ក្រសួងព័ត៌មាន បានណែនាំឱ្យអ្នកផលិតមាតិកាតាមបណ្តាញសង្គម មិនត្រូវប្រើប្រាស់វិធីសាស្ត្រ មិនស្មោះត្រង់ វិធីសាស្រ្តលេងសើច (Prank)  បំពានសិទ្ធសេចក្តីថ្លៃថ្នូររបស់អ្នកដ៏ទៃ ឬប្រើប្រាស់ពាក្យ ពាក្យពេចន៍អសុរោះ ដើម្បីទាក់ទាញការចាប់អារម្មណ៍ ឬលក់ផលិតផលរបស់ខ្លួនឡើយ។

រូបភាពវីដេអូ អ្នកផលិតមាតិកា​ដើម្បី​លក់​ផលិតផល​ម្នាក់ ធ្វើឱ្យសណ្តែកដីរបស់ក្មេងស្រីម្នាក់ខ្ជាយទៅលើដី បានក្លាយជាប្រធាន បទជជែកវែកញែក ទាក់ទងនឹងការធ្វើមាតិកាមិនត្រឹមត្រូវ និងគ្មានសីលធម៌ និងស្នើឱ្យអ្នកផលិតមាតិកានោះ ចេញមុខសុំទោសចំពោះទង្វើមិនសមរម្យរបស់ខ្លួន។

ជាមួយគ្នានេះ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨  ខែកុម្ភៈនេះ បានឱ្យដឹងថា ក្រសួងបានកត់សម្គាល់ឃើញ  អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានផលិតខ្លឹមសារដោយបំពានលើក្រមសីលធម៌ និង ផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយប្រើប្រាស់វិធីសាស្ត្រមិនស្មោះត្រង់ និងបំពានលើសិទ្ធិ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ឬប្រើប្រាស់ពាក្យ ពេចន៍អសុរោះ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងលក់ ផលិតផលរបស់ខ្លួនដាច់ដោយមិនមានការ គិតគូរដល់សីលធម៌សង្គម។

ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គម ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់អ្នកផលិតមាតិ ផ្សព្វផ្សាយតាម​បណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ត្រូវបញ្ឈប់ជាបន្ទាន់នូវ ការប្រើ វិធីសាស្រ្តលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលឱ្យដាច់ ឬទាញការចាប់ អារម្មណ៍មកលើខ្លួន ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ សិទ្ធិរបស់អ្នកដទៃ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ។

ក្រសួង​បន្ត​ថា៖ «ទង្វើបែបនេះមិនមែនជាភាពស្មោះត្រង់ក្នុងការផលិតមាតិកាទេ ប៉ុន្តែជាការ បង្កើតមាតិកាដោយខ្វះក្រមសីលធម៌ ខ្វះការទទួលខុសត្រូវ ព្រមទាំងបានបង្កើតឱ្យមានការ យល់ច្រឡំ និង ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល និងសីលធម៌សង្គម»។

ការផលិតមាតិកាបែបលេងសើច (Prank) ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសអ្នកដទៃ មិនត្រូវបានលើកទឹកចិត្តឡើយ។ ការប៉ះពាល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ ជាការបំពាន ច្បាប់ និងអាចជាកម្មវត្ថុនៃបណ្តឹងរបស់អ្នកដែលទទួលរងផលប៉ះពាល់។

ក្នុងន័យនេះ ក្រសួងសូមអំពាវនាវ ដល់បងប្អូនសាធារណជនកុំចែករំលែកបន្តនូវខ្លឹមសារដែលមិនមាន ក្រមសីលធម៌ និងបំពានដល់សេចក្តី ថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ និងចូលរួមទប់ស្កាត់ព័ត៌មាន ក្លែងក្លាយ និងមាតិកាបែបបំពុលសង្គមទាំង អស់គ្នា។ ទន្ទឹមនេះ ក្រសួងនឹងមានវិធានការផ្លូវច្បាប់ ចំពោះអ្នកដែលផលិតមាតិកាមិនសមរម្យ ប្រាស់ចាក ក្រមសីលធម៌ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ និងប៉ះពាល់ដល់សីលធម៌សង្គម។

ជាមួយគ្នានេះ ក្រសួងព័ត៌មានសូមលើកទឹកចិត្ត និងកោតសរសើរចំពោះអ្នកផលិតមាតិកាតាម បណ្តាញទំនាក់ទំនងសង្គមភាគច្រើនដែលបានគោរពក្រមសីលធម៌ រក្សាបាននូវសេចក្តីថ្លៃថ្នូរ និងគោរព សិទ្ធិអ្នកដទៃ និងផ្តល់ព័ត៌មានពិត និងត្រឹមត្រូវជូនដល់សាធារណជន៕