សៀមរាប៖ ទន្លេមេគង្គ ជាធនធានដ៏សំខាន់ដែលហូរកាត់ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម បានដើរតួនាទីសំខាន់ក្នុងការចិញ្ចឹមជីវិតមនុស្សរាប់លាននាក់។
វិស័យជលផលបានផ្តល់នូវអាហារ និងប្រាក់ចំណូលដ៏សំខាន់ ប៉ុន្តែសម្ពាធកើនឡើងពីនគរូបនីយកម្ម ទំនប់ទឹក និងប្រព័ន្ធធារាសាស្ត្របានរំខានយ៉ាងខ្លាំងដល់ជីវសាស្ដ្រនៃការធ្វើចំណាកស្រុករបស់ត្រី។
ជាការឆ្លើយតប អូស្ត្រាលី និងបណ្តាប្រទេសអាស៊ាន ជាពិសេសនៅតាមដងទន្លេមេគង្គ បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយ ផ្តោតលើការស្ដារឡើងវិញនូវផ្លូវធ្វើបំលាស់ទីរបស់ត្រី តាមរយៈផ្លូវត្រី ឬជណ្ដើរត្រី ដែលអនុញ្ញាតឱ្យត្រីឆ្លងកាត់ទំនប់ និងរបាំងផ្សេងៗទៀត។
សន្និសីទលើកទីពីរស្ដីពីជណ្ដើរត្រីនៅតំបន់ទន្លេមេគង្គក្រោម ឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅខេត្តសៀមរាបក្នុងខែកុម្ភៈ ឆ្នាំ២០២៥ បានចែករំលែកនូវចំណេះដឹងក្នុងចំណោមក្រុមអ្នកស្រាវជ្រាវ និងបណ្ដាប្រទេសនីមួយៗដើម្បីអនុវត្ដគំនិតផ្តួចផ្តើមនេះ។
ឧបត្ថម្ភតាមរយៈភាពជាដៃគូមេគង្គ-អូស្ត្រាលី ដោយមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្ម (DFAT) គម្រោងនេះកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយឡាវ និងកម្ពុជា។
សព្វថ្ងៃនេះ វាបានរួមបញ្ចូលវៀតណាម និងថៃ ជាមួយនឹងផែនការបន្តទៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយពង្រឹងភាពជាដៃគូអាស៊ាន-អូស្ត្រាលី សម្រាប់ការគ្រប់គ្រងជលផលប្រកបដោយចីរភាព។
លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានលើកឡើងថ្លែងសុន្ទរកថាក្នុងសន្និសីទពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដែលកំពុងបន្តក្នុងការការពារសន្តិសុខស្បៀង និងការលើកកម្ពស់ជីវចម្រុះ។
លោកបានថ្លែងថា៖ «អាស៊ានមានសកម្មភាពជាពិសេសនៅក្នុងអនុតំបន់មេគង្គ រួមទាំងតាមរយៈគម្រោងចំនួន ១៩ នៅទីនេះ ក្នុងប្រទេសកម្ពុជា ដែលបានជួយនាំយកចំណេះដឹងថ្មីៗ ការច្នៃប្រឌិតបច្ចេកវិទ្យា និងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រក្នុងវិស័យកសិកម្ម និងនេសាទ»។
ការសង្កត់ធ្ងន់របស់លោកលើកិច្ចសហប្រតិបត្តិការឆ្លងព្រំដែនក្នុងតំបន់ គូសបញ្ជាក់ពីបញ្ហាប្រឈម និងឱកាសរួមគ្នានៅក្នុងទន្លេមេគង្គ ដែលជលផលប្រកបដោយនិរន្តរភាពមានសារៈសំខាន់សម្រាប់មនុស្សរាប់លាននាក់។
គោលដៅចម្បងមួយនៃគម្រោងទាំងនេះគឺដើម្បីធានាថា ការអភិវឌ្ឍន៍មិនរារាំងដល់ជីវសាស្ដ្ររបស់ត្រី និងជីវចម្រុះ។
