ភ្នំពេញៈ ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ​ (Completed Irrigation System) ត្រូវបានស្តារ និងកសាង ដើម្បី​ធានាដល់ការផ្គត់ផ្គង់ទឹក​ សម្រាប់បង្កបង្កើនផលស្រូវ និងដំណាំផ្សេងៗឱ្យបាន៣ដងក្នុងមួយឆ្នាំ ក្នុងខេត្តចំនួន៣។ 

ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ គឺស្ថិតក្នុងគម្រោងខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា ជំហ៊ាន២ ដែលជាគម្រោងជួយលើកកម្ពស់​ច្រវាក់​តម្លៃ​ផលិត​កម្មកសិកម្មកាន់តែល្អប្រសើរ។ គម្រោងនេះ បានស្តារ​និងកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តគ្រប់ជ្រុងជ្រោយ​ សរុបចំនួន ១២​ប្រព័ន្ធ នៅក្នុងខេត្តតាកែវ កណ្ដាល និងព្រៃវែង។ នេះបើយោងតាមបណ្តាញសង្គមរបស់ប្រមុខរដ្ឋាភិបាល។ 

លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា៖«ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ បានធានា​ដល់ការមាន​ទឹកគ្រប់​គ្រាន់​សម្រាប់ប្រជាកសិករ ធ្វើ​ស្រូវ​បានចំនួន ៣ដង ក្នុងមួយឆ្នាំ និងរួមទាំងដំណាំរួមផ្សំផ្សេងៗទៀតផងដែរ ដោយមិនមានការព្រួយបារម្ភ​ពី​ការ​ខ្វះខាតទឹកប្រើប្រាស់ឡើយ»។  

ប្រព័ន្ធធារាសាស្ត្រនេះ មានស្ថានីយន៍បូមទឹកដោយស្វ័យប្រវត្តិ ដែលប្រើប្រាស់ថាមពលអគ្គិសនីចំនួន ១២​កន្លែង ដើម្បីអន្តរាគមន៍បូមទឹកចូលក្នុងប្រឡាយមេ រួចបញ្ចូលទៅក្នុងប្រឡាយរង មុននឹង​ បន្ត​ចូល​ក្នុង​ប្រ​ឡាយជើងក្អែប ដែលនៅតាមភ្លឺស្រែរបស់ប្រជាកសិករ រួចបង្ហូរចូលក្នុងស្រែរបស់ប្រជាកសិករតែម្ដង ។ 

ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ ត្រូវបានគ្រប់គ្រងដោយសហគមន៍កសិករប្រើប្រាស់ទឹក ដែល​ប​ង្កើតឡើង ដោយក្រសួងធនធានទឹក និងឧតុនិយម ហើយមានដំណើរការដោយរលូន ដោយមាន​ការ​ចូល​រួមយ៉ាង​ទៀងទាត់ និងសកម្ម ដើម្បីផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ ។ 

ការអនុវត្តនៅក្នុងខេត្តតាកែវ មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ៥ប្រព័ន្ធ គឺ ប្រព័ន្ធវត្តថ្មី ប្រព័ន្ធ​វត្តថ្មី៣ ប្រឡាយ៩០ ប្រឡាយតាសួង និងប្រព័ន្ធចារ១។  

ក្នុងខេត្តព្រៃវែង មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ៥ប្រព័ន្ធ គឺ ប្រព័ន្ធអង្គរអង្គ អន្លុងរាជ ពាមរ តាហែល និងដីក្រហម។ ដោយឡែកនៅក្នុងខេត្តកណ្តាលវិញ មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូម​ទឹក​ចំនួន ២ប្រព័ន្ធ គឺប្រព័ន្ធសំបួរ និងចារ២ ដែលមានផ្ទៃដីសរុបប្រមាណ​ ១ម៉ឺនហិចតា។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយម លោកអឿង ចន្ថា មិនឆ្លើយតបទៅនឹងការសុំអត្ថាធិប្បាយបន្ថែមលើគម្រោង និងបញ្ហាការខ្វះខាតទឹកនេះនោះទេ។

ក្រសួងធនធានទឹក បានបង្កើតសហគមន៍កសិករប្រើប្រាស់ទឹក(ស.ក.ប.ទ.)នៅទូទាំងប្រទេសបានចំនួន ៥៧៧កន្លែងគិតត្រឹមឆ្នាំ២០២៤។ ក្នុងឆ្នាំ ២០២៥នេះ ក្រសួងគ្រោងនឹងបង្កើតសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន៧បន្ថែទៀត។ ក្នុងនោះ នៅក្នុង​ខេត្តពោធិ៍សាត់ មានចំនួន១កន្លែង, កំពង់ឆ្នាំង២កន្លែង, កំពង់ស្ពឺ២កន្លែង និងខេត្តកំពង់ធំ២កន្លែងផងដែរ។

កាលពីចុងសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតបានជួបសំណេះសំណាលជាមួយប្រជាសហគមន៍ក្នុងស្រុកប្រាសាទសំបូរ​ ខេត្តកំពង់ធំ។ លោកក៏បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកស្ទោងផងដែរ។

លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា ដើម្បីឱ្យការបង្កបង្កើនផលស្រូវប្រាំង បានកាន់តែច្រើន និងមានគុណ​ភាពខ្ពស់ រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តដាក់ខ្ពស់ក្នុងការអន្តរាគមន៍ទឹកពីប្រភពទឹកនានា ក្នុងគោលដៅបម្រើដល់ការស្រោចស្រពស្រែរដូវប្រាំងឱ្យបានគ្រប់គ្រាន់ ព្រមទាំងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាកសិករឱ្យអស់ពីលទ្ធភាព ។ 

ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានធ្វើការអន្តរាគមន៍ទឹក ដោយប្រើប្រាស់​ម៉ាស៊ីនបូមទឹក។ ខេត្តទាំង ៩ ដែលត្រូវបានអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ រួមមាន ខេត្តកំពង់ធំ ព្រៃវែង ស្វាយរៀង កណ្ដាល ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពត និងខេត្តសៀមរាប៕
​