ការគ្រប់គ្រង​ធនធាន​ធម្មជាតិ និង​អភិរក្ស​ជីវៈ​ចម្រុះ​សម្រេច​បាន​លទ្ធផល​កាន់​តែ​ប្រសើរ​តាម​រយៈ​ការ​ចូលរួម​របស់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ដែល​ជា​យន្តការ​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព។ នេះ ជា​ការ​លើក​ឡើង​របស់​លោក លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន។

លោក​បន្ត​ថា​ សហគមន៍​បែប​នេះ​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ដោយ​បាន​ជួយ​ទប់ស្កាត់​ការ​បាត់បង់​ព្រៃឈើ ការ​រិចរិល​នៃ​ព្រៃឈើ រួម​និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ ទាំង​ការ​ស្តារ​ព្រៃឈើ ដើម្បី​បង្កើន​គម្រប​បៃតង ជួយ​ដល់​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​នៅ​កម្ពុជា។

លោក​ថ្លែង​ប្រាប់​ ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ពេល​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ទៅ​ទស្សនា​សហគមន៍​ទាំង​នេះ​នៅ​​ខេត្ត​ភាគ​ខាង​ជើង កាល​ពី​សប្ដាហ៍​មុន​ថា៖ «ក្រសួង​បរិស្ថាន បាន​ជួយ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ឱ្យ​មានឱកាស​ចូលរួម​ចំណែក​លើក​កម្ពស់​សិទ្ធិ ក្នុងការគ្រប់គ្រងព្រៃឈើ ផ្តល់​អភិបាលកិច្ច​និង​ក្រប​ខណ្ឌ​ច្បាប់​ពេញ​លេញ ដល់​ប្រជាជនមូលដ្ឋាន ក្នុង​ការ​ទាញ​យក​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ប្រកប​ដោយ​សមធម៌ ព្រម​ទាំង​ការ​ចិញ្ចឹម​ជីវិត ធានាសន្តិសុខស្បៀង និង​បង្កើន​ចំណូល​ផ្សេង​ក្រៅ​ពីការ​ដាក់សម្ពាធលើព្រៃឈើ»។

រហូត​មក​ទល់​ពេល​នេះ ក្រសួងបរិស្ថាន​បាន​សម្រប​សម្រួល​បង្កើត​និង​កំពុង​ធ្វើការ​ជំរុញ​យុទ្ធនាការ «ពន្លក​បៃតង» ជាមួយ​សហគមន៍​ការពារ​ធម្មជាតិ សរុបចំនួន ១៩៣ សហគមន៍។

ក្រសួង​បរិស្ថាន​​​ក៏​កំពុង​អភិវឌ្ឍន៍ «របៀង​គោលដៅ​លំហែ​បៃតង» ដោយ​ធ្វើការ​តភ្ជាប់​គោលដៅ​កម្សាន្ត​របស់​អ្នក​ទេសចរ នៅ​តាម​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន៥​ នៅ​លើ​ខ្នង​ភ្នំគូលែន។

លោក​ពន្យល់​ថា របៀង​គោលដៅ​លំហែ​បៃតង ​ផ្តោត​លើ​មាន​ការរៀបចំ​សម្បទា​ទេសចរណ៍ ដូចជា​ការ​សាងសង់ កន្លែង​បោះតង់​ស្នាក់​នៅ តាម​រចនាបថ​ខ្មែរ ការរៀបចំ​ផ្លូវ គោលដៅដើរកម្សាន្ត ភ្ជាប់​ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ​ទៀត ដោយ​ថ្មើរ​ជើង ឬអាចជិះម៉ូតូ កង់​កម្សាន្ត ហើយ​សហគមន៍​នីមួយៗ ​អាច​ផ្តល់​សេវាកម្ម​ទេសចរណ៍ ដូចជា​ ការដឹកជញ្ជូន ម្ហូបអាហារ មគ្គុទេសក៏សហគមន៍ ជា​ដើម។

លោក​ អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ​កាល​ពី​ពេលថ្មីៗ​កន្លង​ទៅ បាន​សាសង់​កន្លែង​សម្រាក​លំហែ​បៃតង​ចំនួន​ ១០កន្លែង និង​ជួយ​សាងសង់​នៅ​កន្លែង​ផ្សេង​ទៀត​ជាបន្តបន្ទាប់ ជូន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ព្រៃ​ធំ​អន្លង់ធំ ​ដែល​ជា​សហគមន៍​មួយ​ស្ថិត​ក្នុង​របៀង​លំហែ​បៃតង នៅ​ក្នុង​ឧទ្យានជាតិ​ព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន»។

លោក​ថា ការ​រៀបចំ​នេះ​​គឺ​ដើម្បី​​លើក​កម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន ការអភិរក្ស​ប្រព័ន្ធជីវៈ​ចម្រុះ និង​វប្បធម៌ ប្រពៃណី ដែល​ជា​ឧត្តម​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា៕