
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គទី២ នៃវេទិកាអនាគតអាស៊ានលើកទី២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី២៥ ខែកុម្ភៈ។ ក្រសួងការបរទេស
រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បានស្នើឲ្យប្រទេសអាស៊ានរួមគ្នារក្សាសន្តិភាព និងការពារខ្លួនកុំឲ្យតំបន់នេះក្លាយជាកូនអុកនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាច។ លោកថា ការព្យាករសម្រាប់ពេលអនាគតពិបាកនឹងធ្វើឡើងដោយសារមានភាពមិនប្រាកដប្រជាជាច្រើន។
លោកថ្លែងដូច្នេះថា៖ «ការថែរក្សាសន្តិភាពនៅក្នុងតំបន់ដែលបានមកដោយលំបាក ត្រូវតែជាអាទិភាពខ្ពស់បំផុតរបស់យើង។ យើងមិនត្រូវឲ្យខ្លួនយើងក្លាយជារណបរបស់អ្នកណាម្នាក់នៅក្នុងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចនោះទេ។ យើងអាចធ្វើដូច្នេះបានតាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានសារៈប្រយោជន៍ទៅវិញទៅមក ជាជាងការប្រកួតប្រជែងយកឈ្នះគ្នារៀងៗខ្លួន»។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គទី២ នៃវេទិកាអនាគតអាស៊ានលើកទី២ លើប្រធានបទស្តីពី «ការពិនិត្យឡើងវិញនូវគោលការណ៍គ្រឹះរបស់អាស៊ាន៖ ការត្រៀមលក្ខណៈសម្រាប់ការប្រឈមនាពេលអនាគត» នាថ្ងៃទី២៥ ខែកុម្ភៈ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
វេទិកានេះរៀបចំឡើងដើម្បីជាឱកាសសម្រាប់ថ្នាក់ដឹកនាំនិងអ្នកធ្វើគោលនយោបាយនៅតំបន់អាស៊ានលើកឡើងពីគោលការណ៍គ្រឹះរបស់អាស៊ាន និង យុទ្ធសាស្ត្រនានាសម្រាប់បញ្ហាប្រឈមនាពេលអនាគត។
លោកបន្តថា អាស៊ានត្រូវតែដោះស្រាយជម្លោះណាមួយដោយឈរលើហេតុផលសមរម្យ ជាពិសេសជម្លោះទឹកដី ហើយការដោះស្រាយត្រូវធ្វើឡើងដោយការសន្ទនា ការទូត និងយន្តការសន្តិវិធី។
លើសពីនេះត្រូវគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ ដោយយុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព ដោយគ្មានស្តង់ដារពីរនោះទេ។
លោកបន្តថា ក្នុងរយៈពេល ៥ ទសវត្សរ៍កន្លងទៅ អាស៊ានរក្សាបាននូវសន្តិភាព ប៉ុន្តែបញ្ហាប្រឈមនៅតែកើតមាន ហើយខ្លះកាន់តែធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយ អាស៊ានបានក្លាយជាអង្គការតំបន់មួយដ៏ជោគជ័យ ដែលជោគជ័យនេះឈរនៅលើគោលការណ៍សាមគ្គីភាព ឯកច្ឆន្ទ គោរពគ្នាទៅវិញទៅមក និងស្មើមុខស្មើសិទ្ធិនិងការទទួលខុសត្រូវ។
លោកលើកឡើងថា បញ្ហាប្រឈមនៅលើពិភពលោកនាពេលបច្ចុប្បន្ន កើតចេញពីប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សកលភាវូបនីយកម្ម និងបញ្ហាប្រឈមសង្គមសេដ្ឋកិច្ច។
ការព្យាករសម្រាប់ពេលអនាគតពិបាកនឹងធ្វើឡើងដោយសារមានភាពមិនប្រាកដប្រជាជាច្រើន។ ហេតុដូច្នេះហើយ ការថែរក្សាសន្តិភាពគឺជារឿងសំខាន់ជាងអ្វីៗទាំងអស់៕