
អគ្គិភ័យ ដែលបង្កឡើងដោយការបើកហ្គាសចំអិនអាហារទុកចោល បានសម្លាប់ក្មេង២នាក់ នៅក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសុក្រនេះ។ រូបថត ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ
ភ្នំពេញៈ ក្មេងប្រុសម្នាក់ និងស្រីម្នាក់ត្រូវបានភ្លើងឆេះស្លាប់ នៅក្នុងគ្រោះអគ្គិភ័យមួយកន្លែង ដែលកើតឡើងនៅវេលាម៉ោង ៤រសៀល ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នេះបើយោងតាម ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ។
កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា អគ្គិភ័យនេះ គឺបណ្តាលមកពីការបើកហ្គាសចំអិនអាហារទុកចោល ដែលបង្កបានជាអគ្គិភ័យនេះកើតមានឡើង។ ទីតាំងដែលឆេះនេះ គឺជាប្រភេទឃ្លាំង ដែលជាកន្លែងជនអានាថាស្នាក់នៅ។

កម្លាំងសមត្ថកិច្ចជំនាញបានគ្រប់គ្រងភ្លើងបានទាំងស្រុងនៅម៉ោង ៤និង២០នាទី ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង។
ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើរនឹង៦ម៉ែត្រគូប, រថយន្តជំនួយមកពីសាលាខណ្ឌឫស្សីកែវ ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក៕