បាត់ដំបងៈ ក្មេងប្រុស២នាក់ ជាបងប្អូនប​ង្កើតនឹងគ្នាត្រូវបានភ្លើងឆេះស្លាប់នៅក្នុងផ្ទះរបស់ខ្លួន ក្រោយពេល ដែល​ម្តាយ​​បាន​ចាក់សោរទុកនៅក្នុងផ្ទះលក់ចាប់ហួយ ស្ថិតក្នុង ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនរងគ្រោះទាំងនាក់នោះមានឈ្មោះ ស៊ីថា សាវឌី អាយុ១២ឆ្នាំ និងម្នាក់ទៀតឈ្មោះ ស៊ីថា សុវណ្ណដា អាយុ៥ឆ្នាំ។ ចំណែកឯម្តាយរបស់ពួកគេមានឈ្មោះ ហ៊ុន សុគន្ធី អាយុ ៤០ឆ្នាំ រស់នៅភូមិអង់ជើង ឃុំតាម៉ឺន។ នេះបើយោងតាម អគ្គ​ស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ។ 

ស្រ្តីជាម្តាយបានបំភ្លឺប្រាប់នគរបាលថា នៅថ្ងៃកើតហេតុនោះ គាត់បាន​ចាក់​សោរ​ខាង​ក្រៅ​ ហើយបានទៅដកស្មៅបន្លែ នៅខាងក្រោយផ្ទះចំងាយប្រហែល ១៦០ម៉ែត្រ។

ក្រោយមក គាត់ក៏បាន ឮ​សូរសំលេង​ផ្ទុះ ហើយ ងាកទៅមើលផ្ទះ ឃើញ​ភ្លើង​ឆេះផ្ទះអ​ស់បា​ត់​ទៅហើយ ហើយកូនៗរបស់គាត់បានស្លាប់។ នៅក្នុងផ្ទះមានសាំង២ប៊ីដុង ម៉ូតូ២គ្រឿង និង​ដបហ្គាសជាច្រើនដបទៀត។

នគរបាលបានបញ្ជាក់ថា៖«ករណីអគ្គិភ័យ កើតឡើងនេះ បណ្តាលឱ្យស្លាប់មនុស្ស២នាក់ និង​តូបលក់​ចាប់​ហួយ​ ១ខ្នង ទំហំ ៥ម៉ែត្រ គុណ ១២ម៉ែត្រ សង់អំពីឈើ ខូចខាតទាំងស្រុង»។

សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវមូលហេតុ ដែលបណ្តាលឱ្យមានអគ្គិភ័យនេះ ។ កម្លាំង​នគ​របា​លស្រុ​ក​ថ្មគោល មិនបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារតែ ភ្លើងបានឆេះអស់ទៅហើយ។

អធិការនគរបាលស្រុកថ្មគោល​ លោកសេង លុចជាប់ប្រជុំមិនអាចធ្វើអត្ថាធិប្បាយលើករណីអគ្គិភ័យនេះបានទេ នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈនេះ។ 

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) លោកសុទ្ធ គឹមកុលមុន្នីបានឱ្យដឹងថា គ្រោះ​អគ្គិភ័យ​កាលពីឆ្នាំ២០២៤កន្លងមក បានកើតមានចំនួន៨២៣លើក នៅក្នុង២៥រាជធានីខេត្ត ដែល​បណ្តា​លឱ្យម​នុស្ស​យ៉ា​ង​​ហោច​ណាស់២០នាក់បានស្លាប់ និងរបួស៥៩នាក់។ 

រាជធានីភ្នំពេញកើតមានគ្រោះ​អគ្គិភ័យច្រើនជាងគេ គឺរហូតដល់ទៅ១៥០លើក បន្ទាប់មក មានខេត្ត​បាត់ដំបង​ចំនួន​៨៧​លើក និង​សៀម​រាប៥៤លើក។ គ្រោះ​អគ្គិភ័យទាំងនេះ ក៏បានបំផ្លាញផ្ទះ៨៣៧​ខ្នង តូបផ្សារ២៧៤ខ្នង និងឃ្លាំង​ទំ​និញ​២៤​ជាដើម។ 

ដោយឡែកគ្រោះថ្នាក់រន្ទះបាញ់ក្នុងឆ្នាំ២០២៤ក៏បានកើតឡើងជាង១២០លើក និងបានស្លាប់មនុស្សយ៉ាងហោច​ណាស់​៦៨នាក់ និងរបួស៥៥នាក់ផងដែរ៕