
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និងលោក រ៉ូណាល់ ខ្លាក ក្នុងជំនួបនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ។ STPM
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទស្នើភាគីអាមេរិកចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នា «ឆ្មាំអង្គរ» ឡើងវិញ បន្ទាប់ពីសមយុទ្ធនេះធ្វើឡើងលើកចុងក្រោយនៅឆ្នាំ២០១៦។
ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងលោក វង្ស ពិសេន ជាមួយលោក រ៉ូណាល់ ខ្លាក (Ronald P. Clark) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក នៅថ្ងៃទី២៤ ខែកុម្ភៈនេះ។ នេះបើយោងតាម អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
លោក រ៉ូណាល់ ខ្លាក កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៤ និង ២៥ ខែកុម្ភៈនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា ដោយបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងពិភាក្សា «ស៊ីជម្រៅ» ជាមួយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃនេះ។
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានឲ្យដឹងថា៖ «ទន្ទឹមនេះ ឯកឧត្តម [វង្ស ពិសេន] បានសំណូមពរ ពិនិត្យនិងពិភាក្សាពីលទ្ធភាពក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាឡើងវិញ ដូចជាសមយុទ្ធឆ្មាំអង្គរ ដែលបានអាក់ខានតាំងពីឆ្នាំ២០១៧ ការបន្តកិច្ចសហការក្នុងស្មារតីមិត្តភាព ដូចជាការផ្លាស់ប្តូរព័ត៌មានដើម្បីទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងអំពើភេរវកម្ម និងការបន្តបេសកកម្មរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួននៅកម្ពុជា»។
អ្នកវិភាគរំពឹងថា ទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក រ៉ូណាល់ ខ្លាក ក៏នឹងធ្វើឲ្យទំនាក់ទំនងផ្នែកយោធាកម្ពុជា-អាមេរិកប្រសើរឡើង ហើយកង្វល់និងមន្ទិលសង្ស័យរឿងមូលដ្ឋានទ័ពចិននៅរាម កាន់តែជ្រះស្រឡះ។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា ដំណើរទស្សនកិច្ចរបស់លោក រ៉ូណាល់ ខ្លាក នាពេលនេះ ធ្វើឡើងក្រោយពេលមានសញ្ញាវិជ្ជមាននៃទំនាក់ទំនង និងសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលកើតមានកាលពីចុងឆ្នាំ២០២៤។
ដំណើរទស្សនកិច្ចនេះជាឱកាសពិសេសដើម្បីពង្រឹងទំនាក់ទំនង ដែលធ្លាប់បានធ្លាក់ចុះមួយកម្រិតកាលពីកន្លងទៅ ជាពិសេសទំនាក់ទំនងផ្នែកយោធា។
លោករំពឹងថា នៅក្នុងទស្សនកិច្ចនេះមានការលើកឡើងពីកិច្ចសហប្រតិបត្តិការយោធានិងសន្តិសុខនិងសន្តិភាព ក៏ដូចជាផ្នែកមនុស្សធម៌នៅក្នុងតំបន់សមុទ្រជាដើម។
លោកថា ទស្សនកិច្ចនេះជាជំហាន និងជាចំណែកមួយសម្រាប់កិច្ចសហប្រតិបត្តិការនាពេលបន្ទាប់ទៀត ដែលអាចកាត់បន្ថយ និងទប់ស្កាត់នូវអរិភាពរ និងភាពតានតឹងវាងប្រទេសទាំងពីរ ដែលធ្លាប់មានពីមុន។
លោកបន្តថា ទស្សនកិច្ចនេះមានភាពជោគជ័យឬអត់វាអាស្រ័យទៅលើការជជែកពិភាក្សាកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំយោធាទាំងពីរ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ភាគីកម្ពុជានិងសហរដ្ឋអាមេរិកគួរតែបានជជែកត្រង់ទៅត្រង់មកទៅលើការមិនទុកចិត្តគ្នាកាលពីកន្លងមក។
កម្ពុជាអាចបញ្ជាក់ឲ្យច្បាស់ជាថ្មីទៅលើការសង្ស័យរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធមូលដ្ឋានទ័ពរាម ដែលថាកម្ពុជាផ្ដល់មូលដ្ឋាននេះទៅកងទ័ពជើងទឹកចិនសម្រាប់ប្រើប្រាស់ផ្ដាច់មុខ។
លោកថ្លែងដូច្នេះថា៖ «អាមេរិក តាមរយៈទស្សនកិច្ចនេះ ល្មមយល់បាននូវអ្វីដែលជាការបកស្រាយរបស់កម្ពុជា ហើយអាមេរិកខ្លួនឯងក៏ធ្លាប់បានបញ្ជូនបេសកជន អ្នកការទូត យោធា ក៏ដូចជា មន្ត្រីផ្សេងៗទៀតជាច្រើនទៅទស្សនកិច្ចមូលដ្ឋានទ័ពជើងទឹករបស់កម្ពុជា»។
លោកបន្តថា៖ «ខ្ញុំគិតថា នៅក្នុងលោកនេះ មានតែប្រទេសកម្ពុជាទេដែលបើកចំហឲ្យបរទេស រួមទាំងសហរដ្ឋអាមេរិកផង បានទៅពិនិត្យមូលដ្ឋានយោធារបស់ខ្លួន។ សហរដ្ឋអាមេរិកខ្លួនឯងប្រហែលជាមិនធ្វើដូច្នេះទេ»៕