
បុគ្គលិក ប.ស.ស ក្នុងពិធីផ្សព្វផ្សាយប្រកាសស្ដីពី «លក្ខខណ្ឌ បែបបទ និងនីតិវីធីនៃការផ្ដល់សេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្ត សេវាស្ដារនីតិសម្បទា....» កាលពីចុងឆ្នាំ២០២៤។ រូបថត ប.ស.ស
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី ២៨ ខែកុម្ភៈនេះថា ថ្មីៗនេះ មានករណីឆបោកសមាជិក ប.ស.ស. តាមប្រព័ន្ធអនឡាញ ដោយការបន្លំខ្លួនជាមន្ត្រី ប.ស.ស. ប្រើប្រាស់រូបថត និងនិមិត្តសញ្ញា ប.ស.ស. ឬក្លែងបន្លំលិខិតជូនដំណឹងបង់ភាគទាន។
សេចក្ដីជូនដំណឹង បានបង្ហាញថា៖ «[ជនឆបោកបានស្នើឱ្យ] ប្តូរលេខគណនីធនាគារដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ទៅ ជាគណនីធនាគារ ឬ QR Code ផ្ទេរប្រាក់គណនីផ្ទាល់ខ្លួន និងបានទាក់ទងទៅកាន់សមាជិក ដោយផ្ទាល់តាមតេឡេក្រាម ឬប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ដើម្បីណែនាំឱ្យរដ្ឋបាលសហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. ធ្វើការបង់ភាគទានតាមលេខគណនី ឬ QR Code ក្លែងបន្លំនោះ»។
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបញ្ជាក់ថា ប.ស.ស. មិនមានគោលការណ៍ឱ្យម្ចាស់សហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. បង់ភាគទានទៅគណនី ដែលមានឈ្មោះផ្ទាល់ខ្លួនរបស់ជនណាម្នាក់ឡើយ។
ការបង់ភាគទានតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. លើកម្មវិធីទូរស័ព្ទរបស់ធនាគារដៃចំនួន ៤ ហើយការបង់ភាគទានតាមរបបភាគទានជាកាតព្វកិច្ចរបស់សហគ្រាស គ្រឹះស្ថាន ត្រូវអនុវត្តតាមរយៈមុខងារបង់ប្រាក់លើ កម្មវិធីទូរសព្ទដៃរបស់ធនាគារដៃគូ ប.ស.ស. ឬលេខគណនី ប.ស.ស. នៅធនាគារដៃគូទាំង១១។
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា៖ «ប.ស.ស. បាននិងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវ វែកមុខជនឆបោក ដើម្បីនាំយកមកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
ករណីសង្ស័យ ឬត្រូវការព័ត៌មានបន្ថែម សូមទាក់ទងមក Call Center លេខ ១២៨៦ ឬ ១២៩៧ ឬក្រុមតេឡេក្រាម បេឡាជាតិសន្តិសុខសង្គម៕