
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែកុម្ភៈ។ AKP
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញបទបញ្ជាឲ្យមានការប្រឡងសម្រាប់គ្រូកិច្ចសន្យាដែលមានសមត្ថភាពដើម្បីបានក្របខណ្ឌគ្រូពេញសិទ្ធិនៅបឋមសិក្សា។ ដោយលោកចាត់ទុកការធ្វើដូច្នេះថាជាព្រួញមួយបាញ់បានសត្វពីរ គឺបានគ្រូដែលនៅក្នុងមូលដ្ឋាននិងមានបទពិសោធន៍ស្រាប់។
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបទបញ្ចប់សន្និបាតប្រចាំឆ្នាំនៃក្រសួងអប់រំ យុវជន និង កីឡា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ថា បញ្ហាខ្វះខាតគ្រូគឺដោយសារតែដោយសារតែគ្រូដែលទើបបញ្ចប់ការសិក្សាមិនចង់ទៅមូលដ្ឋានឆ្ងាយៗ។
ដូច្នេះមានតែគ្រូកិច្ចសន្យាដែលនៅទីនោះស្រាប់អាចបំពេញកង្វះខាតនេះ។
ដោយយោងទៅលើបទពិសោធន៍ និង សមត្ថភាពរបស់ពួកគាត់ លោកដាក់បទបញ្ជាឲ្យក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងក្នុងកម្រិតស្តង់ដារទាបជាងការប្រឡងគ្រូថ្នាក់ជាតិ។
បន្ទាប់មកបញ្ជូនពួកគាត់ទៅទទួលការបណ្ដុះបណ្ដាលរយៈពេល ១២ខែ ឬ ១៨ខែ ហើយក្លាយជាគ្រូពេញសិទ្ធិតែម្ដង។
លោកថ្លែងដូច្នេះថា៖ «ឥឡូវយើងមានគ្រូដែលប្រឡងតែពិបាកបញ្ជូនគាត់ទៅ ខណៈពេលដែលគ្រូស្ម័គ្រចិត្តដែលកំពុងបង្រៀនគាត់មិនអាចចូលក្របខណ្ឌបាន។ ដូច្នេះ ត្រូវរកវិធីបញ្ចូលពួកគាត់។ វិធីនេះគឺមួយព្រួញបាញ់បានសត្វពីរ ព្រោះលោកគ្រូនៅទីនោះស្រាប់ គាត់មិនទៅណាទេ»។
លោកបន្តថា៖ «ហេតុអ្វីបានជាខ្ញុំថាចេញបទបញ្ជា? បើសិនឲ្យទៅពិចារណា ប្រហែលជាអាចស្ទះព្រោះត្រូវផ្អែកលើលិខិតូបករណ៍នេះ ផ្អែកលើអនុក្រឹត្យនេះ។ ឥឡូវបទបញ្ជានយោបាយ ដាក់មកឲ្យធ្វើអីចឹង ហើយទៅកែលិខិតទាំងនោះទៅ»។
បច្ចុប្បន្ននេះ សាលារៀនមួយចំនួនជួបបញ្ហាខ្វះខាតគ្រូបង្រៀននៅកម្រិតបឋមសិក្សា។ គ្រូកិច្ចសន្យាគឺជាដំណោះស្រាយ ខណៈដែលសាលាខ្លះស្នើសុំការជួយបង្រៀនបណ្ដោះអាសន្នពីគ្រូដែលបានចូលនិវត្តរួចហើយ។
ដោយសារកិច្ចសន្យានេះមានរយៈពេលតែ ១ ឆ្នាំដែលធ្វើឲ្យមានការចំណាយពេលរៀងរាល់ឆ្នាំសម្រាប់រត់ក្រដាសស្នាម លោក ហ៊ុន ម៉ាណែត ប្រាប់ក្រសួងអប់រំ ឲ្យធ្វើកិច្ចសន្យារយៈពេល ២ ឆ្នាំតែម្ដង៕