ភ្នំពេញ៖ កេរតំណែល​មុខ​ម្ហូប​ខ្មែរ​ត្រូវបាន​លើក​យក​មក​បង្ហាញ​ក្នុង​​ពិធី​បង្ហាញ​ការ​ចម្អិនម្ហូប​របស់​គម្រោង CAPFISH-Capture៖ ភោជនាហារ​ធ្វើ​ពី​ត្រី​ខ្មែរ ដើម្បី​អបអរ​វិស័យ​ជលផល​កម្ពុជា ក្នុង​គោលដៅ​ផ្សព្វផ្សាយ​អំពី​សិល្បៈ​ដ៏​សម្បូរបែប​ក្នុងការ​ចម្អិនម្ហូប​ដោយ​ប្រើប្រាស់​ត្រី​ក្នុងស្រុក ​និង​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព​​។

កម្មវិធី​​កាលពីថ្ងៃទី​៥ ខែកុម្ភៈ ​​ក្រោម​ប្រធានបទ «​បរិភោគ​ត្រី​ក្នុងស្រុក​៖ ជា​អាហារ​សុខភាព​ដើម្បី​អភិវឌ្ឍន៍​សហគមន៍​» រៀបចំឡើងដោយមានការគាំទ្រពីសហភាពអឺរ៉ុប (EU) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO)។

លោក​ ឌិ​ត ទីណា  រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ធ្វើជា​អធិបតី​ក្នុង​កម្មវិធីលើក​កម្ពស់​មុខ​ម្ហូប​ពី​ត្រី​ខ្មែរ​នេះ បាន​ថ្លែងថា ធនធាន​ជលផល​នៅ​កម្ពុ​ជាមាន​ច្រើន​សម្បូរបែប​តាំងពី​បុរាណកាល​មកទល់​បច្ចុប្បន្ន ដូច​មាន​បង្ហាញ​តាមរយៈ​ចម្លាក់​មច្ឆជាតិ​នៅលើ​ថែវ​នៃ​ប្រាសាទអង្គរវត្ត​និង​ប្រាសាទបាយ័ន​។

ស្ដង់ម្ហូបអាហារខ្មែរបរិវេណក្រសួងកសិកម្ម នៅថ្ងៃទី៥ ខែកុម្ភៈ ក្រោមប្រធានបទ «បរិភោគត្រីក្នុងស្រុក៖ ជាអាហារសុខភាពដើម្បីអភិវឌ្ឍន៍សហគមន៍» ដើម្បីលើកកម្ពស់ផលិតផលជលផលប្រកបដោយចីរភាព។ រូបថត សហការី

លោក​បាន​លើកឡើងថា​៖ «​ភាពសម្បូរ​បែបនេះ ក្រៅពី​ជួយ​ឱ្យ​ប្រជាជនមាន​ហូប មានន័យថា​មាន​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ ក្រសួង​ក៏បាន​គិតគូរ​ដល់​ការជំរុញ​ជីវភាព​ប្រជា​នេសាទ​និង​វា​រី​វប្បករ​ឱ្យ​មានបាន​ថែមទៀត ដោយ​សហការ​ជាមួយ​អង្គការ​ដៃគូ​ក្នុងការ​គាំទ្រ​និង​លើកទឹកចិត្ត​ឱ្យ​ប្រជា​នេសាទ​និង​វា​រី​វប្ប​ករចេះ​ប្រើប្រាស់​ធនធាន​ជលផល​ដើម្បី​បង្កើន​តម្លៃបន្ថែម​ខ្ពស់ តាមរយៈ​ការកែច្នៃ​ជា​ម្ហូប​ប្រណិត ឈ្ងុយឆ្ងាញ់ និង​សម្បូរ​ជីវជាតិ​ល្អ​សម្រាប់​សុខភាព​»។

​វាក៏ជាការ​​បង្កើត​ឱកាស​អាជីវកម្ម​សម្រាប់​សហគ្រាស​ជលផល​ខ្នាត​មីក្រូ តូច និង​មធ្យម (MSMEs) ជាពិសេស​សហគ្រាស​គ្រប់គ្រង​ដោយ​ស្ត្រី​ និង​យុវវ័យ​។

​កម្មវិធី​នេះ​បានផ្តល់​ឱកាស​ឱ្យ​សហគមន៍​មូលដ្ឋាន សហគ្រាស​កែច្នៃ​ជលផល តំណាង​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ បាន​ជួបពិភាក្សា​ និង​ប្រឹងប្រែង​រួមគ្នា​ដើម្បី​លើកកម្ពស់ ​និង​ផ្សព្វផ្សាយ​អំពី​ការ​ចម្អិន​មុខម្ហូប​ផ្សេងៗ​ពី​ត្រី​ឱ្យបាន​ទូលំទូលាយ​ និង​ជំរុញ​ការ​បរិភោគ​ផលិតផល​ជលផល​ប្រកបដោយ​និរន្តរភាព​។

