
អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៩០ភាគរយ និងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅខែកក្កដាខាងមុខនេះ។ រូបថត ហ្វេសប៊ុក
ភ្នំពេញ៖ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព បានស្នើសុំបិណ្ឌបាតរៀបចំតម្កល់ព្រះពុទ្ធរូប ១អង្គ នៅក្នុងព្រលានយន្ដហោះថ្មីទៅតាមជំនឿសាសនា ដែលប្រទេសកម្ពុជាគោរពប្រណិបតន៍ព្រះពុទ្ធសាសនា។
ព្រះតេជគុណ ចៅអធិកា វត្ត«និគ្រោធវ័ន» ហៅ គល់ទទឹង ក្នុងឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល បានសរសេរនៅលើហ្វេសប៊ុករបស់ព្រះអង្គថា៖ «អាត្មាសូមចម្រើន សុំបិណ្ឌបាតសម្ដេចតេជោ សម្ដេចបវរធិបតី មេត្តាពិចារណារៀបចំតម្កល់ព្រះពុទ្ធរូប ១អង្គ នៅក្នុងព្រលានយន្ដហោះថ្មី ដើម្បីជាសិរីសួស្ដី និងសក្ដិសមជាប្រទេសដែលយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ»។
យោងតាមរដ្ឋបាលខេត្ដកណ្ដាល បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ខេត្តកណ្តាល គិតត្រឹមរសៀលថ្ងៃទី២១ ខែកុម្ភៈនេះ សម្រេចការសាងសង់បានជាង ៩០ភាគរយ និងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅខែកក្កដាខាងមុខនេះ ក្រោមអធិបតីភាពដ៏លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
អាកាសយានដ្ឋាននេះសាងសង់ឡើងលើផ្ទៃដីជាង២៦០០ហិចតា ដែលសាងសង់ឡើងជាព្រលានយន្តហោះលំដាប់ F4 ដែលអាចឱ្យយន្តខ្នាតធំចុះចត ដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់១៣លាននាក់ក្នុង១ឆ្នាំ សម្រាប់ការសាងដំណាក់កាលទីមួយនេះ៕