លោក Yip បានលើកឡើងពីដំណើរទស្សនៈកិច្ចរបស់លោកមកកាន់តំបន់បឹងទន្លេសាបនៅកម្ពុជា ដែលលោកបានសង្កេតឃើញតុល្យភាពរវាងការអភិវឌ្ឍន៍វិស័យកសិកម្ម និងការអភិរក្សបរិស្ថាន។
លោកបានឱ្យដឹងថា៖ «ខ្ញុំបានមើលឃើញពីរបៀបអាទិភាពប្រកួតប្រជែង ដូចជា ការគ្រប់គ្រងទឹកជំនន់ និងការធានាទឹកគ្រប់គ្រាន់សម្រាប់ប្រព័ន្ធធារាសាស្ត្រមានសារៈសំខាន់សម្រាប់ជីវិត និងជីវភាពរស់នៅរបស់ប្រជាជនទាំងនៅក្នុងប្រទេសកម្ពុជា និងទូទាំងទន្លេមេគង្គ»។
នាយកប្រតិបត្តិរបស់ ACIAR លោកស្រី Wendy Umberger បានសង្កត់ធ្ងន់ថា ជណ្ដើរត្រីគឺជាដំណោះស្រាយដ៏សំខាន់មួយសម្រាប់កាត់បន្ថយផលប៉ះពាល់នៃហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងវារីអគ្គិសនី។
លោកស្រីបាននិយាយថា៖ «ជណ្ដើរត្រីគឺជាដំណោះស្រាយដែលបង្ហាញឱ្យឃើញសម្រាប់ការកាត់បន្ថយផលប៉ះពាល់នៃការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ការធានាចំនួនបរិមាណត្រីដែលមានសុខភាពល្អ និងការផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គមយូរអង្វែងសម្រាប់សហគមន៍ដែលពឹងផ្អែកលើទន្លេ»។
ចាប់តាំងពីឆ្នាំ ២០១០ ACIAR បានធ្វើការជាមួយរដ្ឋាភិបាលក្នុងតំបន់ ស្ថាប័នស្រាវជ្រាវ និងសហគមន៍ក្នុងប្រទេសឡាវ និងកម្ពុជា ដោយជួយស្ដារចំនួនបរិមាណត្រីសំខាន់ៗ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។
កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការសាងសង់ជណ្ដើរត្រី ដោយចំនួនបួនបានសាងសង់រួចហើយ ដែលក្នុងនោះមានពីរនៅសៀមរាប មួយនៅកំពង់ឆ្នាំង និងមួយទៀតជិតរួចរាល់នៅកំពង់ស្ពឺ។
លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជាបានទទួលស្គាល់តួនាទីសំខាន់របស់ជណ្ដើរត្រីក្នុងការស្តារការធ្វើចំណាកស្រុករបស់ត្រីឡើងវិញ។
នៅពេលមិនទាន់ការអភិវឌ្ឍទំនប់ ប្រព័ន្ធធារាសាស្ដ្រ ត្រីចរាចរណ៍ទៅតាមលក្ខណៈជីវសាស្ដ្ររបស់វា។
លោក សាវឿន បានថ្លែងថា៖ «ប៉ុន្ដែនៅពេលមានការអភិវឌ្ឍ ត្រីមិនអាចធ្វើការបំលាស់ទីពងកូនតាមជីវសាស្ដ្ររបស់វាបាន។ ដូច្នេះ ការសាងសង់ជណ្ដើរត្រី បានផ្ដល់ឱកាសឱ្យត្រីត្រឡប់ទៅកាន់ទីកន្លែងពងកូន»។
លោកទទួលស្គាល់ថា ទិន្នផលត្រីធម្មជាតិរងផលប៉ះពាល់ពីកត្ដាកាប់បំផ្លាញព្រៃលិចទឹក បម្រែបម្រួលអាកាសធាតុ និងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ក៏ដូចជាការសាងសង់ទំនប់ធារាសាស្ដ្រ និងវារីអគ្គិសនី ដែលធ្វើឱ្យត្រីមិនអាចត្រឡប់ទៅកន្លែងពងកូន ឬរកចំណីរបស់វា»។
