់ស្ថាប័ន ភ្នាក់ងារពាក់ព័ន្ធនានា លើការងារជួយសង្គ្រោះជនរងគ្រោះ នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះដែលអាចកើតមានជាយថាហេតុ»។

ការធ្វើលំហាត់សមយុទ្ធ សង្រ្គោះជនរងគ្រោះ ពីការធ្លាក់យន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត ក្រសួងព័ត៌មាន

​ការធ្វើលំហាត់សមយុទ្ធនេះ ​មានការចូលប្រតិបត្តិការពីកម្លាំងពាក់ព័ន្ធទាំងអស់។ គេសង្កេតឃើញថា ក្នុងសកម្មភាព នៃការបង្កើតសិប្បនិម្មិតនៃការធ្លាក់យន្តហោះនោះ ក៏មានការចល័ត​រថយន្តអគ្គិភ័យ រថយន្តសង្គ្រោះ ដោយមានការចូលរួមពីអាជ្ញាធរដែនដីសាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ មន្ទីរពេទ្យនានា ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន SCA/CAMS និងក្រុមហ៊ុនចរាចរណ៍ដែនអាកាស CATS ។ នេះបើយោងតាមក្រសួងព័ត៌មាន។

ការធ្វើលំហាត់សមយុទ្ធនេះ ក៏មានការប្រកាសអាសន្នដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់ អាវុធ ក្រុមរថយន្តសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យនានា និងក្រុមពន្លត់អគ្គីភ័យ ដែលមានទីតាំងនៅក្នុងរាជធានី ភ្នំពេញផងដែរ។

សេចក្តីជូនដំណឹងបានជម្រាបជូន ដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាប និងកុំមានការព្រួយបារម្ភ ដោយសារតែការធ្វើលំហាត់សមយុទ្ធ៕