កំពង់ចាម៖ រថយន្តធុនធ្ងន់មួយគ្រឿង ដែលដឹកឈើយកទៅធ្វើទ្វារបង្អួចសាលាឆាន់ នៅវត្តបទុមរតនៈដីដុះ​ ក្នុងក្រុងកំពង់ចាម ត្រូវបានសម្របសម្រួលដោះលែងទៅវិញ បន្ទាប់ពីត្រូវបានឃាត់ទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ក្នុងខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី​៣ ខែកុម្ភៈនេះ។

ការឃាត់យកទៅរក្សាទុករបស់មន្រ្តីជំនាញមូលដ្ឋាននេះ គឺក្រោមការសង្ស័យថា ការដឹកឈើតាមរថយន្តធុនធ្ងន់ វេអងនេះ គ្មានលិខិតអនុញ្ញាតត្រឹមត្រូវតាមផ្លូវច្បាប់។

ប៉ុន្តែមន្រ្តីសាលាខេត្តកំពង់ចាមបានលើកឡើងនៅថ្ងៃពុធ ទី៥ ខែកុម្ភៈនេះថា ឈើទាំងនោះ គឺយកទៅធ្វើទ្វារបង្អួចសាលាឆាន់ ដែលបំរើឱ្យផលប្រយោជន៍សាធារណៈ ទើបមានការសម្របសម្រួលដោះលែងវិញបែបនេះ។

ព្រះតេជគុណ ញ៉ សាវី ព្រះចៅអធិការ វត្តបទុមរតនៈដីដុះបានធ្វើលិខិតសុំការអនុញ្ញាតពីអភិបាលខេត្តព្រះវិហារ តាមរយៈអាជ្ញាធរគ្រប់ជាន់ថ្នាក់ខេត្តកំពង់ចាមកាលពីខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្នើសុំដឹកឈើយកទៅទ្វារបង្អួចសាលាឆាន់។

ព្រះអង្គបានបញ្ជាក់ក្នុងលិខិតថា៖«ថ្មីៗនេះ អាត្មាភាព បាននិមន្តទៅជាវទ្វារ បង្អួច និង សន្លឹកក្តារខ្លះ (ឈើផឹ្ចក និងឈើសុក្រំ) ពីជាងឈើនៅស្រុកជ័យសែន ខេត្តព្រះវិហារ សរុបចំនួន១២,៧៥០ គីប ដើម្បីយកមកបំពេញតម្រូវការសាងសង់ខាងលើ។ អាត្មាភាព ត្រូវការស្នើសុំដើម្បីដឹកចេញពីស្រុកជ័យសែន ខេត្តព្រះវិហារ មកកាន់វត្តបទុមរតនដីដុះ សង្កាត់វាលវង់ ក្រុង កំពង់ចាម ខេត្តកំពង់ចាម»។

ទោះយ៉ាងណា លិខិតនេះមិនមានឃើញការចុះហត្ថលេខាអនុញ្ញាតពីអភិបាលខេត្តព្រះវិហារនោះទេ។

លោក​ តាន់ គឹមសួរ ប្រធាន​ សមាគម​យុវជន​ស្រលាញ់​ធម្មជាតិ​បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីករណីដឹកឈើដោយគ្មានការអនុញ្ញាតតាមរថយន្តធុនធំបែបនេះ លោកបានធ្វើដំណើរពីភ្នំពេញប្រមាណជា៦ម៉ោង ដើម្បីសុំកិច្ចអន្តរាគមន៍បង្រ្កាប។ លោកបានអះអាងថា ដំបូងឡើយ លោកមិនបានដឹងថា រថយន្តនោះដឹកឈើរបស់វត្តនោះទេ។ សង្កាត់រដ្ឋបាលព្រៃឈើជ័យសែន បានបញ្ជាក់ច្បាស់ៗណាស់ថា «នេះគឺជាបទល្មើសជាក់ស្ដែង ហើយគ្មានឯកសារគ្រប់គ្រាន់មកបញ្ជាក់អំពីការចរាចរដឹកជញ្ជូនឈើនេះទេ»។

