ក្មេងទំនើងបង្ហោះម៉ូតូលើទីសាធារណៈ ១៤នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ចាប់កោសក់ និងឲ្យហាត់កីឡា ទុកជាការព្រមាន។ អ្នកវិភាគសង្គមចង់ឲ្យមានយុទ្ធសាស្ត្របន្ថែមក្នុងការទប់ស្កាត់ក្មេងទំនើង។
បើតាមអាវុធហត្ថរាជធានីភ្នំពេញ ក្មេងទំនើងទាំង ១៤នាក់នេះ ត្រូវបានអាវុធហត្ថឃាត់ខ្លួននៅរំលងអាធ្រាត្រថ្ងៃទី៣ ខែមករានេះ នៅក្នុងខណ្ឌជ្រោយចង្វារ នៅពេលចុះល្បាតដើម្បីបង្ការ និងបង្រ្កាបក្រុមក្មេងទំនើងដោយឃាត់ខ្លួនបានចំនួន ១៥នាក់ (ស្រី១នាក់) ដែលធ្វើសកម្មភាពជាក្រុម បង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
ពួកគេត្រូវបញ្ជូនបន្តទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ ក្នុងនោះក្មេងទំនើង១៤នាក់ ត្រូវដាក់វិន័យរដ្ឋបាល ដោយកោសក់ ហាត់កីឡា លើកម៉ូតូដើរក្នងទីបញ្ជាការដោយស្រែកថា «ខ្ញុំក្មេងទំនើងបង្ហោះម៉ូតូ កុំយកតម្រាប់តាមខ្ញុំ។ ពីពេលនេះទៅ ខ្ញុំឈប់បង្ហោះម៉ូតូហើយ»។ អាវុធហត្ថក៏បានដកហូតម៉ូតូ៧គ្រឿង រក្សាទុក ៣ខែ ផងដែរ។
ការអនុវត្តវិធានការនេះ ធ្វើឡើងតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបទបញ្ជានេះតម្រូវឲ្យអាជ្ញាធរអនុវត្តគ្រប់វិធានការឲ្យបានតឹងរ៉ឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់។
សម្រាប់ក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សាទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល។
លោក ឈត ប៊ុនថង អ្នកជំនាញផ្នែកអប់រំ និងទស្សនវិជ្ជា ថ្លែងថា ការបង្ក្រាបក្មេងទំនើងត្រូវដឹងពីឫសគល់របស់ពួកគេ និងប្រើយុទ្ធសាស្ត្រផ្សេងៗ ទាំងវិធានការក្ដៅ អប់រំ និង ការលើកទឹកចិត្ត ហើយយុទ្ធសាស្ត្រខ្លះ បានត្រឹមតែធ្វើឲ្យក្មេងកាន់តែទំនើង។
លោកថា គ្រប់ប្រទេសសុទ្ធតែមានក្មេងទំនើង គ្រាន់តែភាពទំនើងខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។
លោកថ្លែងថា៖ «ក្នុងនាមជាអាជ្ញាធរ ក្នុងនាមជាអ្នកអនុវត្តច្បាប់ ហើយក្នុងនាមជាមនុស្សចាស់ ដែលជាឪពុក ជាពូ ជាបង ជាអ៊ំ មិនអាចយកកំហឹង ទល់កំហល់ ឬយកកម្លាំងបាយទៅដោះស្រាយបញ្ហា ដើម្បីផ្លាស់ប្ដូរចរិតរបស់ក្មេង ខ្ញុំគិតថាមិនអាចទៅរួចទេ»។
លោកបន្តថា៖ «រឿងកោសក់ រឿងធ្វើទារុណកម្មផ្សេងៗ សម្រាប់ខ្ញុំក្នុងនាមអ្នកសីលធម៌ផង ខ្ញុំយល់ថាមិនល្អ។ មិនមែនថា ខ្ញុំមិនគាំទ្រទេ តែត្រូវធ្វើតាមច្បាប់។ ពាក្យថាច្បាប់ មិនតម្រូវឲ្យប្រើអំពើហិង្សា ឬទង្វើណាមួយដែលធ្វើឲ្យការដោះស្រាយបញ្ហាមិនមានប្រសិទ្ធភាព។ ដូច្នេះ គួរតែបញ្ឈប់ទៅការកោសក់ ឬការធ្វើអីមួយដែលធ្វើឲ្យក្មេងមិនផ្លាស់ប្ដូរ ហើយកាន់តែខឹង និងមានគំនុំជាមួយអាជ្ញាធរ»៕