ភ្នំពេញៈ ការត្រួតពិនិត្យរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកពេញ១ឆ្នាំ២០២៤ សមត្ថកិច្ចបានរកឃើញ និង ពិន័យយានយន្ដល្មើសច្បាប់សរុបចំនួន ១១៦ ៣០៨គ្រឿង នៅទូទាំងប្រទេស។ ការផាកពិន័យនេះមានទឹកប្រាក់សរុបចំនួន ២៦ ២៣០ ១៨៥ ០០០រៀល ឬជាង៦,៥លានដុល្លារអាមេរិក។

ក្នុងចំណោមទឹកប្រាក់ ដែលត្រូវបានពិន័យនោះ មានទឹកប្រាក់ដែលត្រូវបានបង់ ២១ ៩១៤ ៥០៥ ០០០រៀល ឬជាង៥,៤លានដុល្លារអាមរិក។ នេះបើយោងតាមលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពច​រាចរណ៍​ផ្លូវគោក។

ក្នុងការត្រួតពិនិត្យរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះផងដែរ ក៏មានការដកពិន្ទុបណ្ណបើកបរ និងពិន័យដោយឧបករណ៍បច្ចេកទេសសរុប ១២៤ ៧៣៤នាក់ (ស្រី២២ ៨៥៧នាក់)។

ក្នុងនោះម៉ូតូចំនួន ៨៨ ៩៨២គ្រឿង ដែលល្មើស ៩០ ៧០៤ករណី ហើយត្រូវដកពិន្ទុ៣ ១៤២ពិន្ទុ។

រីឯ រថយន្តធុនស្រាលមានចំនួន ៣៣ ៩៥៦គ្រឿង ដែលល្មើស ៣៤ ៧០៦ករណី ហើយត្រូវដកពិន្ទុ ៦០ ៧៣៧ពិន្ទុ។

ចំពោះ ថយន្តធុនធ្ងន់វិញមានចំនួន១ ៧៩៦គ្រឿង ដែល ១ ៨៩៧ករណី ហើយត្រូវដកពិន្ទុ១ ៥៥៦ពិន្ទុផងដែរ។

ចំពោះ ការងារត្រួតពិនិត្យយានយន្តកែច្នៃខុសបច្ចេកទេសក្នុងរាជធានីខេត្តវិញ បានធ្វើការត្រួតពិនិត្យសរុប ៥៧ ៦០៨គ្រឿង។

ក្នុងនោះ យានយន្តត្រឹមត្រូវចំនួន ៤២ ១០៩គ្រឿង រថយន្តខុសលក្ខណៈបច្ចេកទេសចំនួន ១៥ ៤៩៩គ្រឿង។

ដោយឡែក ចំពោះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍វិញ បើគិតក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០៥៣គ្រោះថ្នាក់ចរណ៍ថយចុះ ៤៧៣លើក ស្មើ១៤​ភាគរយ (២ ៨៤៤/៣ ៣១៧លើក)។

ក្នុងនោះចំនួនអ្នកស្លាប់ថយចុះ ៨១នាក់ ស្មើ៥​ភាគរយ (១ ៥០៩/១ ៥៩៥០នាក់) និងចំនួនអ្នករបួសថយចុះ ៧៩៥នាក់ ស្មើ១៨ភាគរយ (៣ ៧២០/៤ ៥១៥នាក់)។

របាយការណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងច្រើន នៅក្នុងរាជធានីភ្នំពេញចំនួន ៨៩៦លើក ខេត្តព្រះសីហនុ ២៤៦លើក និងខេត្តកំពង់ស្ពឺ ២៣៦លើក។

មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន៤១ ភាគរយ, មិនគោរពសិទ្ធិ២៣ ភាគរយ, មិនប្រកាន់ស្តាំ៩ភាគរយ, ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់៨ភាគរយ, បត់គ្រោះថ្នាក់៨ភាគរយ, ស្រវឹង៤ភាគរយ និងកត្តាយាន៤ភាគរយជាដើម។

ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន៨០ភាគរយ មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៧ភាគរយ។

