បច្ចុប្បន្ននេះ កម្ពុជានៅសល់តែភូមិចំនួន ១២០ប៉ុណ្ណោះដែលមិនទាន់ទទួលបានការផ្គត់ផ្គង់អគ្គិសនីពីបណ្ដាញជាតិ ខណៈដែលការផ្គត់ផ្គង់នេះបានគ្រប់ដណ្ដប់ទៅលើភូមិក្នុងអត្រា ៩៩,១៥ភាគរយហើយគិតត្រឹមចុងឆ្នាំ២០២៤។
យោងតាមរបាយការណ៍របស់លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ដែលបានថ្លែងក្នុង
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅចុងឆ្នាំ២០២៥ខាងមុខ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជនអាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្ដាញជាតិបាន ៥១ភូមិទៀត។ ដូច្នេះ នៅក្រោយឆ្នាំ២០២៥ អាចសល់ភូមិចំនួន ៦៩ ត្រូវជា ០,៤៩ ភាគរយប៉ុណ្ណោះដែលពុំមានការផ្គត់ផ្គង់ពីបណ្ដាញជាតិ។
អាជ្ញាធរអគ្គិសនីកម្ពុជាបានលើកឡើងពីមូលហេតុនៃការខកខានសម្រាប់ភូមិទាំងនោះដូច្នេះថា៖ «ដោយសារភូមិទាំងនេះជាភូមិមានស្ថានភាពពិបាកខ្លាំង ដូចជាភូមិស្ថិតនៅតំបន់ដាច់ស្រយាលខ្លាំង តំបន់គ្មានផ្លូវធ្វើដំណើរ តំបន់កោះ តំបន់រស់នៅបណ្តែតទឹក តំបន់លិចទឹកនៅរដូវវស្សា តំបន់មានប្រជាពលរដ្ឋរស់នៅរាយប៉ាយ តំបន់តាំងទីលំនៅថ្មី ជាដើម ដែលត្រូវការទុនយ៉ាងច្រើន ដើម្បីអភិវឌ្ឍការផ្គត់ផ្គង់ពីបណ្ដាញជាតិទៅកាន់ភូមិទាំងនោះ»។
ថ្លែងក្នុងពិធីនេះដែរ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានលើកឡើងថា តម្លៃអគ្គិសនីនៅកម្ពុជាមិនគួរត្រូវបានប្រៀបធៀបជាមួយនឹងតម្លៃនៅប្រទេសផ្សេងទេ ពីព្រោះប្រទេសនីមួយៗមានលក្ខខណ្ឌគោលនយោបាយខុសគ្នាទាំងអស់។ លោកថ្លែងថា ភាពខុសគ្នានៃតម្លៃភ្លើងគឺអាស្រ័យទៅលើអ្វីដែលលោកថា «ផលចំណេញសមស្រប»។
លោកពន្យល់ថា ថ្លៃភ្លើងសមរម្យគឺថ្ងៃភ្លើងដែលឆ្លុះបញ្ចាំងពីធាតុចូល និងថ្ងៃលក់ ហើយការចំណេញស្ថិតនៅក្នុងកម្រិតមួយដែលជាស្តង់ដាររួម។
បច្ចុប្បន្ននេះ តម្លៃភ្លើងនៅកម្ពុជាមានគិតជាដុល្លារមានប្រមាណ ០,១៣៧ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង ចំណែកនៅប្រទេសថៃមានតម្លៃប្រហែល ០,១២ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង វៀតណាមមានតម្លៃ ០,០៧ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង និងឡាវដែលសម្បូរទៅដល់វារីអគ្គិសនីមានតម្លៃ ០,០៣៣ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង៕