បន្ទាយមានជ័យ៖ សមត្ថកិច្ច​កម្ពុជាបាន​​​ឆ្មក់​ចូល​ទីតាំង​ពីរ​កន្លែង​ ដោយ​រក​ឃើញ​ជន​បរទេស​​សរុប​ ២៣០​នាក់ (​ស្រី ៦៨​នាក់​) ក្នុងនោះ​មាន​ជនជាតិ​ថៃ​ចំនួន ១២៣​នាក់ (​ស្រី ៥៩​នាក់​)​​​កំពុង​សម្ងំ​លាក់ខ្លួន​លួចលាក់​ធ្វើ​ប្រតិបត្តិការ​អន​ឡាញ​ខុសច្បាប់។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួង​មហាផ្ទៃ បាន​ឱ្យដឹង​ថា ទី​២២ និង ២៣ ខែកុម្ភៈ ​គណៈបញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ធ្វើ​ការចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​លើ​ទីតាំង​ចំនួន ០២​ទីតាំង ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបន្ទាប់ពី​បានធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​ទីតាំង ខាងលើ​រយៈពេល​ជាង​បី​ខែ​កន្លងមក​។

សមត្ថកិច្ចកម្ពុជាបានចូលឆ្មក់ទីតាំងពីរកន្លែង ដោយរកឃើញជនបរទេសសរុបចំនួន ២៣០នាក់ (ស្រី ៦៨នាក់)។ រូបថត សហការី

​សេចក្តីប្រកាស​ព័ត៌មានបាន​បង្ហាញថា​៖ «​ក្នុងចំណោម​បរទេស ២៣០​នាក់ មាន​មេក្លោង​ជា​ជន​ជាតិចិន ពលរដ្ឋ​ថៃ​ទាំង​១២៣​នាក់ នគរបាលជាតិ​កម្ពុជា​នឹង​ស្នើសុំ​កិច្ចសហការ​ជាមួយ​នគរបាល​ភូមិន្ទ​ថៃ ដើម្បី​មាន​វិធាន​ការបន្ត»។

សមត្ថកិច្ច​ទាំងពីរ​ប្រទេស​បាន​​សហការ​ដើម្បី​កំណត់​មុខសញ្ញា​មេក្លោង​សំខាន់​ដទៃទៀត និង​ឈានទៅ ស្វែងរក​ចាប់ខ្លួន​ជនល្មើស​ជា​មេក្លោង​យកមកអនុវត្ត​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ចំពោះជនបរទេសផ្សេងទៀត សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងចាត់វិធានតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ រូបថត សហការី

ប្រភព​ព័ត៌មាន​បាន​បន្ដថា​៖ «ចំពោះ​ជនបរទេស​ផ្សេងទៀត សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ និង​ចាត់​វិធាន​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»។

ប៉ូលិស​កម្ពុជា និង​ថៃ​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ​ចំនួន ២១៥ នាក់ ក្នុងនោះ​មាន​ជនជាតិ​ថៃ ១០៩ នាក់ ពី​ក្រុម​ឆបោក​តាម​មជ្ឈមណ្ឌល​ទូរស័ព្ទ​នៅ​ក្រុង​ប៉ោយប៉ែត​។ អាជ្ញាធរ​បន្ត​ស៊ើបអង្កេត​រក​អត្តសញ្ញាណ​ជនដៃដល់ និង​ជនរងគ្រោះ​៕