ភ្នំពេញ៖ លោក​នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ហៅកាត់ថា (គ​.​ប​.​ឆ​.​ប​.) ដោយ​ផ្ដល់​អំណាច​ដល់​អាជ្ញាធរ​បង្ក្រាប និង​អនុវត្ដ​ច្បាប់​ប្រឆាំង​អំពើ​ឆបោក​តាម​អនឡាញ​គ្រប់​ទម្រង់​។

វិធានការ​នេះ​ត្រូវបាន​ធ្វើ​ឡើង​ក្រោយ​កម្ពុជា​ត្រូវបាន​ចាត់ទុក​ជា​ទីតាំង​ឆបោក​មួយ​ដោយ​អន្ដរជាតិ​មួយ​ចំនួន​ ដែល​ផ្ដោតលើ​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​។

យោងតាម​សេចក្ដី​សម្រេច​របស់លោក​នាយករដ្ឋមន្ដ្រី ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី ២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បាន​ឱ្យដឹងថា គណកម្មការ​ចំពោះកិច្ច​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​អនុវត្ដ​ សម្របសម្រួល​ និង​ប្រតិបត្ដិការ​ប្រយុទ្ធប្រឆាំង​អំពើ​ឆបោក​តាម​អនឡាញ (online scams)។

គណកម្មការ​ចំពោះកិច្ច​​​មាន​សមាសភាព​អន្ដរក្រសួង អង្គភាព និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដែលមាន​សិទ្ធិ​អំណាច​ធ្វើ​កិច្ច​អន្ដរាគមន៍ បើ​ចាំបាច់។

យោងតាម​សេចក្ដី​សម្រេច បាន​ឱ្យដឹងថា​៖ «​«គ​.​ប​.​ឆ​.​ប​. តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​របស់​ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធ្វើ​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ពាក់ព័ន្ធ ដើម្បី​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក៏ដូចជា អនុវត្ត​ភារកិច្ច​ផ្សេងៗ​ទៀត​តាម​ការចាំបាច់ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម ប្រព័ន្ធ​បច្ចេកវិទ្យា»​។

គណកម្មការ​​ដឹក​នាំ​ដោយ​នាយករដ្ឋមន្ដ្រី ជា​ប្រធាន អនុប្រធាន ៨រូប ជា​ឧបនាយករដ្ឋមន្ដ្រី​ទទួលបន្ទុក​កិច្ចការ​បរទេស សេដ្ឋកិច្ច​ ការពារជាតិ មហាផ្ទៃ​ យុត្ដិធម៌ ប្រធាន​គណកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) អនុប្រធានប្រចាំការមួយរូប។

ចំពោះ​​សមាជិក​​ មាន​រដ្ឋមន្ដ្រី​មួយចំនួន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ អគ្គស្នងការ​នគរបាល​ជាតិ អគ្គនាយក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អគ្គនាយក អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម អគ្គ​ស្នងការរង​នគរបាលជាតិ អគ្គលេខាធិការ​គណៈកម្មកា​រ​គ្រប់គ្រង ​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា មេបញ្ជាការ​កងពលតូច​លេខ​៧០ កងទ័ពជើងគោក និងអភិបាល​ខេត្ដ​ទាំង​អស់​។

យោងតាម​សេចក្ដី​សម្រេច​ បាន​បង្ហាញ​ថា៖ «​​គ​.​ប​.​ឆ​.​ប​. មាន​ភារកិច្ច​​ដាក់ចេញ​វិធានការ​ក្នុងការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ដាក់ចេញ​វិធានការ​ក្នុងការ​បង្ការ​និង​ទប់ស្កាត់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ផ្តល់​ការណែនាំ សម្របសម្រួល គាំទ្រ និង​អន្តរាគមន៍​ចាំបាច់​នានា ដើម្បី​ជំរុញ​ការអនុវត្ត​របស់​ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការ​ឆបោក តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់»។

លោក យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បាន​ឱ្យដឹងថា ការ​បង្កើត​គណកម្មការ​ចំពោះកិច្ច​នេះ បង្ហាញពី​ទស្សនៈ​នយោបាយ​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​យល់​ឃើញថា Scam Online នេះ​គឺជា​រឿងមួយ​ត្រូវតែ​ដោះស្រាយ​។

លោកបន្ដថា ចំពោះ​ទស្សនៈ​បច្ចេកទេស និងច្បាប់ គណកម្មការនេះ​ត្រូវ​ធ្វើការ​ឱ្យ​ជាក់ស្ដែង​ ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំធំៗ​។ បើ​ការ​អនុវត្ដ​ជាក់ស្ដែង​មិន​បាន​ផល​ច្រើន ច្បាស់​ណាស់ វានឹង​ប្រឈម​ការវាយ​តម្លៃ​។

លោក យង់ ពៅ បាន​បន្ដថា​៖ ​«​បើ​គណកម្មាការនេះ​ធ្វើ​ការងារ​បានផល​​ល្អ អ្នក​បច្ចេកទេស​ខិតខំ​ធ្វើការ​ ថ្នាក់​ខាង​ក្រោម​ខិតខំ​បំពេញ​ការងារ​បាន​ល្អ វាជា​ការ​បង្ហាញ​ពិភពលោក ក៏ដូចជា​មហាជន​អំពី​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​»។

