
កញ្ញា រិន ធាណា អាយុ ២៧ឆ្នាំ ការផ្លាស់ប្តូរពីកម្មការិនីរោងចក្រកាត់ដេរ មកជាអ្នកបើកបររថយន្តធុនយក្សដែលដឹកថ្មរ៉ែជិត ១០០តោន។ រូបថត ហុង រស្មី
មណ្ឌលគិរី៖ សំឡេងទាន់ទ្រហឹងនៃម៉ាស៊ីនរថយន្ដធុនយក្ស និងធូលីដីប៉ើងហុយទ្រលោមក្នុងបរិវេណនៃអណ្តូងរ៉ែមាសតំបន់អូរខ្វាវ ក្នុងស្រុកកែវសីមា ជាពិភពមួយដែលនៅឆ្ងាយពីម៉ាស៊ីនដេរ។
ប៉ុន្តែសម្រាប់កញ្ញា រិន ធាណា អាយុ ២៧ឆ្នាំ ការផ្លាស់ប្តូរពីកម្មការិនីរោងចក្រកាត់ដេរ មកជាអ្នកបើកបររថយន្តធុនយក្សដែលដឹកថ្មរ៉ែជិត ១០០តោន គឺជាដំណើរនៃភាពក្លាហាន ការតាំងចិត្ត រួមទាំងឱកាស។
កាលពីបីឆ្នាំមុន កញ្ញា រិន ធាណា បានធ្វើការផ្លាស់ប្តូរអាជីពដែលមិននឹកស្មានដល់ ដោយបានចាកចេញពីទម្លាប់ដេរដដែលៗលើក្រណាត់ មកជាការបញ្ជាដៃចង្កូតរថយន្ដធុនយក្សក្នុងរណ្ដៅជម្រៅរាប់រយម៉ែត្រនៃខេត្តមណ្ឌលគិរី។
សព្វថ្ងៃនេះ កញ្ញាគឺជាអ្នកបើកបរស្រីម្នាក់ក្នុងចំណោមអ្នកបើកបរជាង ២០ នាក់ ក្នុងចំណោមរថយន្ដ ១២គ្រឿង និងឡានធុនមធ្យម ៣គ្រឿង ដែលគ្រប់គ្រងយានជំនិះដ៏ធំសម្បើមនៅឯការដ្ឋានជីកយករ៉ែមាសដ៏ធំតែមួយគត់របស់ប្រទេសកម្ពុជា ដែលដំណើរការដោយក្រុមហ៊ុន Renaissance Minerals Cambodia ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Emerald Resources ចុះបញ្ជីនៅអូស្ត្រាលី។

ឡានដឹកថ្មរ៉ែបើកឡើងចុះអណ្តូងរ៉ែមាសតំបន់អូរខ្វាវ ក្នុងស្រុកកែវសីមា។ រូបថត ហុង រស្មី
កញ្ញា ធាណា បាននិយាយដោយឈរនៅក្បែរឡានយក្សដែលកង់របស់វាមានជិតពីរដងនៃកម្ពស់របស់កញ្ញាថា៖ «ដំបូងឡើយ វាគួរឱ្យខ្លាចណាស់។ ប៉ុន្តែឥឡូវនេះ វាមានអារម្មណ៍ធម្មជាតិ។ ខ្ញុំមិនដែលនឹកស្មានថា ខ្ញុំនឹងបើកឡានធំនេះទេ ប៉ុន្តែឥឡូវនេះខ្ញុំចូលចិត្តវា»។
ដំណើររបស់ ធាណា បានចាប់ផ្តើមជាមួយនឹងការលើកទឹកចិត្តដ៏សាមញ្ញ ប៉ុន្តែមានថាមពល ស្ថិរភាព និងសុវត្ថិភាព ដែលក្រុមហ៊ុនរុករករ៉ែផ្តល់ការបណ្តុះបណ្តាលដ៏មត់ចត់ ប្រាក់ខែកាន់តែប្រសើរ និងកាលវិភាគការងារដែលមានរចនាសម្ព័ន្ធ។
កញ្ញា ធាណា បានរៀនបើកបរក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ជាដំបូងនៅសាលាបង្រៀនបើកបរ ហើយបន្ទាប់មកដោយមានការហ្វឹកហាត់ផ្ទាល់នៅក្រុមហ៊ុន និងអនុវត្ដជាក់ស្ដែង។
កញ្ញានិយាយទាំងញញឹមថា៖ «ខ្ញុំមិនដែលចេះបើកឡានពីមុនមកទេ។ ខ្ញុំចាប់ផ្តើមរៀននៅខាងក្រៅមុនពេលចូលរួមក្រុមហ៊ុន ហើយគ្រូបង្រៀនមានចិត្តអត់ធ្មត់នឹងពួកយើង។ យើងត្រូវបានហ្វឹកហ្វឺនរហូតដល់យើងមានអារម្មណ៍ជឿជាក់លើការបើកបរដោយខ្លួនយើង»។

