
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្ត និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តសម្រាប់អាជីវកម្មបូមខ្សាច់ទន្លេ នាថ្ងៃអង្គារ ទី២៥ ខែកុម្ភៈនេះ។ រូបថត FB អ៊ាង សុផល្លែត
ភ្នំពេញៈ ចាប់ពីឆ្នាំ២០២៥នេះទៅ ការចុះកិច្ចសន្យា លើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន(EIA) រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុនត្រូវធ្វើឡើងតែក្នុងរយៈពេល១សប្តាហ៍ប៉ុណ្ណោះ បើក្រុមហ៊ុនគោរពតាមគោលការណ៍និងមានឯកសារគ្រប់គ្រាន់។
នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត នៅក្នុងកម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ជាលើកដំបូង លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្ត និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តសម្រាប់អាជីវកម្មបូមខ្សាច់ទន្លេ នាថ្ងៃអង្គារ ទី២៥ ខែកុម្ភៈនេះ។
ការលើកឡើងនេះ គឺជាការឆ្លើយតប និងពន្យល់ហេតុផលផងដែរ ក្រោយពីមានការលើកឡើងពីភាពយឺតយ៉ាវក្នុងដំណើរការចុះកិច្ចសន្យា លើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នាពេលកន្លងមក។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«ជាការពិតមានការយឺតយ៉ាង និងមានការលឿន។ ខ្ញុំបានដាក់គោលការណ៍ ចេញថ្មីៗនេះហើយ ប្រហែលជាខែមុន។ ការចុះកិច្ចសន្យា ខ្ញុំមិនឱ្យលើសពី១សប្តាហ៍ទេ។ កិច្ចសន្យាហ្នឹង១សប្តាហ៍ចេញជូន ប៉ុន្តែក្រុមហ៊ុន ត្រូវអនុវត្តតាមគោលការណ៍ ដែលដាក់ចេញដោយក្រសួងបរិស្ថាន។ កិច្ចសន្យាយើងមានគោលការណ៍របស់យើង គឺត្រូវធ្វើនេះ ធ្វើនេះ ខ្ញុំស៊ីញជូន ក្រុមហ៊ុនត្រូវធ្វើតាម»។
លោកបានពន្យល់ថា ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន មាន៣កម្រិត។ គឺទី១ការចុះកិច្ចសន្យាជាមួយគ្នា, ទី២ គឺការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន «បឋម» និង ទី៣គឺការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន «ពេញលេញ»។
លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«ការយឺតយ៉ាវ ជូនកាលក្នុង១សប្តាហ៍ ក្រុមហ៊ុនគ្រាន់តែគាត់ផ្ញើឯកសារពីប្រទេសគាត់មកខ្មែរ វាមិនទាន់ទេ។ អញ្ជឹងការយឺតយ៉ាវហ្នឹងសួរថា មកពីក្រសួងបរិស្ថាន ឬមកពីគាត់? វាមានទាំង២ ដៃទះ ដៃទាំង២បានឮ»។
លោកបានបន្ថែមដូច្នេះថា៖«អញ្ជឹងទេ ចំពោះក្រសួងបរិស្ថាន តាមគោលការណ៍ថ្មីរបស់យើង គឺ១សប្តាហ៍ បើមានឯកសារគ្រប់គ្រាន់មក ត្រូវតែចេញ។ បើមិនគ្រប់គ្រាន់ទេ សុំទោស ខ្ញុំធ្វើវាមិនកើត»។ ដូចគ្នានេះដែរ ចំពោះ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន «បឋម» នឹងត្រូវចេញជូនក្រុមហ៊ុន ក្នុងរយៈពេលយ៉ាងយូរបំផុត៣ខែ ប្រសិនបើមានឯកសារគ្រប់គ្រាន់ និងគោរពតាមគោលការណ៍ណែនាំរបស់ក្រសួង។
លោកបានលើកឡើងថា៖«ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន សំខាន់ណាស់។ បើសិនណាយើង ធ្វើអ្វីមួយ ដោយមិនបានវាយតម្លៃផលប៉ះពាល់បរិស្ថានទេ យើងមិនដឹងថាតើ អ្វីដែលយើងធ្វើហ្នឹងប៉ះពាល់ដល់បរិស្ថានបែបណានោះទេ»។
កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ដែលមានមុំ៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។
ភាពស្អាត គឺភាពស្អាតនៅលើមេឃ នៅលើដី និងនៅលើទឹកផងដែរ។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានគឺសិក្សា ពីផលប៉ះពាល់បរិស្ថានទៅលើផ្ទៃមេឃ លើផ្ទៃដី និងផ្ទៃទឹក ដើម្បីឱ្យដឹងពីកម្រិតនៃផលប៉ះពាល់។
ក្រោយពេលដែលសិក្សាឃើញហើយ នោះក្រសួងនឹងណែនាំឱ្យក្រុមហ៊ុនវិនិយោគនោះ ធ្វើយ៉ាងណា ដើម្បីបញ្ចៀសឱ្យខាងតែបានលើផលប៉ះពាល់ទាំងនោះ។
នេះគឺ ដើម្បីកុំឱ្យផលប៉ះពាល់ទាំងនោះនាំទៅដល់ផលវិបាកដល់សង្គមផង និងដល់សុខភាពប្រជាពលរដ្ឋផង។
លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា៖«អ្វីដែលសំខាន់ជាងហ្នឹងទៀតនោះ គឺចង់ធានាឱ្យបាននូវការវិនិយោគមួយ ដែលនាំមកនូវចីរភាព ទាំងការវិនិយោគ ទាំងការងារដែលប្រជាជនទទួលបានពីការវិនិយោគហ្នឹងផង។ យើងអត់ចង់បានទេ នូវការវិនិយោគមួយ ដែលនាំឱ្យបំពុលបរិស្ថានហើយ គ្មានចីរភាព សម្រាប់សង្គមយើង សម្រាប់សេដ្ឋកិច្ចកម្ពុជាយើង»។
លោកបានបន្តថា សិក្ខាសាលាលើកដំបូង ដើម្បី រៀបចំយុទ្ធសាស្រ្ត ក្នុងការវាយតម្លៃផលប៉ះពាល់បរិស្ថានជាយុទ្ធសាស្រ្ត(strategic environmental assessment)នេះ គឺសំខាន់ណាស់។
ក្នុងនោះ គឺមានការសិក្សាទាំងស្រុងតែម្តង ថាតើកម្ពុជាគប្បីរៀបចំយុទ្ធសាស្រ្តយ៉ាងណា ដើម្បីឱ្យធ្វើអាជីវកម្មខ្សាច់ មិនប៉ះពាល់ទៅដល់ដងទន្លេមេគង្គផង និងមិនប៉ះពាល់ទៅដល់ប្រជាជន ដែលរស់នៅតាមដងទន្លេមេគង្គផង។ ជាពិសេសទៅទៀតនោះ គឺដើម្បីរក្សាឱ្យបាននូវចីរភាពទន្លេមេគង្គ។
ប៉ុន្តែអ្វី ដែលក្រសួងធ្វើនេះ គឺមិនគ្របដណ្តប់ទៅដល់ អាជ្ញាធរទន្លមេគង្គ ឬ ស្ថាប័នផ្សេងៗនោះទេ។
លោកថ្លែងថា៖«ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តសម្រាប់ទន្លេមេគង្គមួយនេះ គឺជាគំរូទី១ ដែលក្រសួងបរិស្ថានកំពុងតែធ្វើ ហើយយើងនឹងបន្ត ធ្វើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តសម្រាប់វិស័យដទៃទៀត»។
លោកបានបន្ថែមថា ក្នុងនោះរួមមានវិស័យឧស្សាហកម្ម, ថាមពល, កសិកម្ម, ព្រៃឈើ និងប្រើប្រាស់ដី, គីមី និងវិស័យសំរាម។ វិស័យទាំង៦នេះ គឺចាំបាច់ត្រូវមានយុទ្ធសាស្រ្ត វាយតម្លៃបរិស្ថាន។
ប្រសិនបើមិនមាននោះទេ កម្ពុជាមិនអាចទទួលបានជោគជ័យក្នុងការជំរុញឆ្ពោះទៅកាន់ប្រទេសដែលមានអព្យាក្រឹត្យកាបូនក្នុងឆ្នាំ២០៥០បាននោះទេ។
លោកមានប្រសាសន៍ថា៖«ព្រោះនៅក្នុងគោលការណ៍របស់អង្គការសហប្រជាជាតិ យើងត្រូវធ្វើយ៉ាងណា លើ៦វិស័យហ្នឹង កាត់បន្ថយនូវការសាយភាយ កាត់បន្ថយនូវការប៉ះពាល់បរិស្ថានលើវិស័យទាំងនេះ។ អញ្ជឹងទេ យើងនឹងឈានទៅឆ្ពោះទៅរៀបចំការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្ត។ ហើយពេលសិក្សាបាន៦វិស័យនេះហើយ យើងដាក់បញ្ជូលគ្នា ឱ្យក្លាយទៅជា ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ជាយុទ្ធសាស្រ្តថ្នាក់ជាតិ របស់កម្ពុជា»៕