សហរដ្ឋអាមេរិកប្រកាសដកខ្លួនពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) កាត់ជំនួយសម្រាប់ទីភ្នាក់ងារ UNRWA និងពិចារណាក្នុងការដកខ្លួនពីអង្គការUNESCO។
នៅក្នុងបទបញ្ជារបស់លោក ដូណាល់ ត្រាំ ដែលសេតវិមានទើបប្រកាសកាលពីប៉ុន្មានម៉ោងមុននេះ សហរដ្ឋអាមេរិកនឹងមិនចូលរួមជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងមិនព្យាយាមសុំការបោះឆ្នោតបញ្ចូលក្នុងក្រុមប្រឹក្សានេះទេ។
រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងបញ្ឈប់តំណាងរបស់សហរដ្ឋអាមេរិកនៅ UNHRC និងបញ្ចប់រាល់មុខតំណែងរបស់សហរដ្ឋអាមេរិកនៅក្នុងក្រុបប្រឹក្សានេះ។
សម្រាប់អង្គការ UNESCO សហរដ្ឋអាមេរិកនឹងពិនិត្យឡើងវិញលើសមាជិកភាពរបស់ខ្លួន ដែលការវាយតម្លៃនេះដឹកនាំដោយរដ្ឋមន្ត្រីការបរទេសជាមួយនឹងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ ហើយនឹងត្រូវបញ្ចប់ក្នុងរយៈពេល ៩០ ថ្ងៃ គិតចាប់ពីថ្ងៃចេញបទបញ្ជានេះ។
បទបញ្ជារបស់លោក ត្រាំ សរសេរថា៖ «ការពិនិត្យឡើងវិញនេះរួមមានការវាយតម្លៃថាតើអង្គការ UNESCO គាំទ្រដល់ផលប្រយោជន៍សហរដ្ឋអាមេរិកដែរឬទេ។ ជាពិសេសទៀតនោះ ការត្រួតពិនិត្យនេះនឹងរួមមានការវាយតម្លៃទៅលើមនោសញ្ចេតនាប្រឆាំងជនជាតិជ្វីស ឬមនោសញ្ចេតនាប្រឆាំងនឹងអ៊ីស្រាអែល នៅក្នុងអង្គការនេះ»។
សម្រាប់ទីភ្នាក់ងារផ្ដល់ជំនួយនិងការងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅជិតតំបន់មជ្ឈិមបូព៌ា សហរដ្ឋអាមេរិកនឹងកាត់ជំនួយមូលនិធិ ជំនួយឥតសំណង ឬការចេញថ្លៃអ្វីផ្សេងទាំងអស់។ សម្រាប់ជំនួយដែលអនុម័តរួចហើយសម្រាប់ឆ្នាំ២០២៥នេះក៏នឹងត្រូវដកយកវិញដែរ។
សហរដ្ឋអាមេរិកអះអាងថា សមាជិកទីភ្នាក់ងារនេះមានជាប់ពាក់ព័ន្ធនឹងក្រុមភេរវករ ហើយក៏មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ផងដែរ៕