រីឯ សភាពការណ៍ចណ៍លើផ្លូវល្បឿនលឿនឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ មានយានយន្តឆ្លងកាត់សរុបចំនួន ៥ ២៩០ ៤៨៣/៤ ៩១០ ៤៧៩គ្រឿង ដែលកើន ៣៨០ ០០៤គ្រឿង ស្មើ៧ភាគរយ។

គ្រោះថ្នាក់កើតឡើង ២៣៦/៣១៩លើក (យប់៨៩លើក) ថយ ៨៣លើក ស្មើ៣៥ភាគរយ។ គ្រោះថ្នាក់នេះបណ្តាលឱ្យមានខូចខាតរថយន្តចំនួន ២៩៨/៣៦៩គ្រឿង ថយ ៧១គ្រឿង ស្មើ២៤ភាគរយ និងបណ្តាលឱ្យស្លាប់ចំនួន ១៦/៥នាក់ កើន១១នាក់ ស្មើ៦៩ភាគរយ របួសធ្ងន់ចំនួន ១៤/១៨នាក់ ថយ ៤នាក់ ស្នើ២២ភាគរយ។

គណៈកម្មាធិការជាតិសុវត្ថិភាពច​រាចរណ៍​ផ្លូវគោកបានលើកឡើងថា ទន្ទឹមនឹងផលវិជ្ជមាន នៃស្ថានភាពចរាចរណ៍នេះ ក៏សង្កេតឃើញចំណុចអវិជ្ជមាន និងបញ្ហាប្រឈមមួយចំនួនផងដែរ។​

ជនរងគ្រោះស្លាប់ជាអ្នកជិះម៉ូតូនៅតែមានអត្រាខ្ពស់៨០ ភាគរយ ដែលក្នុងនោះមិនពាក់មួកសុវត្ថិភាពក្នុងពេលមានគ្រោះ ថ្នាក់ចំនួន៦៧ភាគរយ។

បន្ថែមពីនោះ ករណីល្មើសច្បាប់ ដែលត្រូវពិន័យអន្តរការណ៍នៅបន្តកើតមានក្នុងចំនួនប្រមាណជា ៣១៩ករណីក្នុង១ថ្ងៃ។

ក្នុងនោះករណី ល្មើសដែលនៅតែស្ថិតក្នុងអត្រាខ្ពស់គឺការមិនពាក់មួកសុវត្ថិភាព ៧០ ភាគរយ, ការបើកបរលើសល្បឿនកំណត់ ៣៩​ ភាគរយ និងសញ្ញាចរាចរណ៍ ២០ភាគរយ ដែលបានឆ្លុះបញ្ចាំងអំពីការមិនអើពើគោរពច្បាប់របស់អ្នកប្រើប្រាស់ផ្លូវមួយចំនួន។

ក្រៅពីនោះ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប បង្ហោះព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម ដោយក្រុមអគតិ នៅតែជាចំណុចរសើប ដែលទាមទារជាចាំបាច់ឱ្យមានការបន្តយកចិត្តទុកដាក់កាត់បន្ថយភាពអសកម្មរបស់មន្ត្រីនគរបាលចរាចរណ៍ផង និង ពង្រឹងយន្តការប្រតិកម្មរហ័ស ដើម្បីបំបាត់ប្រសិទ្ធភាពបានទាន់ពេលវេលា។

គ្រោះថ្នាក់លើផ្លូវល្បឿនលឿនក្នុងឆ្នាំ២០២៤កន្លងមកចំនួន២៣៦លើកនោះ ក៏បណ្តាលឱ្យ ស្លាប់ចំនួន ១៦នាក់។

យោងតាមរបាយការណ៍ចរាចរណ៍ប្រចាំសប្តាហ៍លើផ្លូវល្បឿនលឿន គិតចាប់ពីថ្ងៃទី១៧ ខែកុម្ភៈដល់ថ្ងៃទី២៣ ខែកុម្ភៈនេះ ចរាចរណ៍លើផ្លូវល្បឿនលឿនសរុបមានចំនួន ១០៥ ៣៦០ដង ក្នុង១សប្តាហ៍។ ក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ ១៣៩៩ ចំនួន១៤៩។

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ដោយកុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍ជាដើម៕