កម្ពុជា​និង​ចិន​ តាម​រយៈ​ក្រសួង​ទេសចរណ៍​កម្ពុជា និង​អាជ្ញាធរ​ចិន​ក្នុង​ខេត្ត​ហឺណាន ​រៀប​ចំ​ព្រឹត្តិការណ៍​បិទ «ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា-ចិន ២០២៤» ដែល​ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៤ និង​ទី២៥ ខែកុម្ភៈ​នេះ​ នៅ​ទីក្រុង​ចឹងចូវ ខេត្ត​ហឺណាន ប្រទេស​ចិន។

បើ​តាម​ក្រសួង​ទេសចរណ៍ ព្រឹត្តិការណ៍​មាន​ការ​សម្តែង​ទស្សនីយភាព​សិល្បៈ​ថ្នាក់​ជាតិ​រួមគ្នា​កម្ពុជា-ចិន ការ​សម្តែង​ក្បាច់​គុនល្បុក្កតោ​កម្ពុជា និង​ក្បាច់​គុនកុងហ្វូ​សៅលីញ ព្រមទាំង​ការ​បង្ហាញ​ម៉ូត សម្លៀក​បំពាក់​បុរាណ និង​ប្រពៃណី​កម្ពុជា-ចិន រួម​ជាមួយ​កម្មវិធី​សំខាន់ៗ​មួយ​ចំនួន​ទៀត។

ក្រសួង​ទេសចរណ៍ លើក​ឡើង​ថា៖ «ព្រឹត្តិការណ៍​នេះ ​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការលើក​កម្ពស់​វិស័យ​ទេសចរណ៍​កម្ពុជា-ចិន ក៏ដូចជា​រួមចំណែក​ជំរុញ​ការ​ផ្សព្វផ្សាយ​កិត្យានុភាព​កម្ពុជា សិល្បៈ​វប្បធម៌​ដ៏​ល្អ​ផូរផង់ សក្តានុពល​ទេសចរណ៍​ដ៏​សម្បូរ​បែប​ របស់​កម្ពុជា​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ​ជាពិសេស​ទីផ្សារ​ចិន»។

ក្រសួង​​បន្ត​ថា កម្មវិធី​នេះ​ក៏​ជា​ឱកាស​ក្នុង​ការផ្សារ​ភ្ជាប់ និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ទំនាក់ទំនង​ពាណិជ្ជកម្ម ពង្រឹង​ភាព​ជាដៃគូ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រួម​ចំណែក​ដល់​ការ​កសាង «សហគមន៍​ជោគ​វាសនា​រួម​កម្ពុជា-ចិន» ​និង​ដើម្បី​ជា​ការ​បន្ត​គាំទ្រ ដល់​កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ​កម្ពុជា-ចិន។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហួត ហាក់ ទស្សនា​ការ​តាំង​បង្ហាញ​ឧបករណ៍​ខ្មែរ នៅ​ឯ​ព្រឹត្តិការណ៍​​បិទ «ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា-ចិន ២០២៤» នៅ​ខេត្ត​ហឺណាន ប្រទេស​ចិន នៅ​ថ្ងៃ​ទី២៤ កុម្ភៈ។ ក្រសួង​ទេសចរណ៍

នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែកុម្ភៈ ការ​បិទ​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា-ចិន ២០២៤​​ ធ្វើ​ឡើង​ក្រោម​ការ​ចូលរួម​របស់​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក​ស្រី ​Zhang Min អភិបាល​រង​ខេត្ត​ហឺណាន។

ក្នុង​ព្រឹត្តិការណ៍​នេះ ភាគី​ទាំង​ពីរ​បាន​លើក​ឡើង​ពី​សក្តានុពល​ទេសចរណ៍ កម្ពុជា-ចិន​ ការភ្ជាប់​បណ្តាញ​ធុរកិច្ច​ទេសចរណ៍​រវាង​វិនិយោគិន និង​ប្រតិបត្តិករ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​ និង​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ ក្នុង​វិស័យ​ទេសចរណ៍​រវាង​ផ្នែក​រដ្ឋ-ឯកជន។