ប្រការ​ ៤​ បាន​ចែងថា ​គ​.​ប​.​អ​.​ប​. មាន​សិទ្ធិ​ប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​មន្ត្រី​អនុវត្ត​ច្បាប់​ពី​បណ្តា​ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ក្នុងការ​បំពេញ​ប្រតិបត្តិ​ការបង្ក្រាប​និង​ការ ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

​សេចក្ដីសម្រេចបាន​បន្ដថា​៖ «​ក្នុងករណី​ចាំបាច់ តាមរយៈ​ការប្រគល់សិទ្ធិ​របស់​ប្រធាន គ​.​ប​.​ឆ​.​ប​. ប្រធាន​លេខាធិការដ្ឋាន គ​.​ប​.​ប​.​ប​. សហការ និង​សម្របសម្រួល​ជាមួយនឹង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​មន្ត្រី​អនុវត្ត​ច្បាប់​ពី​បណ្តា​ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ក្នុងការ​បំពេញ​ប្រតិបត្តិ​ការបង្ក្រាប​និង​ការ ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា»​។

លោក មាស នី អ្នកស្រាវជ្រាវសង្គមឯករាជ្យ បា​នគាំទ្រ​ការ​បង្កើត​គណកម្មការ​ចំពោះកិច្ច​នេះ ដែល​ដោះស្រាយ​បញ្ហា​អំពើឆបោក​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេត្យានុភាព​របស់​កម្ពុជាកាន់តែធ្ងន់ រួមទាំង​ការ​វិនិយោគ​ជាដើម​។

លោកបាន​ថ្លែងថា​ វាជា​វិធានការ​ត្រឹមត្រូវ និង​ចំពេល​វេលា។ ប៉ុន្ដែលោក​ក៏​បាន​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​និរន្ដរភាព​វិធានការ​រយៈ​ពេល​យូរ​អង្វែង។

លោក មាស នី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​នៅស្រុកយើងនេះ មាន​កា​របង្កើត​អនុគណកម្មការ​សម្រាប់​ការ​ឆ្លើយ​តប​រឿងក្ដៅៗ​ពីមុនមក វាជាញឹកញាប់ ដោយ​មិនដឹងថាមកពី​ហេតុអ្វី តែ​វា​ផ្ទុះ​តែ​មួយ​ប្រ៉ាវ​រួចហើយ​ក៏​ស្ងាត់ទៅវិញ​ រួម​ទាំងរឿងព្រៃឈើ និង​ដីធ្លី​»។

លោក យង់ ពៅ ​យល់ថា កម្ពុជា​នឹង​ចាកចេញ​ផុត​ពី​ប្រទេស​ Scam ដែល​មិនអាច​ទុក​ឱ្យ​បរទេស​មួយចំនួន​ចោទ​កម្ពុជា​នោះទេ។ បើសិនជា​កម្ពុជា​មិន​មាន​ឆន្ទះ​នយោបាយ​ដោះស្រាយ​កិច្ចការនេះទេ កម្ពុជា​ត្រូវបាន​ចាត់​ទុក​ជា​ប្រទេស​ម៉ាហ្វីយ៉ា​ ដែលអាច​រង​នូវ​ទ័ណ្ឌកម្មសព្វ​បែបយ៉ាង​។

លោក យង់ ពៅ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​គណកម្មការ​ត្រូវ​ប្រតិបត្ដិការ​បង្ក្រាប​ scam online ឱ្យ​ឆាប់​បំផុត​ ពីព្រោះ​វា​ពាក់ព័ន្ធ​បញ្ហា​ជាច្រើន ដែល​គេ​មើល​ឃើញថា យើង​ជា​ប្រទេស scam គេ​ពិបាក​ធ្វើ​កិច្ច​សហការ​ប្រតិបត្ដិការ​ផ្សេងៗ រួមទាំង ការ​វិនិយោគ​ផង​។ ដូច្នេះ គណកម្មការ​នេះ​ត្រូវតែ​ដុត​ដៃ​ដុត​ជើង ធ្វើ​កិច្ចការ​ឱ្យ​បាន​លឿនបំផុត​ និង​ប្រសិទ្ធភាព​»។

លោក​យល់ថា ការ​បង្កើត​គណកម្មការនេះ​មាន​គុណសម្បត្ដិ​នៅពេល​នាយករដ្ឋមន្ដ្រី​ដាក់​ចិត្ដ​ដាក់​កាយ​ ដាក់នយោបាយ​ ធ្វើ​កិច្ចការ​នេះ​ដោយ​ផ្ទាល់​ ដែល​បង្ហាញ​ពីការ​យកចិត្ដ​ទុកដាក់​កម្រិតកំពូល​។

