រដ្ឋាភិបាលនឹងចេញគោលការណ៍មិនឲ្យនាំចូលសម្ភារៈដែលស៊ីភ្លើងច្រើនដើម្បីសន្សំថាមពល។ គោលការណ៍នេះនឹងត្រូវធ្វើឡើងតាមរយៈការកំណត់ស្តង់ដារអគ្គិសនីដែលរដ្ឋាភិបាលនឹងប្រកាសនាពេលឆាប់ៗខាងមុខ។ នេះបើតាមការលើកឡើងរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរអគ្គិសនីកម្ពុជា លោករដ្ឋមន្ត្រីលើកឡើងពីឧបករណ៍ទាំងនោះ ដូចជា ម៉ាស៊ីនត្រជាក់ អំពូល និងឧបករណ៍ប្រើប្រាស់មួយចំនួនដែលធ្លាប់ស៊ីភ្លើងច្រើន។ ឧបករណ៍ទាំងនេះនឹងត្រូវស្ថិតនៅក្រោមស្តង់ដារមួយដែលរដ្ឋនឹងកំណត់។
លោកបន្តថា ការកំណត់នាំចូលឧបករណ៍ដែលស៊ីភ្លើងតិចនេះនឹងធ្វើឡើងតាមរយៈការធ្វើកិច្ចការជាមួយនឹងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ជាពិសេសជាមួយអង្គភាពគយ និងរដ្ឋាករ ដើម្បីបញ្ឈប់នូវការនាំចូលឧបករណ៍ដែលស៊ីភ្លើងច្រើន បំផ្លាញថាមពល។
លោកបញ្ជាក់ថា៖ «គោលដៅរបស់រដ្ឋាភិបាលគឺចង់សន្សំថាមពលឲ្យបាន ១៥០០មេហ្កាវ៉ាត់នៅត្រឹមឆ្នាំ២០៣០»។
លោកពន្យល់ថា បើសិនមានការសន្សំសំចៃភ្លើងពីផ្នែករដ្ឋនិងឯកជន មានន័យថា នៅឆ្នាំ ២០៣០ មិនចាំបាច់មានការដំឡើងរោងចក្រថាមពលដែលមានសមត្ថភាពផលិតថាមពល ១៥០០មេហ្កាវ៉ាត់នោះទេ។ ថាមពល ១៥០០មេហ្កាវ៉ាត់នេះ គឺមានទំហំធំជាង៥០ភាគរយនៃថាមពលដែលកំពុងប្រើប្រាស់បច្ចុប្បន្ន។
លើសពីនេះទៀត លោកក៏បានបង្ហាញពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការតភ្ជាប់បណ្ដាញអគ្គិសនីផ្គត់ផ្គង់ដែលមានមានលក្ខណៈជាបណ្ដាញ ដើម្បីកាត់បន្ថយការដាច់ភ្លើង ដូចជាការបង្កើនគម្រោងផលិតថាមពលអគ្គិសនី និងតភ្ជាប់គ្នាជាបណ្ដាញ។
លោក កែវ រតនៈ ក៏បានដាក់ទិសដៅឲ្យអាជ្ញាធរអគ្គិសនីពន្លឿនការប្រើប្រាស់ប្រព័ន្ធឌីជីថល ដោយនៅចុងឆ្នាំ២០២៥នេះ ការបង់ថ្លៃភ្លើង ៩៥ ភាគរយត្រូវប្រើប្រព័ន្ធធនាគារ ហើយការស្នើសុំតចរន្តទាំងអស់ត្រូវធ្វើឡើងតាមកម្មវិធីទូរស័ព្ទ EDC app។
លោក កែវ រតន ក៏បានជំរុញឲ្យអាជ្ញាធរអគ្គិសនីធ្វើឲ្យប្រសើរឡើងដល់ប្រព័ន្ធឆ្លើយតបបន្ទាប់សម្រាប់ឆ្លើយទៅសំនួររបស់អតិថិជន ជាជាងការប្រើប្រាស់ទូរស័ព្ទរបស់បុគ្គលិកក្នុងការឆ្លើយតប។
លោកក៏បញ្ជាក់ដែរថា ឆ្នាំ២០២៥នេះ ត្រូវតែសម្អាតការយកសេវាក្រៅផ្លូវការក្នុងការផ្ដល់សេវាកម្មអគ្គិសនី ទោះបីជាការប្រព្រឹត្តបែបនេះនៅមានតិចតួចក៏ដោយ។
លោកថា៖ «ក្នុងឆ្នាំ២០២៥នេះ ត្រូវតែសម្អាតការខ្វះខាតដែលនៅមានតិចតួច ក្នុងប្រព័ន្ធផ្គត់ផ្គង់ថាមពលរបស់អគ្គិសនីរបស់ព្រះរាជាណាចក្រកម្ពុជា។ ត្រូវតែសម្អាតឲ្យអស់នូវការយកសេវាក្រៅផ្លូវការដែលខុសគោលការណ៍។ ខុសគោលការណ៍នេះ ឧទាហរណ៍ដូចជាការតម្រូវឲ្យគេទិញឧបករណ៍ សម្ភារៈពីខ្លួនឯង ទិញខ្សែពីខ្លួនឯង ដែលខុសពីគោលការណ៍កំណត់របស់អាជ្ញាធរ និង ការយកកម្រៃតភ្ជាប់លើសខុសពីគោលការណ៍ ទាំងនេះគឺជាឧទាហរណ៍នៃការខុសគោលការណ៍»។
រដ្ឋមន្ត្រីថាមពល បានបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនក្រសោបយកអាជីវកម្មអគ្គិសនីមកគ្រប់គ្រងខ្លួនឯងតាមបែបជាតូបនីយកម្មនោះទេ គឺធ្វើការជាមួយដៃគូឯកជន៕