ពោធិ៍សាត់ៈ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានជំរុញឱ្យពលរដ្ឋ បញ្ឈប់ការដុតសំរាម សំណល់រឹងតាមគេហ​ដ្ឋាន ឬតាមទីសាធារណៈ ក្រោយពីគុណភាពខ្យល់ក្នុងខេត្តនេះបានធ្លាក់ចុះ ដែលសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) ឡើង«ពណ៌ក្រហម» ខុសប្លែកពីខេត្តផ្សេងៗទៀតនៅកម្ពុជា។ 

ការជំរុញនេះធ្វើឡើង បន្ទាប់ពីពេលថ្មីៗនេះ មន្ទីរបរិស្ថានបានពិនិត្យឃើញថា ស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះដោយមូលហេតុការដុតសំរាម សំណល់រឹងតាមផ្ទះ ការដុតគល់ជញ្ជាំងស្រូវ ដុតស្មៅ ដុតព្រៃចាប់សត្វ រកឃ្មុំ -ល-។ ទាំងនេះ កំពុងតែបង្ក ជាបញ្ហាប៉ះពាល់ដល់គុណភាពខ្យល់ និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ដើម្បីថែរក្សាគុណភាពបរិស្ថាន និងការពារសុខភាពរបស់ប្រជាពលរដ្ឋ មន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់គ្នា «សហការបញ្ឈប់ការដុតសំរាម សំណល់រឹងតាមគេហដ្ឋាន ឬតាមទីវាលសាធារណៈ»។

ប្រជាពលរដ្ឋត្រូវប្រមូលទុកដាក់សំណល់រឹងក្នុងធុងសំរាម និងប្រើប្រាស់សេវាប្រមូលសំរាម ក្នុងមូលដ្ឋានយកទៅកាន់ទីលានទុកដាក់សំរាម ឬកប់ទុកក្នុងរណ្តៅឱ្យបានត្រឹមត្រូវ។

មន្ទីរក៏បានណែនាំឱ្យបញ្ឈប់ការឈូសឆាយ កាប់ឆ្ការ ទន្ទ្រាន ដុតព្រៃឈើ ដុតស្ទាក់ចាប់សត្វ ការដុត ជញ្ជាំងស្រូវ ចំបើង ដើមអំពៅ ស្មៅ និងសំណល់ឧស្សាហកម្មផ្សេងៗជាដើម។

ចំពោះ ប្រជាសហគមន៍វិញ ក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើងជាមធ្យោបាយ ដើម្បីចម្អិនអាហារ យកឃ្មុំ ជក់បារី និងការប្រមូលផល-អនុផលព្រៃឈើជាដើម។ 

ក្រសួងបរិស្ថានកាលពីថ្ងៃទី៣ ខែកុម្ភៈនេះ បានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី៣​ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥​ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤១.០៧ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណ​ភាពខ្យល់ (Air Quality Index) គឺ “ល្អ”។

សេចក្ដី​ជូនដំណឹង​របស់​មន្ទីរ​បរិស្ថាន​ ស្តីពី​វិធានការ​ទប់ស្កាត់​ និង​កាត់​បន្ថយ​ការបំពុលខ្យល់​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ពោធិ៍សាត់

ក្រសួងបានបញ្ជាក់ថា «ពណ៌ខៀវ» ដែលមានគុណភាពខ្យល់ល្អណាស់ មានខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តក្រចេះ រាជធានីភ្នំពេញ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង  ខេត្តតាកែវ ខេត្តកែប ខេត្តស្វាយរៀង​ ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ 

រីឯ «ពណ៌បៃតង» ដែលបង្ហាញគុណភាពខ្យល់ល្អ មានខេត្តកណ្តាល ខេត្តកំពង់ធំ​ ខេត្តព្រៃវែង​ ខេត្តប៉ៃលិន និងខេត្តព្រះសីហនុ​​។

ចំពោះ«ពណ៌លឿង»វិញមាន​ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកោះកុង ហើយ​​ ខេត្តពោធិ៍សាត់ មាន«ពណ៌ក្រហម» ដែលមានគុណភាពខ្យល់ពុល៕