
លោកបេន ដេវីសកំពុងតែពន្លត់ភ្លើងឆេះព្រៃ ដែលបង្កឡើងដោយអ្នកប្រមាញ់សត្វព្រៃ នាពេលថ្មីៗនេះ។ រូបថត តាន់ គឹមសួរ
ព្រះវិហារៈ ទឹកប្រាក់ជាង១៤ ០០០ដុល្លារហើយត្រូវបានបរិច្ចាគជូនសកម្មជនព្រៃឈើ ដើមកំណើតអាមេរិកកាំង លោក បេន ដេវីសគិតត្រឹមរសៀលថ្ងៃច័ន្ទ ទី២៤កុម្ភៈនេះ សម្រាប់លោកបន្តសកម្មភាពការពារព្រៃឈើទំហំជាង៥ម៉ឺនហិកតា ជាពិសេសទប់ស្កាត់ភ្លើងឆេះព្រៃនៅក្នុងរដូវប្រាំងនេះ។
បើមើលតាមរយៈផ្កាយរណប ព្រៃឈើចន្លោះពីជាង៣ម៉ឺន ទៅ៤ម៉ឺនហិកតាត្រូវបានភ្លើងឆេះ ដោយសារតែសកម្មភាពរបស់មនុស្ស។ ស្ពានសំខាន់ៗសម្រាប់ការធ្វើដំណើរ ក៏ត្រូវបានភ្លើងឆេះបំផ្លាញផងដែរ។
ការបរិច្ចាគនេះបាននឹងកំពុងតែធ្វើឡើង តាមរយៈការអំពាវនាវរបស់លោកបេន និងលោកតាន់ គឹមសួរ ប្រធាន សមាគមយុវជនស្រលាញ់ធម្មជាតិកាលពីថ្ងៃទី២២ ខែកុម្ភៈ បន្ទាប់ពីលោកបេន អស់ថវិកាជំនួយ និងថវិកាផ្ទាល់ខ្លួនផងដែរ។ លោកបានទៅពឹងពាក់ខ្ចីប្រាក់ពីមិត្តភក្តិ ដើម្បីបន្តសកម្មភាពការពារព្រៃឈើនៅតំបន់អភិរក្សភ្នំត្នោត។
បេន បាននិយាយថា៖«ខែប្រាំង វាមានបញ្ហា ភ្លើងឆេះព្រៃច្រើន។ ដូច្នេះវាហត់នឿយនឹងការការពារភ្លើងឆេះព្រៃ។ និយាយឱ្យចាំ វាហត់ខ្លាំង នៅពេលភ្លើងឆេះ ព្រោះទៅពន្លត់បន្ទាន់»។
បញ្ហាភ្លើងឆេះព្រៃនេះ គឺជាបន្ទុកមួយទៀតរបស់លោកបេន ក្រៅពីបញ្ហាប្រឈមទៅនឹងប្រជាពលរដ្ឋមួយចំនួន ដែលមិនពេញចិត្តនឹងការការពារព្រៃឈើរបស់លោក។
ការមិនពេញចិត្តនោះ គឺដោយសារតែ សកម្មភាពបស់លោកបេន និងក្រុមការងារ រារាំងពួកគេមិនឱ្យប្រព្រឹត្តបទល្មើសព្រៃឈើ។
លោកបេនបានឱ្យដឹងថា ក្នុង១ខែលោកចំណាយថវិកាអស់ប្រមាណជា២ពាន់ដុល្លារសម្រាប់សកម្មភាពល្បាតព្រៃជាមួយសហគមន៍ ហើយប្រមាណជា១ពាន់ដុល្លារទៀត សម្រាប់កម្មវិធីផ្សេងៗ។
លោកគឹមសួរបានអំពាវនាវឱ្យសាធារណជន ដែលស្រលាញ់ធនធានធម្មជាតិចូលរួមបរិច្ចាគដល់លោកបេន ដោយម្នាក់៤ពាន់រៀល ក្នុង១ខែ ដើម្បីអាចឱ្យគាត់បន្តការងារទៅមុខទៀត។ បើមិនដូច្នេះទេ នឹងអាចមានការផ្អាកសកម្មភាពការពារព្រៃឈើ ហើយព្រៃឈើ និងសត្វព្រៃតំបន់នោះនឹងវិនាសទៅតាមនោះផងដែរ។
លោកគឹមសួរបានថ្លែងដូច្នេះថា៖«អញ្ជឹងប្រជាជនយើង ១៧លាននាក់។ សុំត្រឹមតែ៣ពាន់នាក់បានទេ? ១ខែ១ដុល្លារបានហើយ។ បើអ្នកមានទ្រព្យធនច្រើនក៏ល្អដែរនឹងអាចផ្តល់ឱ្យច្រើន។ អញ្ជឹងគាត់ត្រូវការ ១ខែត្រឹម៣ពាន់ដុល្លារ ដើម្បីការពារព្រៃឈើជាង៥ម៉ឺនហិកតា»។
លោកជឿជាក់ថា យ៉ាងហោចណាស់ ក៏មានពលរដ្ឋ១លាននាក់ដែរ ដែលស្រលាញ់ធនធានធម្មជាតិ។ លោកបេនបានលើកឡើងថា បើមើលតាមរយៈផ្កាយរណប ឃើញថា ព្រៃឈើចន្លោះពីជាង៣៨ ០០០ ទៅ៤ម៉ឺនហិកតាត្រូវបានភ្លើងឆេះ។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖«កន្លែងដែលអត់ភ្លើងឆេះមានតែនៅជិតៗភ្នំត្នោត តែភាគច្រើនឆេះអស់ហើយ។ ពន្លត់អត់ឈ្នះ។ ស្ពាន២ក៏ឆេះ ហើយមួយទៀតឆេះតិចៗ។ មើលតាមផ្កាយរណបដឹងហើយ ឆេះគ្រប់កន្លែង។ មិនមែនឆេះដោយធម្មជាតិនោះទេ គឺឆេះដោយអ្នកបរបាញ់សត្វ។ គេយកឆ្កែទៅព្រៃ រកអណ្តើក ត្រកួត ឈ្លូស...។ អញ្ចឹងនៅពេលដែលទើសនឹងស្មៅ ឬព្រៃ ឆ្កែចាប់សត្វមិនបាន គេដុតឱ្យស្រឡះ ស្រួលចាប់សត្វ»។
ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ត្រូវបានកែប្រែពីផ្ទៃដីទំហំ ៤២ ០៩៧ហិកតា ទៅផ្ទៃដីទំហំ ៥១ ៧៣០ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងសៀមរាប កាលពីឆ្នាំ២០២៣។
កាលពី២សប្តាហ៍មុន ក្រសួងបរិស្ថានបានលើកឡើងថា នៅកម្ពុជាមិនមានករណីភ្លើងឆេះព្រៃធ្ងន់ធ្ងរនោះឡើយ។ ប៉ុន្តែ វាមានការឆេះសំរាម ស្បូវ ស្មៅ និងជញ្ជ្រាំងស្រូវជាដើម៕