ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានលើកឡើងថា ក្រសួងបរិស្ថានបានកំពុងតែអនុវត្តច្បាប់១០០ភាគរយ ដោយគ្មានការលើកលែងនោះទេ ចំពោះការបង្ហូរទឹកកខ្វក់ ដែលបំផ្លាញប្រភពទឹកស្អាត។ បើលោកមិនអនុវត្តច្បាប់ មានន័យថា លោកមិនគោរពទាំងព្រះមហាក្សត្រ និងទាំងប្រមុខរដ្ឋដែលបានឡាយព្រះហស្ថលេខាលើច្បាប់នោះ។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងការផ្តល់បទសម្ភាសន៍ ដល់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោករដ្ឋមន្រ្តីធ្វើជាអធិបតីភាព បើកសិក្ខាសាលាពិ​គ្រោះ​យោបល់ជា លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្ត និង​ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តសម្រាប់អាជីវកម្មបូមខ្សាច់ទន្លេ នាថ្ងៃអង្គារ ទី២៥ ខែកុម្ភៈនេះ។

លោករដ្ឋមន្រ្តីបានថ្លែងថា កម្ពុជាមានច្បាប់ហើយ ដែលព្រះមហាក្សត្របានឡាយព្រះហស្ដលេខា និង ប្រមុខរដ្ឋកម្ពុជាក៏បានចុះហត្ថលេខាហើយផងដែរ ដើម្បីប្រកាសដាក់ឱ្យប្រើប្រាស់។

លោកបានមានប្រសាសន៍ដូច្នេះថា៖«បើខ្ញុំមិនអនុវត្តច្បាប់ មានន័យថា ខ្ញុំមិនគោរពទាំងព្រះមហាក្សត្រ ទាំង ប្រ​មុខរដ្ឋ។ ចុះបើច្បាប់ចេញហើយ យើងមិនអនុវត្ត មានន័យថាខ្ញុំបំពានហើយ។ អញ្ជឹងខ្ញុំមិនបំពានទេ។ មិនបំពានដាច់ខាតហើយ។ ត្រូវតែអនុវត្ត អញ្ជឹងទេ ជាថ្មីម្តងទៀត ច្បាប់ យកមកអនុវត្តហើយ អញ្ចឹងទេ កុំបំពានអី ខ្ញុំនឹងមិនលើកលែងទេ»។

មន្រ្តីបរិស្ថានចុះពិនិត្យ និងប្រមូលសំណាកទឹកកខ្វក់ ដែលបង្ហូរចេញពីរោងចក្រ ចូលប្រភពទឹកស្អាត ក្នុងខេត្តតាកែវ កាលពីសប្តាហ៍មុន។ រូបថត ក្រសួងបរិស្ថាន

ការបំផ្លាញប្រភពទឹក គឺជាការបំផ្លាញភាពស្អាតលើទឹក។ ភាពស្អាតនេះ គឺជាមុំ១ ក្នុងចំណោមមុំទាំង៣​(ភាពស្អាត ភាពបៃតង និងចីរភាព) នៃយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តរួចហើយ។

នាពេលថ្មីៗនេះ ក្រសួងបរិស្ថានបានរកឃើញការបង្ហូរទឹកកខ្វក់ជាច្រើនករណី ចេញពីរោងចក្រ និងក្រុមហ៊ុនចូលទៅក្នុងប្រភពទឹកស្អាត នៅក្នុងខេត្តតាកែវ កំពត កំពង់ស្ពឺ និងខេត្តព្រះសីហនុជាដើម។

ក្រសួងបានប្រកាសចាត់វិធានការច្បាប់ទៅលើម្ចាស់ក្រុមហ៊ុនទាំងនោះ ដោយយោងទៅតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ និង អនុក្រឹត្យ ស្តីពីការត្រួតពិនិត្យការបំពុលទឹក។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«ខ្ញុំសូមបញ្ជាក់ថា ជាការពិតណាស់មានច្រើន ការបង្ហូរទឹកកខ្វក់ចូលក្នុងប្រភពទឹកស្អាតរបស់យើង។ ការអនុវត្តច្បាប់របស់ក្រសួងបរិស្ថាន គឺ១០០ភាគរយ គ្មានការងាករេទេ។ អ្នកដែលប្រព្រឹត្តត្រូវតែទទួលរង នូវការដាក់ទណ្ឌកម្មដោយច្បាប់ ហើយទណ្ឌកម្មធ្ងន់ធ្ងរទៀតផង»។

