
ម៉ូតូជាង៤ពាន់គ្រឿង តម្លៃជាង១៣ម៉ឺនដុល្លារ ត្រូវបានប្រកាសដាក់ដេញថ្លៃលក់ជាសាធារណៈ។ រូថថត ហ្វេសប៊ុក
ភ្នំពេញៈ ម៉ូតូជាង៤ពាន់គ្រឿងត្រូវបានប្រកាសដាក់ឱ្យដេញថ្លៃលក់ជាសាធារណៈ ដែលមានតម្លៃមូលដ្ឋាន១៣៦ ៣២០ ដុល្លារ បន្ទាប់ពីត្រូវបានចាប់រឹបអូសយកជាសំណល់អេតចាយនាពេលកន្លងមក ដោយដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ។
គណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង (គ.គ.ច.វ.)កាលពីថ្ងៃទី២១ ខែកុម្ភៈបានជូនដំណឹងដល់សាធារណជនថា គ.គ.ច.វ. នឹងធ្វើការ ដាក់ឱ្យដេញថ្លៃលក់ជាសាធារណៈនូវ វត្ថុតាង/វត្ថុចាប់យកជាសំណល់អេតចាយ នូវទោចក្រយានយន្ត សរុបចំនួន ៤ ៥៤៤គ្រឿង របស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ។
ម៉ូតូទាំងនោះ រួមមានចំនួន៤ ០៧៦គ្រឿង របស់សាលាដំបូងរាជធានីភ្នំពេញ ដែលមានតម្លៃមូលដ្ឋាន១២២ ២៨០ដុល្លារអារមេរិក។ ការលក់ និងទទួលពាក្យសុំដេញថ្លៃ គឺចាប់ពីថ្ងៃទី២១ ដល់ដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ។
រីឯ នៅសាលាដំបូងខេត្តព្រះសីហនុមានម៉ូតូ៤៦៨គ្រឿង ដែលមានតម្លៃមូលដ្ឋាន១៤ ០៤០ដុល្លារអាមេរិក។ ការលក់និងទទួលពាក្យសុំដេញថ្លៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៥នេះ។
គ.គ.ច.វ. ដែលត្រូវបានបង្កើតឡើងស្របតាមប្រកាស រួមលេខ ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងយុត្តិធម៌ បានឱ្យដឹងថា រូបវ័ន្តបុគ្គល និងនីតិបុគ្គលទាំងអស់ អាចចូលរួមដេញថ្លៃបានដោយត្រូវបំពេញសំណុំបែបបទ និង លក្ខខណ្ឌដូចមានចែងក្នុងសៀវភៅបន្ទុកដេញថ្លៃ។
កន្លែងលក់ និងទទួលពាក្យស្នើសុំចូលរួមដេញថ្លៃ គឺនៅអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃ ក្រសួងយុត្តិធម៌ រៀងរាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់ និងចាប់ពីម៉ោង២ រសៀលដល់ម៉ោង ៥នាទីល្ងាច។
ចំពោះកន្លែង និងដំណើរការដេញថ្លៃ គឺនឹងប្រព្រឹត្តទៅនៅអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃក្រសួងយុត្តិធម៌ តាមកាលបរិច្ឆេទ ដែលជូនដំណឹងនៅពេលក្រោយ៕