កាល​ពី​ឆ្នាំ​២០២៤ កន្លង​ទៅ ព្រឹត្តិការណ៍​វប្បធម៌​កម្ពុជា និង ចិន​មួយ​ចំនួន​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ខេត្ត​សៀមរាប ដែល​រួម​មាន​ដូចជា​ព្រឹត្តិការណ៍ «ពេល​ក្បាច់គុន​សាវលីញ ជួប​ក្បាច់គុន​ល្បុក្កតោ» នៅ​ប្រាសាទ​បាយ័ន និង​ព្រឹត្តិការណ៍​ម្ហូប​អាហារ​ចិន និង​ខ្មែរ​ជា​ច្រើន​លើក​នៅ​ខេត្ត​សៀមរាប។

លោក ឈត ប៊ុនថង អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង ​វប្បធម៌ អប់រំ ​និង​ទេសចរណ៍ នៃ​រាជបណ្ឌិត​សភា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ​នេះ​ថា តិច​ឬ​ច្រើន ការ​រៀបចំ​ព្រឹត្តិការណ៍​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្ដូរ​ប្រជាជន​និង​ប្រជាជន​ចិន​ ពិត​ជា​បាន​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​សម្រាប់​ទីផ្សារ​គោលដៅ​ចិន និង​កម្ពុជា។

រូបពិព័រណ៍​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ នៅ​ក្នុង​ព្រឹត្តិការណ៍​បិទ «ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា-ចិន ២០២៤»។ ក្រសួង​ទេសចរណ៍

លោក​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀបចំ​ព្រឹត្តិការណ៍​បែប​នេះ​ទៀត នៅ​ឆ្នាំ ២០២៥​នេះ។ យ៉ាងណា​ក៏​ដោយ​ លោក​ថា បើ​ចង់​ដឹង​ថា ព្រឹត្តិការណ៍​នេះ​ជោគជ័យ​ប៉ុណ្ណា​នោះ អាច​ធ្វើ​ការ​ស្ទាប់​ស្ទង់​មតិ​ថា​តើ​ទេសចរណ៍​ចិន​មក​កម្ពុជា ទទួល​បាន​ការ​ជំរុញ​ទឹក​ចិត្ត​ពី​ព្រឹត្តិការណ៍​នេះ​ដែរ​ឬ​យ៉ាង​ណា។

លោក​ថ្លែង​ដូច្នេះ​ថា៖ «បើ​តាម​ការ​ប៉ាន់ស្មាន ខ្ញុំ​គិត​ថា តិច​ឬ​ច្រើន​វា​មាន​ឥទ្ធិពល​តាម​រយៈ​ការ​ពញាក់​អារម្មណ៍​តាម​រយៈ​ការ​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌ និង​ព្រឹត្តិការណ៍​ផ្សេងៗ​ដែល​ទាក់​ទាញ។ ខ្ញុំ​គិត​ថា យើង​គួរ​បន្ត​ធ្វើ​តទៅ​ទៀត។ បើ​វគ្គ​មុន​ចប់​ហើយ វគ្គ​ថ្មី ឆ្នាំ​២០២៥​នេះ គួរ​ធ្វើ​បន្ត​ទៀត ព្រោះ​បើ​យើង​ធ្វើ តិច​ឬ​ច្រើន​វា​បាន​ផល»។

ចំនួន​ទេសចរ​ចិន​មក​កម្ពុជា​បាន​បង្ហាញ​សញ្ញា​កើន​ឡើង​រហូត​ដល់​ទៅ​ ៥៤​ភាគរយ​នៅ​ឆ្នាំ២០២៤ ដែល​មាន​ចំនួន​សរុប​ ៨៤៨ ៩២៥នាក់ ឈរ​នៅ​លំដាប់​ទី៣ បន្ទាប់​ពី​ថៃ និង​វៀតណាម។

កាល​ពី​មុន​កូវីដ១៩ ទេសចរណ៍​ចិន​ឈរ​លំដាប់​ថ្នាក់​លេខ​មួយ​នៅ​កម្ពុជា ដែល​មាន​ចំនួន ២,២៦​លាន​នាក់៕