ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តួចផ្តើមអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ពីប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ប្រព័ន្ធចាក់វ៉ាក់សាំងកូវីដ-១៩ រួមទាំងការនាំចូល និងចែកចាយឧបករណ៍តេស្តរហ័ស ក៏ដូចជាឱសថព្យាបាលជំងឺកូវីដ-១៩។
គំនិតផ្ដួចផ្ដើមលើការអភិឌ្ឍន៍វិស័យបច្ចេកវិទ្យានេះ បានជំរុញឱ្យក្រសួងបង្កើតគំនិតច្នៃប្រឌិតថ្មីៗរហូតដល់យុទ្ធសាស្ដ្រថ្នាក់ជាតិធំៗចំនួន ៤។
លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា៖ «ពីឆ្នាំ២០២០-២០២៤ ក៏ជាអំឡុងពេលដែលរាជរដ្ឋាភិបាលបានអនុម័តឯកសារសំខាន់ៗចំនួន៤ គឺ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» «គោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២-២០៣៥» «គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០» និង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»។
លោកបានលើកឡើងពីសមិទ្ធផលសំខាន់ៗក្នុងពិធីបើកកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ដ ថ្ងៃទី៥ ខែកុម្ភៈនេះនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
ឯកសារទាំងអស់នេះ គឺជាប្រទីប និងជាត្រីវិស័យបំភ្លឺ និងនាំផ្លូវដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការជំរុញការអភិវឌ្ឍ និងការគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នូវវិស័យ៣ ដែលស្ថិតនៅក្នុងវិសាលភាពនៃការទទួលខុសត្រូវ។
លោក វ៉ាន់ដេត បានថ្លែងថា៖ «វិស័យទាំងបីនោះ រួមមាន វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬហៅថា វិស័យឌីជីថល ដើម្បីរួមចំណែកនៅក្នុងដំណើរការកសាងរដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងធុរកិច្ចឌីជីថល សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គមទាំងមូល»។
លោកបានលើកឡើងថា រយៈពេល៥ឆ្នាំនេះ ក្រសួងសម្រេចបានការរៀបចំកិច្ចការរដ្ឋបាល ដែល ធានាបានរំហូរការងារលឿនរហ័ស និងមានតម្លាភាព តាមរយៈការប្រើប្រាស់ប្រព័ន្ធអនុម័តឯកសារផ្ទៃក្នុង (DWF) និងប្រព័ន្ធគ្រប់គ្រងផ្សេងទៀត ព្រមទាំងសម្រេចបានការពង្រឹងការងារគ្រប់គ្រងហិរញ្ញវត្ថុ ដោយផ្តោតទៅលើ ការកែសម្រួលយន្តការប្រមូលចំណូល និងការគ្រប់គ្រងចំណាយឱ្យចំគោលដៅ។
ជាក់ស្តែងពីឆ្នាំ២០២០-២០២៤ ថវិកាជាតិ និងវិភាគទានមូលនិធិ ត្រូវបានប្រមូលសរុបប្រមាណ ៨០៤លានដុល្លារ បើប្រៀបធៀបទៅនឹងចំណូលថវិកាជាតិនិងវិភាគទានមូលនិធិក្នុងរយៈពេល ២០១៥-២០១៩ ដែលប្រមូលបាន ចំនួនប្រមាណ ២១៦លានដុល្លារអាមេរិក។
លោករដ្ឋមន្រ្ដី បានបន្ដថា វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ត្រូវបានប្រែក្លាយទៅជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយបែងចែកតួនាទីភារកិច្ចការងារច្បាស់លាស់ដោយមិនឱ្យមានការចុះត្រួតពិនិត្យស្ទួនគ្នារវាងអគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង កែទម្រង់សហគ្រាសទូរគមនាគមន៍កម្ពុជា និងប្រៃសណីយ៍កម្ពុជា។
ស្ថិតក្នុងចំណោមអាទិភាពគន្លឹះ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្រសួងបានបន្ដអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតប ទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា។
រាជរដ្ឋាភិបាលផ្ដោតលើអាទិភាព៥ គឺការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តឌីជីថល ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល និង ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។