ភាពជោគជ័យនៅក្នុងប្រទេសកម្ពុជា និងឡាវឥឡូវនេះបានពង្រីកទៅដល់ប្រទេសវៀតណាម និងប្រទេសថៃ ដោយប្រទេសនានានៅទូទាំងអនុតំបន់មេគង្គក្រោមកំពុងធ្វើការដើម្បីរួមបញ្ចូលដំណោះស្រាយការបំលាស់ទីរបស់ត្រីទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ។
លោកស្រី Umberger បានកត់សម្គាល់ថា បទពិសោធន៍ក្នុងតំបន់បានផ្តល់ការយល់ដឹងដ៏មានតម្លៃសម្រាប់ការធ្វើមាត្រដ្ឋានដំណោះស្រាយទាំងនេះឆ្លងកាត់ព្រំដែន។
លោកស្រី បានថ្លែងថា៖ «វិធីសាស្ត្ររបស់យើងបង្ហាញពីសារៈសំខាន់នៃការពង្រីកការច្នៃប្រឌិតតាមរយៈភាពជាដៃគូ និងការវិនិយោគដែលដោះស្រាយបញ្ហាប្រឈមរួមគ្នា»។
សម្លឹងមើលទៅមុខ កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់នេះនឹងពង្រីកបន្ថែមទៀត ដោយប្រទេសឥណ្ឌូនេស៊ីកំពុងរៀបចំបើកដំណើរការជណ្ដើរត្រីដំបូងរបស់ខ្លួននៅជិតទីក្រុងហ្សាការតា ក្នុងខែមេសា ឆ្នាំ ២០២៥។
លោកស្រី Umberger បានគូសបញ្ជាក់ថា ការរួមបញ្ចូលជណ្ដើរត្រីទៅក្នុងផែនការថ្នាក់តំបន់ ជួយការពារការខូចខាតអេកូឡូស៊ីនៅទូទាំងអាងទន្លេមេគង្គក្រោម ការពារជលផលដ៏សំខាន់សម្រាប់សន្តិសុខស្បៀង និងប្រាក់ចំណូល ព្រមទាំងពង្រឹងភាពធន់នឹងសហគមន៍ និងនិរន្តរភាពបរិស្ថាន។
អស់រយៈពេលជាងមួយទសវត្សរ៍ ACIAR បានគាំទ្រសាកលវិទ្យាល័យ Charles Sturt និងបានសហការជាមួយទីភ្នាក់ងាររដ្ឋាភិបាលជាដៃគូនៅក្នុងតំបន់មេគង្គ ដើម្បីស្តារបរិមាណត្រីឡើងវិញ។ កិច្ចខិតខំប្រឹងប្រែងនេះរួមបញ្ចូលទាំងការអភិវឌ្ឍន៍ជណ្ដើរត្រីផងដែរ។
ដោយមានការជួយជ្រោមជ្រែងនេះ ជណ្ដើរត្រីចំនួន ៨ ត្រូវបានសាងសង់នៅក្នុងប្រទេសកម្ពុជា និងឡាវ។ ជណ្ដើរត្រីទាំងនេះអនុញ្ញាតឱ្យត្រីទឹកសាបឆ្លងកាត់របាំង ដូចជា ទំនប់ និងវារីអគ្គិសនី ដែលអនុញ្ញាតឱ្យពួកវាបន្តធ្វើចំណាកស្រុក ពងកូន និងរកចំណី។
លោក Lee Baumgartner អ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ Charles Sturt (CSU) ដែលបានដឹកនាំកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវដែលផ្តល់មូលនិធិដោយ ACIAR ចាប់តាំងពីឆ្នាំ ២០១០ បាននិយាយថា៖ «តុល្យភាពតម្រូវការនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពជាមួយនឹងសុខភាពប្រព័ន្ធអេកូឡូស៊ីគឺមានសារៈសំខាន់ជាងពេលណាទាំងអស់សម្រាប់អាងទន្លេមេគង្គ»។
លោកបន្ដថា៖ «សន្និសីទនេះផ្តល់ឱកាសសហការសម្រាប់ការចែករំលែកការយល់ដឹង និងការពង្រឹងភាពជាដៃគូដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់ដែលពឹងផ្អែកលើទន្លេមេគង្គ»៕