អ្នកបើកបរស្រីម្នាក់ក្នុងចំណោមអ្នកបើកបរជាង ២០ នាក់ ក្នុងចំណោមរថយន្ដ ១២គ្រឿង និងឡានធុនមធ្យម ៣គ្រឿង។ រូបថត ហុង រស្មី
រៀងរាល់ព្រឹក យុវតី ធាណា ពាក់ឈុតសុវត្ថិភាពពណ៌ទឹកក្រូច ស្បែកជើងកវែងក្រាស ឡើងចូលទៅក្នុងកាប៊ីនឡានដ៏ធំទូលាយ និងខ្ពស់ ហើយចាប់ផ្តើមកិច្ចការដឹកថ្មរ៉ែឡើងចុះរណ្ដៅរ៉ែមាស ដែលបច្ចុប្បន្នមានជម្រៅជាង ២០០ម៉ែត្រ និងមុខកាត់លើស ៦០០ម៉ែត្រ។
ទោះបីជាមានលក្ខខណ្ឌមិនសូវអំណោចផលចំពោះស្រ្ដី ដែលត្រូវនៅក្រោមកម្ដៅថ្ងៃ ធូលីក្រាស់ និងការវេនធ្វើការដោយត្រូវចំណាយពេលរហូតដល់ ២៨ថ្ងៃ មុនពេលបានសម្រាក ១៤ថ្ងៃជាប់គ្នាវិញ។
កញ្ញាពន្យល់ថា៖ «ទោះវាមានទំហំ ដែលផ្ទុករហូតដល់ ៩៥តោន ការបញ្ជាចង្កូត smooth ធម្មតា ដោយវាមានតែបច្ចេកវិទ្យាស្វ័យប្រវត្ដិជាច្រើន ដែលមានការកំណត់ល្បឿន»។
ការតស៊ូរបស់កញ្ញា ធាណា ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរកាន់តែទូលំទូលាយនៅក្នុងឧស្សាហកម្មរ៉ែ ដែលស្ត្រីកំពុងកាន់តួនាទីកាន់តែខ្លាំងឡើងតាមប្រពៃណីដែលគ្រប់គ្រងដោយបុរស។
នៅតំបន់អូរខ្វាវ អ្នកបើកបរជាស្ដ្រីមានចំនួនច្រើនជាងបុរស ដោយបង្ហាញថា យេនឌ័រមិនមែនជាឧបសគ្គក្នុងការកាន់គ្រឿងចក្រធុនធ្ងន់នោះទេ។

រថយន្តធុនយក្សអាចដឹកថ្មរ៉ែទម្ងន់ជិត ១០០តោន។ រូបថត ហុង រស្មី
ការងារជាអ្នកបើករថយន្ដយក្សនេះមិនត្រឹមតែផ្តល់នូវឯករាជ្យភាពផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវទំនុកចិត្ត និងជំនឿចិត្ដផងដែរ។
កញ្ញាបាននិយាយថា៖ «ខ្ញុំមានអារម្មណ៍រឹងមាំ។ ខ្ញុំមានអារម្មណ៍ថាមានសមត្ថភាព។ ការងារនេះបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថា ស្ត្រីកាន់តែច្រើនដឹងថា ពួកគេអាចធ្វើបានផងដែរ»។
ចាប់តាំងពីការបង្ហូរមាសលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០២១ គម្រោងរ៉ែមាសអូរខ្វាវ បានចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចក្នុងស្រុក ដោយផលិតមាសបានប្រហែល ៣ តោនក្នុងមួយឆ្នាំ។
រណ្តៅអណ្តូងរ៉ែបច្ចុប្បន្នមានប្រវែង ៦០០ ម៉ែត្រ និងជម្រៅ ២១០ ម៉ែត្រ ខណៈការជីកបន្តរហូតដល់មានប្រវែង ៨០០ ម៉ែត្រ និងជម្រៅ ៤១៥ ម៉ែត្រ៕