រដូវក្តៅនិងការកើនឡើងនូវកំហាប់ក្លិនស្អុយនៃទឹកស្អុយ គឺជាកត្តាដែលបង្កឲ្យមូសអង្កាមរីកលូតលាស់បង្កបង្កើតកូនចៅបានយ៉ាងលឿន។ ខណៈដែលមូសអង្កាមមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្រសួងសុខាភិបាលក្រើនរំឭកឲ្យប្រុងប្រយ័ត្នមូសខ្លាដែលបង្កជំងឺគ្រុនឈាម។
ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ពលរដ្ឋនៅរាជធានីភ្នំពេញបានលើកឡើងពីការកើនឡើងនៃមូសអង្កាម ដែលមានចំនួនច្រើនខុសពីឆ្នាំមុនៗ និងបានស្នើឲ្យក្រសួងសុខាភិបាលចាត់វិធានការដូចជាការបាញ់ថ្នាំសម្លាប់មូសជាដើម។
លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា ការកើនឡើងនៃមូសអង្កាមនេះបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ដែលផ្តល់លទ្ធភាពក្នុងការបង្កាត់ពូជ ការកកើតមូស និងបំលាស់ទីនៃមូស រួមជាមួយនិងនិន្នាការនៃកើនឡើងចំនួនមូសក្នុងអំឡុងពេលរដូវប្រាំងពីខែវិច្ឆិកា រហូតដល់ខែមេសា។
លោកបន្តថា លោកបន្តថា ចំនួនមូសអង្កាមអាចថយចុះនៅពេលមានចរន្តទឹកថ្មីដែលនឹងកាត់បន្ថយកំហាប់ទឹកស្អុយ។
លោកថ្លែងថា៖ «ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលបានសហការព្យាយាមបាញ់ថ្នាំមូសជាបន្តបន្ទាប់ តែសត្វមូសកើតថ្មីលឿនដោយសារកំហាប់ទឹកស្អុយ»។
លោកស្នើសុំឲ្យសាធារណជន ចូលរួមកាត់បន្ថយទឹកដក់ស្អុយ ឬបាញ់ទឹកចូលកន្លែងទឹកដក់ស្អុយ ដែលនឹងជួយកាត់បន្ថយការកកើតមូសបានច្រើន។
លោកបន្តថា៖ «មូសអង្កាមចូលចិត្តខាំនៅវេលាយប់ ប៉ុន្តែវាមិនមែនជាមូសខ្លាបង្កគ្រុនឈាម ឬគ្រុនឈីកនោះទេ។ ពេលព្រលប់ សូមចូលមុង ឬកុំអង្គុយស្ងៀមនៅមួយកន្លែង ដែលនេះ ជាវិធីបង្ការមិនឲ្យមូសខាំបាន។ យើងសហការគ្នាធ្វើអនាម័យបរិស្ថានបានស្អាត ដើម្បីសុខភាពទាំងអស់គ្នា»។
លោក លី សូវ៉ាន់ ក៏លើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នបង្ការកុំឲ្យឆ្លងជំងឺគ្រុនឈាម និងបង្ការកុំឲ្យជំងឺនេះផ្ទុះឡើងនៅក្នុងសហគមន៍ តាមរយៈការបំផ្លាញជម្រកមូសខ្លា។
វិធានការបង្ការទាំងនោះរួមមានការបំផ្លាញប្រភពបង្កឲ្យមានដង្កូវទឹកដែលវិវត្តទៅជាមូសខ្លា ដូចជារបស់ដែលដក់ទឹក ឬ ព្រៃស៊ុបទ្រុបនៅក្បែរផ្ទះ។
ករណីមានរោគសញ្ញាក្ដៅខ្លួន លោកជំរុញឲ្យនាំអ្នកជំងឺទៅរកសេវាពិនិត្យព្យាបាលសាធារណៈឲ្យបានមុនរយៈពេល ៤៨ម៉ោង និងកុំព្យាយាមព្យាបាលជំងឺនេះដោយខ្លួនឯង ឬទៅព្យាបាលរកសេវាព្យាបាលដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាម។
នៅក្នុងឆ្នាំ២០២៤ ករណីជំងឺគ្រុនឈាមមានចំនួនសរុប ១៨ ៩៨៧ នាក់ ថយចុះ ៤៦ភាគរយ និងមានករណីស្លាប់ចំនួន ៤៦នាក់ ថយចុះជាងឆ្នាំមុនចំនួន ៥៣ នាក់ ៥៤ភាគរយ ធៀបនឹងឆ្នាំ២០២៣។
ក្នុងឆ្នាំ២០២៣ ករណីជំងឺគ្រុនឈាមមានចំនួន ៣៥ ៣៩០ នាក់ និងចំនួនអ្នកស្លាប់ចំនួន ៩៩នាក់៕