អ្នក​ជំនាញ​បាន​អះអាង​ សេចក្តី​ប្រកាស​បដិសេធ​របស់​ក្រសួង​ពាណិជ្ជកម្ម​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​របស់​បណ្តាញសារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ NK News ពីករណីសង្ស័យថាមានក្រុមហ៊ុនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(កូរ៉េខាងជើង)​មួយកំពុងផ្សាយពាណិជ្ជកម្ម ដោយបើកចំហអំពីការគ្រប់គ្រងរបស់ខ្លួនលើភោជនីយដ្ឋានបណ្តាក់ទុនរួមគ្នានៅក្នុងប្រទេស​​ចិន និងកម្ពុជា គឺ​ជា​ការ​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​ និង​ការ​គោរពដោយ​ខ្ជាប់​ខ្ជួននៅ​នឹង​សេចក្តី​សម្រេចនានា​របស់​អង្គការ​សហប្រជាជាតិ។

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បាន​ចេញ​​សេចក្តី​បដិសេធមួយ​ទៅ​នឹង​ការ​ដាក់​សេចក្តី​សង្ស័យ​លើ​​អាជ្ញាធរ​កម្ពុជា​ដែល​ថា​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​កូរ៉េខាង​ជើង​ចូល​មក​បើក​អាជីវកម្ម។

សេចក្តី​ប្រកាស​បដិសេធ ​របស់​ក្រសួង​ពាណិជ្ជកម្ម សរសេរ​ថា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បណ្តាញសារព័ត៌មាន NK News បានចុះផ្សាយអំពីករណីសង្ស័យថា មានក្រុមហ៊ុនរបស់កូរ៉េ(កូរ៉េខាងជើង) មួយកំពុងផ្សាយពាណិជ្ជកម្មដោយបើកចំហអំពីការគ្រប់គ្រងរបស់ខ្លួនលើភោជនីយដ្ឋានបណ្តាក់ទុនរួមគ្នានៅក្រៅប្រទេស ដោយមានទីតាំងនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។

ក្រ​សួង​បានបញ្ជាក់​​​ថា៖​«​ករណីនេះ​ក្រសួងពាណិជ្ជកម្មសូម​ប្រកាសបដិសេធចោលទាំងស្រុងចំពោះព័ត៌មានដែលបានចុះផ្សាយដោយ NK News និងសូមបញ្ជាក់ថា ពុំមានការចុះបញ្ជីពាណិជ្ជកម្មឱ្យក្រុមហ៊ុនដែលមានឈ្មោះ Tongnam Trading Company ឬក្រុមហ៊ុន Tongnam Transport JV Co., Ltd. នោះទេ។ បន្ថែមលើនេះ ក្រុមការងារ​ក្រសួងពាណិជ្ជកម្ម​ក៏បានចុះធ្វើការស្រាវជ្រាវនៅតាមផ្សារ​លក់ផលិតផលកូរ៉េ​ក្នុងរាជធានីភ្នំពេញ ឃើញថាពុំមានការធ្វើធុរកិច្ចពាក់ព័ន្ធជាមួយធុរជនកូរ៉េខាងជើងឡើយ»។

លិខិត​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រសួងពាណិជ្ជកម្ម តែងតែអនុវត្តយ៉ាងម៉ត់ចត់តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា ដោយបានលុបចេញពីបញ្ជីពាណិជ្ជកម្ម និងបិទគ្រប់អាជីវកម្មដែលពាក់ព័ន្ធធុរជន​កូរ៉េខាងជើងចំនួន ១៦ ក្រុមហ៊ុន/សហគ្រាស នៅក្នុងឆ្នាំ២០១៩ និង ឆ្នាំ២០២២ ហើយបានបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ អនុវត្តនូវប្រភេទទណ្ឌកម្មផ្សេងៗដូចដែលមានចែងក្នុងសេចក្តីសម្រេចរបស់ UNSC។

លោក ឡោ វិចិត្រ អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍នៅថ្ងៃ​ទី​២៨ ខែកុម្ភៈ ថា ការ​មិន​អនុញ្ញាតឱ្យ​មាន​ធុរជន​កូរ៉េខាង​ជើង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ ព្រម​ទាំង​​នាំ​ចេញ នាំ​ចូល​ទំនិញ​នានា គឺ​ដោយ​សារ​តែ​ប្រទេស​មួយ​នេះ​ត្រូវ​បាន​​អង្គការសហប្រជាជាតិដាក់​បម្រាម​។

ការណ៍​នេះគឺមិនមែន​តែ​ជា​មួយ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​​ជា​មួយ​​​ប្រទេស​ដែល​ជាសមាជិក​ទាំង​ជិត ២០០ ប្រទេស​លើ​ពិភពលោក​។

លោក​បន្ត​ថា ក្រៅ​ពី​សកម្ម​ភាព​ពាណិជ្ជកម្ម ប្រទេស​កូរ៉េខាង​ជើង ​ក៏​ជាប់​បម្រាមទាក់​ទង​នឹង​ការ​ផ្ទេរប្រាក់ ព្រម​ទាំង​ប្រតិបត្តិការ​ផ្សេង​ៗ​ទៀត​ជា​ច្រើន។

លោក​បាន​ថ្លែង​ថា៖​«​ក្រសួងចេញលិខិតបញ្ជាក់ទាន់សភាពការណ៍បែប​នេះ គឺ​ជា​ការ​ល្អ​ណាស់ ព្រម​ទាំង​បង្ហាញ​ទៅ​សហគមន៍អន្តរជាតិថាកម្ពុជាជាប្រទេសនីតិរដ្ឋ និងគោរព ព្រម​ទាំង​សេចក្តី​សម្រេចនានារបស់អង្គការសហប្រជាជាតិ​ដែលជាអង្គការមួយតំណាងឱ្យ​សមាជិក​ជិត ២០០ នៅ​លើ​ពិភពលោក​៕