លោកបន្តថា មុននឹងឈានដល់ការសម្រេចអនុវត្តវិធានការច្បាប់នោះ ក្រសួងតែងតែប្រមូលភស្តុតាងច្បាស់លាស់ណាស់ ដោយមន្រ្តីជំនាញបានចុះទៅដល់កន្លែង ហើយធ្វើការយកសំណាកទឹក និងសំភាសប្រជាជនមូលដ្ឋានផងដែរ។

លោកបានលើកឡើងករណីមួយថា ដងស្ទឹងមួយ ពីមុនប្រជាជនរស់នៅ និងបង្កបង្កើនផលកសិកម្ម។ ប៉ុន្តែ ឥលូវត្រូវបានបំផ្លាញអស់ហើយ ដោយសារតែភាពស្អុយពីការបង្ហូរទឹកកខ្វក់។

ទឹកនៅស្ទឹងនោះ ប្រើក៏លែងបាន ដែលវាបង្កការបាត់បង់នូវធនធានទឹក បាត់បង់ភាពស្អាត និងបាត់បង់ការរស់របស់ពលរដ្ឋផងដែរ។

លោកថ្លែងថា៖«អញ្ជឹងស្តាយណាស់។ ក្រសួងបរិស្ថានមិនអនុញ្ញាតឱ្យ រឿងហ្នឹងកើតឡើងទេ។ ចង់ធ្វើយ៉ាងណា ប្រឹងយ៉ាងណា រក្សាឱ្យបាននូវ ធនធានធម្មជាតិ បឹង បួរ ព្រៃ របស់យើង ដែលជាធម្មជាតិសម្រាប់ការរស់នៅរបស់យើងហ្នឹងមិនឱ្យបាត់បង់ទេ»។

លោករដ្ឋមន្រ្តីក៍បានធ្វើការអំពាវនាវតាមបណ្តាញសង្គមឱ្យមានការបញ្ឈប់សកម្មភាពបំផ្លាញបរិស្ថានទាំងនោះទៀតផងដែរ។ ប៉ុន្តែការអំពាវនាវនេះ មិនមែនបានន័យថា លោកមិនអនុវត្តច្បាប់នោះទេ។ ការអំពាវនាវនេះ គឺជាសុវជីវធម៌មួយ ដែលក្រសួងបរិស្ថានត្រូវតែធ្វើ ដោយពាក្យផ្អែមល្ហែម និងសុំអង្វរករ។

លោករដ្ឋមន្រ្តី ក៏បានលើកឡើងក្នុងកម្មវិធីនោះផងដែរថា ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​(EIA) មិនមែនជាការធ្វើអាជីវកម្មរកប្រាក់ចំណូលនោះទេ។

ប៉ុន្តែវាជាការអនុវត្តច្បាប់ និងទទួលខុសត្រូវខ្ពស់ចំពោះសុខភាពបរិស្ថាន និងប្រជាជនកម្ពុជា។

នៅចំពោះមុខមន្រ្តីរាជការ តំណាងក្រុមហ៊ុន វិស័យឯកជន និងអង្គការដៃគូមកពីគ្រប់ស្ថាប័នពាក់ព័ន្ធផ្សេងៗផងនោះ លោករដ្ឋមន្រ្តី បានថ្លែងអំពីតួនាទី និងការអនុវត្តការងាររបស់នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន(EIA) នៃក្រសួងបរិស្ថាន។

ការងារនេះ គឺចាំបាច់ត្រូវតែអនុវត្តតាមច្បាប់ ដើម្បីភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតក្នុងផ្ទៃមេឃ។

លោកបញ្ជាក់ថា៖«ប្រសិនយើងជាតំណាងឱ្យប្រជាពលរដ្ឋជាង១៧លាននាក់ មិនអនុវត្តច្បាប់ផង ធ្វើដូចម្តេចនឹងឱ្យក្រុមហ៊ុនអនុវត្តច្បាប់បាន។ កត្តាផលជះពីការបញ្ចេញកាកសំណល់ រឹង រាវដែលកើតចេញពីសកម្ម​ភាព​មិនទទួលខុសត្រូវ និងគិតតែពីផលចំណេញតែមួយមុខរបស់អាជីវកម្មមួយចំនួន នឹងបង្កជាផលអ​វិជ្ជ​មានទៅដល់បរិស្ថាន ធនធានធម្មជាតិ និងជាពិសេសសុខភាពរបស់ប្រជាពលរដ្ឋ»៕