
ក្រុមការងារ នៃក្រសួងបរិស្ថាន ធ្វើការកំណាយផូស៊ីលដើមឈើ ក្រោយពីបានរកឃើញ នៅក្នុងតំបន់ការពារនាពេលកន្លងមក។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ មន្រ្តីជំនាញ នៃក្រសួងបរិស្ថាន និងដៃគូអន្តរជាតិបានរកឃើញស្ថានីយផូស៊ីលចំនួន៦៧ស្ថានីយ ហើយ នៅក្នុងខេត្តចំនួន១៣ ចាប់តាំងពីឆ្នាំ២០១៩មក ហើយក៏មានគម្រោងសិក្សាស៊ីជម្រៅលើសំណាកផូស៊ីលមួយចំនួនផងដែរ។
ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈនេះថា នាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចាប់ផ្តើមសិក្សាស្រាវជ្រាវផូស៊ីល នៅឆ្នាំ២០១៩។ រហូតដល់បច្ចុប្បន្នបានរកឃើញស្ថានីយផូស៊ីល ចំនួន៦៧ស្ថានីយ។
ស្ថានីយទាំងនោះរួមមាន ស្ថានីយផូស៊ីលសត្វសមុទ្រចំនួន៤៦, ផូស៊ីលសត្វទឹកសាបចំនួន២, ផូស៊ីលឈើចំនួន១៤, ផូស៊ីលស្លឹកឈើចំនួន១, ផូស៊ីលឆ្អឹងដាយណូស័រចំនួន១ ដែលរកឃើញដំបូងនៅកម្ពុជា និងផូស៊ីលដានជើងសត្វចំនួន៣ផងដែរ។
ក្រសួងបានលើកឡើងថា ផូស៊ីលទាំងអស់មានអាយុកាលនៅក្នុងចន្លោះពី ៣៥៩-២លានឆ្នាំ ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង បាត់ដំបង កោះកុង ពោធិ៍សាត់ សៀមរាប ឧត្តរមានជ័យ ក្រចេះ ប៉ៃលិន និងខេត្តកំពត។
ក្រោយពីការរកឃើញ ក្រសួងក៏បានធ្វើការកំណាយផូស៊ីល ចំនួន៤ទីតាំងផងដែរ។ ក្នុងនោះ នៅឆ្នាំ ២០១៩ ដល់ឆ្នាំ២០២០ បានធ្វើកំណាយផូស៊ីលឈើ នៅដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងខេត្តរតនគិរី។
នៅឆ្នាំ២០២២ បានធ្វើកំណាយផូស៊ីលឆ្អឹងដាយណូស័យ នៅដែនជម្រកសត្វព្រៃតាតៃ ស្ថិតក្នុង ខេត្តកោះកុង។
ផូស៊ីលនេះ ត្រូវបានរកឃើញជាលើកដំបូងនៅប្រទេសកម្ពុជា។
នៅឆ្នាំ ២០២១ ដល់ឆ្នាំ២០២៣ បានធ្វើកំណាយផូស៊ីលសត្វសមុទ្រ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំបាក់ ខេត្តបន្ទាយមានជ័យ។
ចុងក្រោយ គឺនៅឆ្នាំ២០២៤ បានកំណាយផូស៊ីលឈើថ្ម នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ខេត្តព្រះវិហារ។
ជាលទ្ធផលបានជីកដី ជម្រៅ១,៥ម៉ែត្រ ទទឹង២ម៉ែត្រ និងបណ្តោយ៦ម៉ែត្រ ហើយបានរកឃើញផូស៊ីលឈើប្រវែង៣,៥ម៉ែត្រ និងបំណែកមែកឈើជាច្រើន ដែលបានក្លាយជាធ្យូងកប់ក្នុងស្រទាប់ថ្មភក់។
អ្នកជំនាញក្រសួងបរិស្ថានក៏មានគម្រោងសិក្សាស៊ីជម្រៅលើសំណាកផូស៊ីល ដែលត្រូវបានរកឃើញនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្ត ខេត្តកំពត និងកោះកុងផងដែរ។
លោកសេង សោត អគ្គនាយករងនៃ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានដឹកនាំកិច្ចពិភាក្សាជាមួយអ្នកជំនាញ និងអ្នកស្រាវជ្រាវពាក់ព័ន្ធ និងដៃគូសហការមួយចំនួន ដើម្បីកំណត់អត្តសញ្ញាណផូស៊ីល និងធ្វើស្រ្តាទីក្រាហ្វ។
ការកំណត់អត្តសញ្ញាណនេះ គឺដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ក្នុងការសិក្សា និងប្រមូលសំណាកគំរូក្នុងខេត្តកោះកុង និងកំពត។
ការងារនេះក៏បានរៀបចំឡើងរៀបចំ ដោយនាយកដ្ឋានតំបន់បេតិកភណ្ឌ ធម្មជាតិ ដែលបានទទួលការគាំទ្រសម្រាប់ការស្រាវជ្រាវ ស្ដីពី ការកំណត់អត្តសញ្ញាណផូស៊ីល និងស្រ្តាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ពីអង្គការយូណេស្កូ តាមរយៈ គណៈកម្មការជាតិយូណេស្កូកម្ពុជា (Cambodian National Commission for UNESCO)។
ការសិក្សាស្រាវជ្រាវនេះមានគោលបំណង ដើម្បីផ្សព្វផ្សាយគំហើញផូស៊ីលថ្មីៗ,បង្កើនការផ្សព្វផ្សាយធនធានធម្មជាតិ(ផូស៊ីល), ជំរុញការចូលរួមពីអ្នកពាក់ព័ន្ធ និង ដើម្បីបង្កើនសមត្ថភាពអ្នកសិក្សាស្រាវជ្រាវផងដែរ។
ក្រសួងបរិស្ថានបានដាក់ចេញ នូវផែនការយុទ្ឋសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ -២០២៨ ដែលផ្តោតទៅលើ ភាពស្អាត ភាពបៃតង និងចីរភាព។ ក្នុងនោះក៍និយាយពីការសិក្សាស្រាវជ្រាវផូស៊ីលក្នុងប្រទេសកម្ពុជាផងដែរ៕