លោកបញ្ជាក់ថា ការសុំអនុញ្ញាតដឹកគឺមានតែជាង១២ម៉ែត្រគីបតែប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងឈើក្នុងរថយន្តធុនធ្ងន់នោះ គឺមានរហូតដល់ទៅជិត៣០ម៉ែត្រគីប។

លើសពីនោះ ថែមទាំងមានលាយជាមួយឈើប្រណិត ធ្នុង ដែលទើបតែកាត់ថ្មីៗ ដែលជាឈើដែលត្រូវបានហាមឃាត់ជាដាច់ខាតទៀតផង ដោយមិនមែនមានតែឈើផ្ចឹក និងឈើសុក្រំដូចការស្នើសុំនោះទេ។

លោកបានបញ្ជាក់ថា រថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ប្រហែលជាជិត៣០គីបលើសពីការស្នើសុំនោះ ត្រូវបានអន្តរាគមន៍ឱ្យដោះលែងវិញភ្លាមៗ ពីអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បន្ទាប់ពីមន្ត្រីកងរាជអាវុធហត្ថស្រុកជ័យសែន ខេត្តព្រះវិហារចាប់ បញ្ជូនទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន។

លោកគឹមសួរបានលើកឡើងដូច្នេះថា៖«ខ្ញុំមិនមែនចង់បង្កើតបញ្ហាទេ តែក្នុងនាមខ្ញុំដែលជាប្រជាជនម្នាក់ដែលគាំទ្ររាជរដ្ឋាភិបាល និងស្រលាញ់ធនធានធម្មជាតិ ខ្ញុំពិតជាមិនចង់ឃើញរូបភាពបំផ្លាញធនធានធម្មជាតិបែបនេះទេ។ ខ្ញុំ ក៏ដូចជាមហាជនដែរគឺឈរលើគោលជំហរនៃភាពត្រឹមត្រូវច្បាស់លាស់។ ព្រះសង្ឃធ្វើខុស គឺត្រូវទទួលទោសដូចប្រជាជនសាមញ្ញដូចគ្នា»។

លោកឃន ប្រុស នាយករដ្ឋបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា ឈើទាំងនោះគឺមិនមែនយកទៅបំរើផលប្រ​យោ​ជន៍បុគ្គលនោះទេ ប៉ុន្តែសម្រាប់យកទៅធ្វើការសាងសង់ ក្នុងវត្ត សម្រាប់បំរើផលប្រយោជន៍រួមរបស់សាធារណៈ។

លោកថ្លែងដូច្នេះថា៖«ម៉េចក៏មិនយល់ផង បើយកមកធ្វើផ្ទះលោក​ [ព្រះសង្ឃ]ទៅ អាហ្នឹងចាំថា តែនេះធ្វើសម្រាប់បំរើសាធារណៈនៅទីវត្តអារាម»។

លោកបន្តថា ឈើទាំងនោះនៅវត្ត ហើយបើមានអ្នកណាចង់ដឹងពីចំនួនប៉ុន្មានគីបនោះ ឱ្យទៅធ្វើការវាស់នៅទីនោះជាមួយនឹងព្រះសង្ឃទៅ។

ក្រោយពីឈើទាំងនោះ ត្រូវបានដឹកទៅដល់វត្តកាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ព្រះតេជគុណ ញ៉ សាវី បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្ត និងក្រសួងពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលក្នុងការទិញ និងដឹកឈើនោះយកទៅធ្វើទ្វារ​បង្អួចនៅសាលាឆាន់នោះ។

ការថ្លែងអំណរគុណនេះ ធ្វើឡើងតាមរយៈវីដេអូឃ្លីបមួយ ដែលបង្ហោះនៅលើហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពង់ចាម៕