
«ក្រុមអភិរក្សសត្វព្រៃ ស្ម័គ្រចិត្ត» ដាក់ទឹកនិងចំណីឱ្យសត្វព្រៃ នៅលើភ្នំធិបតី ស្ថិតនៅក្នុងភូមិ កន្ទួត ឃុំ ធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ រូបថត សហការី
បាត់ដំបងៈ អ្នកស្ម័គ្រចិត្តមួយក្រុមបាននឹងកំពុងតែស្ពាយទឹក និងស្រូវជាដើម ឡើងភ្នំមួយនៅក្នុងខេត្តបាត់ដំបង ដើម្បីផ្តល់ជាចំណីដល់សត្វព្រៃរាប់រយក្បាលជារៀងរាល់ថ្ងៃ ជាពិសេស នៅក្នុងរដូវប្រាំងខ្សត់ទឹកនេះ។
«ក្រុមអភិរក្សសត្វព្រៃ ស្ម័គ្រចិត្ត» នៅតំបន់ឃុំធិបតី ស្ថិតនៅក្នុងភូមិ កន្ទួត ឃុំ ធិបតី ស្រុកគាស់ក្រឡ មានជិក៧នាក់។ ពួកគាត់តែងតែងផ្លាស់វេនគ្នាស្ពាយទឹក ស្រូវ សណ្តែក ពោត ឬអាហារផ្សេងៗជាដើម ឡើងភ្នំធិបតីនេះ ដែលមានចំងាយពីផ្ទះពួកគាត់ប្រមាណជា១គីឡូម៉ែត្រ ដើម្បីផ្តល់ចំណីដល់សត្វរាប់រយក្បាល ដូចជាសត្វក្ងោក ឈ្លូស និងជ្រូកព្រៃជាដើម។
លោកកៅ ប៊ុនធឿនអាយុ៦៤ឆ្នាំ ជាសមាជិកម្នាក់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការងារដែលពួកគាត់កំពុងតែធ្វើជារៀងរាល់ថ្ងៃនេះ គឺជាសកម្មភាពស្ម័គ្រចិត្តសុទ្ធសាធ ដោយសារតែមានចិត្ត ស្រលាញ់ និងអាណិតសត្វព្រៃទាំងនោះ។
ពួកលោកបានធ្វើសកម្មភាពនេះអស់រយៈពេលប្រមាណជា៧ឆ្នាំហើយ បន្ថែមលើការងារធ្វើចំការ។
លោកប៊ុនធឿនបានថ្លែងថា៖«ខែនេះ ខែអត់ទឹកអូនអើយលើភ្នំ។ សត្វវាស្រែកង៉ាៗ តាមជើងភ្នំ ដូចកូនក្មេងអញ្ចឹង។ ស្រណោះណាស់។ យើងខំធ្វើបុណ្យជាមួយសត្វទៅ។ យើងអាណិតវា ក៏ស្ពាយទឹកឡើងលើភ្នំ ហត់ណាស់អូនអើយ»។
ដោយសារតែឡើងលើភ្នំពិបាកផង ពួកគាត់ស្ពាយទឹកបានសរុបប្រមាណជា១០លីត្រប៉ុណ្ណោះ ក្នុងម្តង ដើម្បីចាក់ទឹកដាក់ធុងប៉េត្រូ ឬរណ្តៅថ្ម ឱ្យសត្វផឹក។ ដោយសារតែ សត្វខ្លះ ស្រេកខ្លាំង ជួនកាល វាមកផឹកអស់ភ្លាមៗក៏មានដែរ ក្រោយពេលពួកគាត់ចេញបាត់។
ដោយឃើញសកម្មភាពក្រុមគាត់បែបនេះ មានពុទ្ធបរិស័ទ ឬអ្នកភូមិខ្លះផ្តល់ស្រូវ និងពោតជាដើម ដើម្បីឱ្យសត្វ ហើយខ្លះទៀត ក៏ឱ្យលុយពួកគាត់ សម្រាប់ទិញទឹកហូប ពេលឡើងភ្នំ។
លោកនិយាយថា៖«យើងខ្ញុំគ្មានប្រាក់ខែទេ ប៉ុន្តែមានចិត្តអាណិតសត្វព្រៃ។ បើមានស្រូវក៏វាស៊ី គ្រាប់ពោតក៏ស៊ី។ យើងចេះតែធ្វើទៅ បើយើងមិនជួយថែ អ្នកណាមកថែ»។
ទំនងជាស្រេកទឹកខ្លាំងពេក នាពេលថ្មីៗនេះ មានសត្វឈ្លូសមួយក្បាលរត់ចុះពីភ្នំចូលភូមិអ្នកស្រុក ហើយត្រូវបានគេចាប់បាន។ ក្រោយពីដឹងដំណឹងនេះ ពួកគាត់ក៏បាននាំគ្នាទៅសុំយកឈ្លូសនោះ ទៅប្រលែងចូលព្រែលើភ្នំវិញ។
ក្រៅពីការផ្តល់ចំណីដល់សត្វ ពួកគាត់ក៏បានកំពុងតែដើរល្បាតព្រៃជាប្រចាំផងដែរ ដើម្បីរកមើលដោះអន្ទាក់ ដែលអ្នកភូមិខ្លះបានលួចដាក់ និងការពារកុំឱ្យមានការបរបាញ់ជាសត្វលើភ្នំជាដើម។ បន្ថែមពីនោះ ពួកគាត់ក៏ជួយការពារកុំឱ្យមានភ្លើងឆេះព្រៃ និងថែមទាំងជួយទៅពន្លត់ភ្លើងឆេះព្រៃនៅតំបន់នោះប្រមាណជា៧ភ្នំផងដែរ ក្នុងរដូវប្រាំងនេះ។
ពីដើមឡើយ អ្នកប្រព្រឹត្តបទល្មើសមិនខ្លាចពួកគាត់ទេ ព្រោះគេគិតថា ពួកគាត់មិនមានសិទ្ធិហាមឃាត់។
ប៉ុន្តែក្រោយពីអាជ្ញាធរឃុំបានផ្តល់ឯកសណ្ឋានមានដាក់ឈ្មោះ «ក្រុមអភិរក្សសត្វព្រៃ ស្ម័គ្រចិត្ត» និង «ប្រជាការពារភូមិ»មក ទើបពួកគាត់អាចចុះទប់ស្កាត់បទល្មើសជួយការពារព្រៃលើភ្នំ និងភូមិឋានអ្នកស្រុកផងដែរ។
ក្រុមអ្នកស្ម័គ្រចិត្តបានអះអាងថា នាពេលបច្ចុប្បន្ននេះ ឃ្មុំព្រៃ នៅតំបន់នោះបានដាច់ពូជទៅហើយ។ ពួកគាត់មិនមានឃើញឃ្មុំព្រៃទៀតនោះទេ នៅពេលដែលដើរល្បាតម្តងៗ។
ក្រុមអភិរក្សសត្វព្រៃ ស្ម័គ្រចិត្តបានលើកឡើងថា មានអ្នកគាំទ្រសកម្មភាពពួកគាត់ជាច្រើន ក្រោយពេលដែលបង្ហាះតាមបណ្តាញសង្គម។
ប៉ុន្តែពុំសូវមានអ្នកចូលរួមបរិច្ចាគនោះទេ។ពួកគាត់បានអំពាវនាវ ដល់បងប្អូន ដែលមានបំណងជួយឧបត្ថម្ភក្រុមស្ម័គ្រចិត្តគាត់ ឬផ្តល់ជាចំណីសត្វ អាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០88 481 95 89៕