កំពង់ស្ពឺៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានចុះពិនិត្យតំបន់ភ្នំខ្នងផ្សារ នៃឧទ្យានជាតិជួរភ្នំក្រវាញ នៅក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈនេះ ដើម្បីរៀបចំសកម្មភាពលំហែបៃតង ខណៈភ្ញៀវទេសចរណ៍ជាង១០០នាក់បានទៅកំសាន្តនៅតំបន់នេះ នៅដើមឆ្នាំ២០២៥។

ខ្នងផ្សារ ដែលជាទីតាំងប្រសព្វ​ រវាងខេត្តកោះកុង កំពុងស្ពឺ និង​ខេត្ដ​ពោធិ៍សាត់បានកំពុងតែទាក់ទាញទាំងអ្នកទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្ត ជាលក្ខណៈផ្សងព្រេង។

ការចុះទៅពិនិត្យរបស់លោករដ្ឋមន្រ្តីនេះគឺ«ដើម្បីបង្កើនឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីផ្សារភ្ជាប់ជាមួយនឹងសហគមន៍ និងជួយបង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន»។

លោករដ្ឋមន្រ្តីបានធ្វើដំណើរទស្សនកិច្ច ដោយថ្មើរជើងចំងាយឡើងភ្នំ ជាង៣គីឡូម៉ែត្រ និងបានឆ្លងកាត់តំបន់ទេសភាពធម្មជាតិ យ៉ាងល្អប្រណិតៗ ដូចជាវាលស្រល់បៃតងស្រស់ ខ្យល់អាកាសបរិសុទ្ធ ឆ្លងកាត់ភ្នំខ្នងក្រពើ បន្តទៅភ្នំខ្នងស្រូវ និងបន្តមកតំបន់ភ្នំខ្នងផ្សារ ដែលរដូវនេះ បានរំលេចចេញឱ្យឃើញទេសភាពដូចក្រាលព្រំពណ៌មាសលើភ្នំ គួរជាទីមនោរម្យ។

លោករដ្ឋមន្រ្តី មានប្រសាសន៍ថា ស្រប​តាមគោលន​យោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងតាមការណែនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្រសួងបរិស្ថាន បានកំពុងពិនិត្យលើការអភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីតភ្ជាប់កន្លែងនីមួយៗ ដែលមានសម្បតិ្តធម្មជាតិ ឬបេតិកភណ្ឌ ដែលមានសកម្មភាពទេសចរណ៍ ដើម្បីផ្តល់ផលប្រយោជន៍ដល់សហគមន៍។

ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោកចាន់ថេត ថានរៈបានឱ្យដឹងថា ភ្ញៀវទេចរណ៍ ដែលឡើងកំសាន្តលើភ្នំខ្នងផ្សារនៅក្នុងខែមករា ឆ្នាំ២០២៥នេះ មាន៤៥នាក់។ ក្នុងនោះមានភ្ញៀវទេសចរណ៍ជនបរទេស ចំនួន៥នាក់។

រីឯនៅខែកុម្ភៈ ឆ្នាំ២០២៥នេះផងដែរ មានភ្ញៀវទេសចរណ៍ឡើងកំសាន្តលើភ្នំខ្នងផ្សាសរុបចំនួន៩២នាក់ ដែលក្នងនោះមានភ្ញៀវជនបរទេសសរុបចំនួន២០នាក់។

រដ្ឋបាលខេត្តកំពង់ស្ពឺបានចាត់ទុក ខ្នងផ្សារ ជា «ឋានសួគ៌ធម្មជាតិ» ដែលជាតំបន់សម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលង់ភ្នំខ្ពស់ៗ វាលស្មៅដ៏ស្រស់ស្អាត។ លើសពីនោះ វាសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។

ពេលព្រឹកព្រលឹមអ្នកទេសចរគួរធ្វើដំណើរទៅកាន់ ពយខ្នងផ្សារ ដើម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងខ្មួញខ្មាញ់។

រីឯ នៅពេលល្ងាចគេអាចទស្សនាថ្ងៃលិចពីលើខ្នងភ្នំផងដែរ។ ទេសភាពព្រៃព្រឹក្សា សម្បូរដោយសព្វសត្វបក្សាបក្សី បានធ្វើភ្ញៀវទេសចរណ៍ ដែលបានឡើងទៅដល់កំពូលភ្នំខ្នងផ្សារហើយ បាត់អស់ទុក្ខកង្វល់ ស្រូបយកនូវបរិយាកាសធម្មជាតិ ពេលឡើងដល់កំពូលភ្នំ។

ខ្យល់បកប៉ះរៀងកាយ សំលឹងមើលទៅឆ្ងាយបន្តិចពពក ហោះកាន់ព្រៃយ៉ាងក្រាស់ ជារសជាតិថ្មីមួយ សម្រាប់អ្នកទេសចរដែលបានទៅកំសាន្តបានប្រសិទ្ធមានថា «ឋានសួគ៌ធម្មជាតិ»។

ទោះយ៉ាងណាទំរាំបានទៅដល់កំពូលភ្នំ ភ្ញៀវទេសចរណ៍បានជួបនូវទុកលំបាកជាច្រើន តាមរយៈការធ្វើដំណើរដោយថ្នើរជើងប្រមាណជាង ៥ទៅ ៧ម៉ោង។ ដែលក្នុងនោះ ក៏អាចមានការជិះគោយន្តសហគមន៍ផងដែរ។

ការធ្វើដំណើរទៅកាន់ខ្នងផ្សារ គឺ ទៅតាមផ្លូវជាតិលេខ៤ ក្នុងទីរួមខេត្ត​កំពង់ស្ពឺ ដើម្បីឡើងទៅភ្នំ កាត់តាមទី​ស្នាក់ការបរិស្ថាននៅតំបន់នោះ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យា បានឱ្យដឹងថា គិតត្រឹម ឆ្នាំ២០២៤ សហមន៍តំបន់ការពារធម្មជាតិ សរុបចំនួន១៩៣សហគមន៍ ត្រូវបានបង្កើត ដែលគ្របដណ្តប់លើផ្ទៃដី ៣៣២ ១០៨ ហិកតា នៅក្នុង ៣៦២ភូមិ ១១៥ឃុំ នៃ១៥ខេត្ត។ សហគមន៍ទាំងនោះមានសមាជិកសរុបចំនួន  ៧៣ ១៤៩គ្រួសារ៕