យ៉ាងណាមិញ លោក​មើល​ឃើញថា៖ «​អង្គភាព​ខ្លះ​អាច​ជាន់​សមត្ថកិច្ច​គ្នា ដែល​អ្នក​ខ្លះ​កាន់​គណកម្មការ​ដដែល​ច្រើន​ជាដើម​ ឬ​ហៅថា គ្នា​ច្រើន​ អន្សម​ខ្លោច​»។

លោក មាស នី ​បន្ដថា នាយករដ្ឋមន្ដ្រី​មិនអាច​ធ្វើកិច្ចការ​ពីថ្នាក់​លើដល់​ថ្នាក់​ក្រោម​តែ​ម្នាក់​ឯង​បាន​នោះទេ​។ ប្រទេស​មួយ​ត្រូវការ​ពឹង​ផ្អែក​លើ​ប្រព័ន្ធគ្រប់​គ្រង​រដ្ឋ​ដែល​ធ្វើ​ការ​ដោយ​ខ្លួន​ឯង​។

លោក​បាន​បញ្ជាក់ថា មន្ដ្រីថ្នាក់​ក្រោម ដែល​ទទួល​ផល​ ឬ​អ្នក​មាន​អំណាច​នៅ​ពីក្រោយ​បញ្ហា​ឆបោក​នេះ គណកម្មការ​ចំពោះ​កិច្ច​ក៏ពិបាក​ធ្វើការ​ដែរ។ វាមិន​ខុសពី​ការ​រត់​ដេញចាប់​រវាង​ឆ្មា និងកណ្ដុរ​។

លោក មាស នី បាន​លើកឡើងថា​៖ «​គណកម្មការ​ត្រូវ​ធ្វើ​ឱ្យ​ក្ដៅ និង​មាន​ការ​វាយ​តម្លៃ​ឱ្យ​បាន​ជាក់លាក់​ ហើយ​បង្ហាញ​ពីការ​ដាក់​ទោស​ទ័ណ្ឌ​ទៅលើ​ជន​បង្ក និង​នៅ​ពីក្រោយ​អំពើ scam នេះ​»។

​លេខាធិការដ្ឋាន គ​.​ប​.​ច​.​ប​. ដែល​ដឹក​នាំ​ដោយ​អនុប្រធាន​ប្រចាំការ លោក ​ឆៃ ស៊ីណា​រិ​ទ្ធ មាន​ក្រុមការងារ​ចំណុះ ចំនួន ៦ និង​អង្គភាព​អន្តរាគមន៍​ពិសេស ចំនួន ១ រួមមាន ក្រុមការងារ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត ក្រុមការងារ​បច្ចេកវិទ្យា​ព័ត៌មាន  ក្រុមការងារ​ប្រតិបត្តិការ​និង​នីតិវិធី ក្រុមការងារ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្រុមការងារ​ផ្សព្វផ្សាយ​និង​សាធារណមតិ និងក្រុមការងារ​កិច្ចការ​ទូទៅ ជាមួយ​អង្គភាព​អន្តរាគមន៍​ពិសេស​។

​លេខាធិការដ្ឋាន គ​.​ប​.​ឆ​.​ប​. មាន​តួនាទី​ជា​សេនាធិការ​ឱ្យ គ​.​ប​.​ឆ​.​ប​. និង​មាន​ភារកិច្ច​កសាង​ផែនការ​ស្រាវជ្រាវ ប្រមូល​ព័ត៌មាន ផែនការ​សកម្មភាព​ស​ម្រា​ប់​បម្រើឱ្យ​វិធានការ​បង្ការ ទប់ស្កាត់ ​និង​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ស្នើសុំ​ការសម្រេច​ពី គ​.​ប​.​ឆ​.​ប​.។

លេខាធិការដ្ឋាន ប្រមូល​ភស្តុតាង​និង​កំណត់​មុខសញ្ញា​សង្ស័យ ដោយ​អនុវត្តតាម​នីតិវិធី​ច្បាប់ ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​វិធាន​ការដែល​បានដាក់​ចេញ​ដោយ គ​.​ប​.​ឆ​.​ប​. ​អន្តរាគមន៍​ចាំបាច់​នានា ដើម្បី​ជំរុញ​ការអនុវត្ត​វិធាន​ការដែល​បានដាក់​ចេញ​ដោយ គ​.​ប​.​ឆ​.​ប​. និង​​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ពាក់ព័ន្ធ។

សេចក្ដី​សម្រេចបាន​ឱ្យដឹងទៀត​ថា​៖ «​លេខាធិការដ្ឋានសហការ សម្របសម្រួល និង​ជំរុញ​ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​សមត្ថកិច្ច ដែល​ពាក់ព័ន្ធ​ក្នុងការ​បំពេញ​ប្រតិបត្តិ​ការបង្ក្រាប​និង​ការប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក៏ដូចជាដឹកនាំ​បញ្ជា​អង្គភាព​អន្តរាគមន៍​ពិសេស​ក្នុង​ការបំពេញ​ប្រតិបត្តិការ​នានា បន្ទាប់ពី​ទទួលបាន​គោលការណ៍ ឯកភាព​ពី​ប្រធាន គ​.​ប​.​អ​.​ប​.»៕