កោះកុងៈ បំណែកផូស៊ីលសត្វឆ្អឹងកងជាច្រើន ផូស៊ីលឈើ និងសិលាផ្សេងៗជាច្រើនទៀត ត្រូវបានយកទៅមន្ទីរពិសោធន៍ ដើម្បីកំណត់អត្តសញ្ញាណ បន្ទាប់ពីត្រូវបានរកឃើញនាពេលថ្មីនេះ ដោយមន្រ្តីជំនាញ របស់ក្រសួងបរិស្ថាន។

ក្រសួងបានឱ្យដឹងថា ក្រុមការងារនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រ​សួង​បរិស្ថានបានចុះសិក្សា និងប្រមូលសំណាកគំរូ នៅក្នុងស្ថានីយកោះមូល ដែលត្រូវបានរកឃើញផូស៊ីលអណ្ដើកកាលពីឆ្នាំ២០២៤។ ស្ថានីយកោះមូល ដែលស្ថិតនៅក្នុងភូមិ១ ឃុំកោះកាពិ ស្រុកកោះកុងខេត្តកោះកុង និងស្ថានីយភ្នំតាមាន ក្នុងខេត្តកោះកុងដែរនោះ គឺមានអាយុ កាលចាស់ជាង៦៥លានឆ្នាំមុន។

ក្រសួងបញ្ជាក់ថា៖«ជាលទ្ធផល ក្រុមការងារបានរកឃើញបំណែកផូស៊ីលសត្វឆ្អឹងកង មួយចំនួន និងផូស៊ីលឈើ និងសិលានានាជាច្រើន។ បំណែកផូស៊ីល និងសិលាទាំងនេះ និងត្រូវបន្តយកទៅសំអាត និងសិ​ក្សាបន្តនៅមន្ទីរពិសោធន៍ ដើម្បីកំណត់អត្តសញ្ញាណ ប្រភេទនិង ពូជសត្វ រុក្ខជាតិ»។

ការចុះសិក្សានេះ ក៏មានការចូលរួម ពី អ្នកជំនាញផ្នែកផូស៊ីលអន្តរជាតិ៤នាក់ អ្នកជំនាញផ្នែកភូគព្ភសាស្រ្ត និស្សិតមកពីបណ្ដាសកលវិទ្យាល័យនានាដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ការយកទៅសិ​ក្សាបន្តនៅមន្ទីរពិសោធន៍នេះ ក៏ធ្វើឡើង ដូចជា សិលានានាផងដែរ ដើម្បីអ្នកជំនាញ អាចសន្និដ្ឋានពីបរិស្ថាននាសម័យដែលសត្វទាំងនោះរស់នៅ។

នាយកដ្ឋានតំបន់បេតិកភណ្ឌបានទទួលគំរោងស្រាវជ្រាវ ស្ដីពី ការកំណត់អត្តសញ្ញាណផូស៊ីល និង ស្រ្តាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ពីអង្គការយូណេស្កូ តាមរយៈ គណៈកម្មការជាតិយូណេស្កូកម្ពុជា។

ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ ក៏ធ្លាប់បានកំណាយ និងរកឃើញផងដែរ នូវហ្វូ​ស៊ី​ល​ដាយ​ណូ​ស័​រ នៅលើ​កោះ​ប៉ោ ស្ថិត​ក្នុង​ភូមិ​កោះ​ប៉ោ ឃុំ​បាក់​​ខ្លង ស្រុក​មណ្ឌល​សីមា ខេត្ត​កោះ​កុង កាលពីវិច្ឆិកា ឆ្នាំ​២០២២កន្លងមក។

ការរកឃើញហ្វូស៊ីលនៅកម្ពុជាលើកដំបូង គឺនៅក្នុងឆ្នាំ ២០១៧ ហើយជាបន្តបន្ទាប់ មន្ត្រីជំនាញបរិស្ថានបានរកឃើញហ្វូស៊ីលជាច្រើនប្រភេទ ដូជាផូស៊ីលសត្វសមុទ្រ ដើមឈើក្លាយជាថ្ម និងហ្វូស៊ីលដាយណូស័រថ្មីនេះជាដើម។

រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានរកឃើញស្ថានីយហ្វូស៊ីលជាង៤០ ស្ថានីយហើយ៕