លោក វ៉ាន់ដេត ទទួលស្គាល់ថា ការប្រែក្លាយពីសេដ្ឋកិច្ចប្រពៃណីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលតាមរយៈការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះ ទាមទារនូវការជំរុញការអភិវឌ្ឍវិស័យឌីជីថល ដោយប្រមូលផ្តុំការគិតគូរ និងការដាក់ចេញនូវវិធានការការងារសំខាន់ៗ។
លោកបន្ដថា ក្នុងដំណើរវិវឌ្ឍន៍នៃបរិវត្តកម្មឌីជីថលនេះអាចនឹងកើតមានឡើងនូវហានិភ័យនៃការប្រើប្រាស់ឧបករណ៍ឌីជីថលខុសឆ្គងសម្រាប់បម្រើឱ្យគោលបំណងមិនល្អ និងមិនសុចរិត ដូចជា ការផ្តល់ព័ត៌មានក្លែងក្លាយ និងបោកប្រាស់ ការចូលទៅទាញយកមកប្រើប្រាស់ទិន្នន័យ ឯកជនដោយពុំមានការអនុញ្ញាត ដើម្បីកេងចំណេញ ឬកេងប្រវញ្ច និងការប្រព្រឹត្តបទឧក្រិដ្ឋតាមអ៊ីនធឺណិតជាដើម។
នេះតម្រូវឱ្យមានការកសាងបទដ្ឋានគតិយុត្ត និងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ដែលជាមូលដ្ឋាន គ្រឹះដ៏ចាំបាច់ដើម្បីគាំទ្រដល់ការពង្រឹងសន្តិសុខសាយប័រ ក៏ដូចជាការការពារឯកជនភាពបុគ្គល។
លោកបានឱ្យដឹងថា៖ «ថ្នាល DGPost ត្រូវបានអភិវឌ្ឍដើម្បីគាំទ្រ និងបម្រើសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ និងគាំទ្រដល់ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក»។
ក្នុងយុគសម័យឌីជីថល គ្រប់ទិដ្ឋភាពសង្គម-សេដ្ឋកិច្ចបានចាប់យកបច្ចេកវិទ្យាឌីជីថលជាមូលដ្ឋានក្នុង ប្រតិបត្តិការ និងជាឃ្នាស់ក្នុងការអភិវឌ្ឍ ដែលញ៉ាំងឱ្យវិស័យទូរគមនាគមន៍កាន់តែមានតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបាន។
លោកបានថ្លែងថា៖ «ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជំរុញជាបន្តបន្ទាប់ឱ្យមានការវិនិយោគ សាងសង់ស្ថានីយអង់តែនថ្មីៗបន្ថែមទៀតនៅតាមបុរី តាមបណ្តាខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ និងនៅតាម បណ្តាខេត្ត បើទោះបីជាត្រូវប្រឈមមុខជាមួយបញ្ហាមួយចំនួន»។
បញ្ហាទាំងនោះ រួមាមន កង្វះកិច្ចសហការក្នុងការផ្តល់ទីតាំង សម្រាប់សាងសង់ស្ថានីយអង់តែន និងការតវ៉ារារាំងមិនឱ្យសាងសង់ដោយមានការយល់ខុសអំពីផលប៉ះពាល់សុខភាពដែលបណ្តាលមកពីស្ថានីយអង់តែន ជាដើម។
នៅក្នុងដំណើរការគ្រប់គ្រង និងអភិវឌ្ឍវិស័យឌីជីថល ក្រសួងបានដាក់ចេញវិធានការការងារលើ ការកសាងគោលនយោបាយ បទដ្ឋានគតិតយុត្ត ការធ្វើនិយ័តកម្មវិស័យឌីជីថល ការជំរុញធុរកិច្ចថ្មីឌីជីថល ការអនុវត្តគម្រោងស្រាវជ្រាវ អភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេសបច្ចេកវិទ្យាឌីជីថលឈានមុខថ្មីៗ។
ទាំងនោះ រួមមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាភ្លោះ បច្ចេកវិទ្យាប្លុកឆេន និងបច្ចេកវិទ្យាអ៊ីនធឺណិតនៃវត្ថុ ជាដើម ព្រមទាំងការលើកកម្ពស់ការកសាងរដ្ឋាភិបាលឌីជីថល ការរួមចំណែកក្នុងការកសាងពលរដ្ឋឌីជីថល និងការពង្រឹងសន្តិសុខឌីជីថល។
ថ្នាល និងកម្មវិធីឌីជីថលចំនួន ៥ ដែលត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ រួមមាន ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ជាប្រយោជន៍ដល់ក្រសួងស្ថាប័ន និងគ្រឹះស្ថានអប់រំប្រើប្រាស់ ក៏ដូចជានាំមកនូវកិត្តិយស និងកិត្តិនាមដល់ប្រទេសជាតិក្នុងឆាកអន្តរជាតិផងដែរ។
ក្រសួងបាននិងកំពុងអភិវឌ្ឍថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថលមួយចំនួនផ្សេងទៀតជាបន្តបន្ទាប់ ជាពិសេសបានគិតគូរដល់ការអភិវឌ្ឍថ្នាល DG SuperApp ដើម្បីដាក់ឱ្យដំណើរការសាកល្បងនាពេលខាងមុខ៕