
ក្រសួងសុខាភិបាលណែនាំបុគ្គលដែលនៅតែបន្តចែកចាយ ឬលក់ផលិតផលទាំង០២ខាងលើ ឬផលិតផល ជំនួយផ្លូវភេទគ្មានលេខបញ្ជីកាផ្សេងទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលទាំងនេះជាបន្ទាន់។ រូបថត សហការី
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសហការជាមួយអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ចុះធ្វើនិយ័តកម្មនៅទីតាំងចំនួន ២ កន្លែង នៅរាជធានីភ្នំពេញ ដែលធ្វើការផ្សព្វផ្សាយលក់តាមរយៈបណ្តាញទំនាក់ទំនងសង្គម អាចបង្កផលប៉ះពាល់ដល់សុខភាពបេះដូង និងគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ។
ក្រសួងសុខាភិបាលបានសេចក្តីជូនដំណឹងនៅថ្ងៃទី២៥ ខែកុម្ភៈនេះ ស្តីពី ការរកឃើញផលិតផល SUPER XL និង AMOUR មានផ្ទុកសារធាតុហាមឃាត់ Sildenafil ដែលជាឱសថប្រើ សម្រាប់វិបត្តិសរីរាង្គភេទបុរស ឬប៉ូវសមត្ថភាពផ្លូវភេទបុរស។
សេចក្ដីជូនដំណឹងរបស់ក្រសួងបានបង្ហាញថា៖ «ដើម្បីចៀសវាងការប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិត ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ផលិតផល SUPER XL និង AMOUR ទាំងនេះជាបន្ទាន់»។
ក្រសួងសុខាភិបាលបានបន្ដថា រាល់ផលិតផលជំនួយផ្លូវភេទគ្រប់ប្រភេទ ដែលកំពុងផ្សព្វផ្សាយលក់តាមប្រព័ន្ធអនឡាញ គឺពុំមានការអនុញ្ញាតឱ្យធ្វើការផ្សព្វផ្សាយពីក្រសួងសុខាភិបាលនោះទេ។
ក្រសួងបន្ថែមថា៖ «តាមការស្រាវជ្រាវកន្លងមកភាគច្រើននៃផលិតផលទាំងនោះមិនមែនជាផលិតផល បំប៉នសុខភាពនោះទេ គឺជាទូទៅមានដាក់សារធាតុឱសថសម័យ ដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ ឬឈានដល់បាត់បង់អាយុជីវិតទៀតផង»។
បុគ្គលដែលនៅតែបន្តចែកចាយ ឬលក់ផលិតផលទាំង០២ខាងលើ ឬផលិតផល ជំនួយផ្លូវភេទគ្មានលេខបញ្ជីកាផ្សេងទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលទាំងនេះជាបន្ទាន់។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាដែលបន្តចែកចាយ ឬលក់ផលិតផល ប៉ះពាល់សុខភាពគ្មានលេខបញ្ជីកាខាងលើ ឬផលិតផលគ្មានលេខបញ្ជីកាផ្សេងទៀត ទៅតាមច្បាប់ ស្តីពីវិសោធន កម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ជាក់ស្ដែង ទីតាំងចំនួន ២ កន្លែង នៅរាជធានីភ្នំពេញនោះ ត្រូវបានកសាងសំណុំរឿងបញ្ជូនជនពាក់ព័ន្ធទៅតុលាការតាមនីតិវិធីផងដែរ៕