យោងតាម (UNIDO) បាន​ឱ្យដឹងថា​៖ «វិស័យ​ជលផល បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធានា​សន្តិសុខ​ស្បៀង​ដោយហេតុថា ប្រូតេអ៊ីន​នៃ​របប​អាហារ​សម្រាប់​គ្រួសារ​ខ្មែរ ៧៦ភាគរយ​ ទទួលបាន​មកពី​ត្រី  បន្ថែម​លើ​ការបង្កើត​ការងា​ប្រមាណ​ជា ២ លាន​នៅ​ទូទាំងប្រទេស​»។​

របាំចូកកំពឹសត្រូវបានសម្ដែងក្នុងកម្មវិធី CAPFISH-Capture៖ ភោជនាហារធ្វើពីត្រីខ្មែរ ដែលបង្ហាញពីកេរតំណែលនេសាទដូនតាខ្មែរ។ រូបថត សហការី

គ្រួសារ​ខ្មែរ​ទូទៅ នៅតែ​បន្ត​ពេញនិយម​ទទួលទាន​មុខម្ហូប​បែប​ប្រពៃណី​ខ្មែរ​ដូចជា ប្រហុក​ខ្ទិះ ត្រីងៀត ផ្អក និង​ត្រីឆ្អើរ​ជាដើម​។

ប៉ុន្តែ​ដោយ​មើលឃើញ​ពី​និន្នាការ​សកល​បាន​កំពុង​ជះឥទ្ធិពល​មកលើ​ទម្លាប់​នៃ​ការបរិភោគ ​និង​ចំណង់​ចំណូលចិត្ត​របស់​យុវវ័យ​នាពេល​បច្ចុប្បន្ន​ឲ្យ​ងាក​មក​ទទួលទាន​មុខម្ហូប​បែប​បរទេស កម្មវិធី​របស់​យើង​បាន​អញ្ជើញ​ចុងភៅ​មកពី​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា (ACAC) ដើម្បី​ចម្អិនម្ហូប​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នូវ​មុខម្ហូប​បែប​សម័យ​ម​ផ្សេងៗ ​ដូចជា ស៊ូ​ស៊ី និង​សា​ស៊ី​មី​ធ្វើ​ពី​ត្រី​ខ្មែរ​ជាដើម ក្នុង​គោលដៅ​បង្ហាញ​ពី​ភាពសម្បូរ​បែប​នៃ​ផលិតផល​ជលផល​កម្ពុជា​និង​សារៈសំខាន់​នៃ​ការប្រើប្រាស់​ធនធាន​ប្រកបដោយ​និរន្តរភាព​។​

​លោក Gunther BEGER នាយក​គ្រប់គ្រង​អគ្គនាយកដ្ឋាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​អង្គការ UNIDO បាន​ថ្លែងថា​ ​៖ «​កិច្ចសហការ​របស់​យើង​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ និង​ភាគី​ពាក់ព័ន្ធ មាន​សារៈសំខាន់​ណាស់​សម្រាប់​បណ្តុះ​គំនិត​ច្នៃប្រឌិត ដើម្បី​​​ធានា​​​ភាពរស់រវើក ​និង​ការ​​ប្រកួតប្រជែង​របស់​វិស័យ​ជលផល​។ កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​យើង ពិតជា​នឹង​រួមចំណែក​ជំរុញ​ឱ្យ​​មានការ​ផ្លាស់ប្តូរ​ និង​ធានា​នូវ​អនាគត​ដ៏​ស្រស់​ផូរផង់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប»​។​​

លោក ឌិត ទីណា បានស្នាដៃចម្អិនម្ហូបធ្វើពីត្រីដើម្បីផ្សព្វផ្សាយផលិតផលជលផលដ៏សម្បូររបស់កម្ពុជា។ រូបថត សហការី

​លោក ឃួន អេ​វី​រ៉ា​ត លេខា​ទី​១ ​អនុប្រធាន​ផ្នែក​សហប្រតិបត្តិការ​នៃ​ស្ថាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើងថា ព្រឹត្តិការណ៍​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​ភាព​អឺរ៉ុប​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ជលផល​របស់​កម្ពុជា​ប្រកបដោយ​ចីរភាព តាមរយៈ​ការជួយ​ឱ្យ​សហគមន៍​មូលដ្ឋាន​រីកចម្រើន ​និង​ការពារ​ធនធានធម្មជាតិ​ក្នុងពេល​ដំណាលគ្នា​។

លោក​បានថ្លែងថា​៖ «​ការលើកស្ទួយ​មុខម្ហូប​ធ្វើ​ពី​ត្រី​ខ្មែរ មិន​ត្រឹមតែ​បង្កើត​វប្ប​ធ៌​ម​នៃ​ការទទួលបាន​អាហារ​មាន​សុវត្ថិភាព​ដើម្បី​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រួមចំណែក​ជំរុញ​ផ្នែក​ទេសចរណ៍​និង​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច​ផងដែរ​»​៕ ​